ថៅកែចម្ការកៅស៊ូម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីវេលាម៉ោងប្រមាណ១០ និង១៥នាទីព្រឹក នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣នេះ ខណៈជនរងគ្រោះជាថៅកែកំពុងដើរត្រួតពិនិត្យ និងថែទាំកូនកៅស៊ូ ក្នុងចម្ការឋិតនៅភូមិពីង ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលជាថៅកែចម្ការកៅស៊ូត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នោះ មានឈ្មោះ តែ ម៉ូវសែ ភេទប្រុស អាយុ៥១ឆ្នាំ មានស្រុកកំណើតនៅខេត្តកណ្តាល និងមានទីលំនៅភូមិពីង ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរងគ្រោះត្រូវខ្មាន់កាំភ្លើងប្រើអាវុធប្រភេទAK57 បាញ់ទម្លុះពីក្រោយខ្នង ធ្លាយមកដើមទ្រូងចំនួន១គ្រាប់ ដោយបន្សល់ទុកនូវសម្បកគ្រាប់កាំភ្លើងឋិតនៅចម្ងាយពីសាកសពជនរងគ្រោះប្រមាណ៦ម៉ែត្រ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលមានករណីបាញសម្លាប់ជនរងគ្រោះគឺជនរងគ្រោះ បានបើកត្រាក់ទ័រដើម្បីភ្ជួរស្មៅតាមរងដើមកៅស៊ូ។ បន្ទាប់មកបានបញ្ឈប់ និងចុះពីលើត្រាក់ទ័រទាញយកកន្ត្រៃដើម្បីកាត់ច្រឹបដើមកូនកៅស៊ូក៏ត្រូវខ្មាន់កាំភ្លើងលបបាញ់ពីក្រោយ ចេញពីគុម្ពោធព្រៃបណ្តាលឲ្យជនរងគ្រោះស្លាប់ក្នុងថ្លុកឈាមតែម្តង។ រីឯសាកសពជនរងគ្រោះត្រូវបានកម្មករប្រទះឃើញ បន្ទាប់ពីប្រពន្ធជនរងគ្រោះបានប្រើកម្មកររូបនោះឲ្យទៅហៅជនរងគ្រោះមកហូបបាយ។
ពាក់ព័ន្ធនឹងអំពើឃាតុកម្មនេះ សមត្ថកិច្ចបានសន្និដ្ឋានជាបឋមថា ជនរងគ្រោះត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ព្រោះតែរឿងគំនុំផ្ទាល់ខ្លួន មិនមែនជាករណីប្លន់នោះទេ ព្រោះក្រោយការបាញ់សម្លាប់ជនសង្ស័យមិនបានយកសម្ភារៈណាមួយរបស់ជនរងគ្រោះឡើយ៕
Source from: www.dtn7.com
Post a Comment