រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣នេះ ឡានទួរីសរបស់ កាកបាទក្រហមកម្ពុជា ដែលដឹកអ្នកកាសែត ដើរតាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចុះទៅចែកអំណោយ នៅខេត្តបាត់ដំបង បានបុកគូទឡានក្រុងកាពីតូល នៅចំណុចឃុំព្រៃស្វាយ ស្រុកមោងឫស្សី ជាប់នឹងព្រំប្រទល់ខេត្តពោធិ៍សាត់ បណ្តាលឲ្យអ្នកកាសែតស្លាប់ចំនួន ២ នាក់ និងរបួសធ្ងន់ ស្រាលបាក់ដៃបាក់ជើងចំនួន៥ នាក់ផ្សេងទៀត។
ឡានរបស់កាកបាទក្រហមនោះ ជាប្រភេទឡាន ១២ កៅអី ដឹកអ្នកកាសែត ហើយបើកទៅបុកគូទ ឡានក្រុង របស់ក្រុមហ៊ុនកាំពីតូល។ ជនរងគ្រោះដែលស្លាប់រួមមានលោក ទី អ៊ុយសុង ជាអ្នកកាសែតកោះសន្តិភាព និងអ្នកបើកបរម្នាក់ទៀតឈ្មោះ ពិសិដ្ឋ ជាមន្ត្រីកាកបាទក្រហម ដែលអង្គុយនៅបាំងខាងមុខ ។ ចំណែក លោក ស្រ៊ូយ នីកា ជាអ្នកកាសែតរស្មីកម្ពុជា បានរងរបួសធ្ងន់ ហើយអ្នកកាសែត ៤នាក់ផ្សេងទៀត ក៏បានរងរបួសធ្ងន់ស្រាលផងដែរ។
មុនពេលកើតហេតុ ឡានទួរីសរបស់ កាកបាទក្រហម និងឡានក្រុងបើកបរ ក្នុងទិសដៅស្របទិសគ្នា ពីភ្នំពេញ ទៅកាន់ខេត្តបាត់ដំបង ហើយឡានទួរីសបានជែង រថយន្តមួយគ្រឿងនៅខាងមុខ ក៏ជ្រុលទៅបុក គូទឡានក្រុងតែម្តង។ តែប្រភពមួយទៀតបានបញ្ជាក់ថា ឡានក្រុងបានអែបដាក់ម៉ូយ ពេលបើកចេញមកវិញ ក៏ត្រូវឡានទួរីសបើកបុក ពីក្រោយតែម្តង។ អ្នកស្លាប់ត្រូវបានដឹកបញ្ជូន មកភ្នំពេញវិញ ហើយអ្នករងរបួស ត្រូវនាំទៅព្យាបាល នៅមន្ទីរពេទ្យ៕
Source from: watphnom-news.com























Loading...




Post a Comment