រាជធានីភ្នំពេញ ៖ រថយន្តតួរីសដឹកផ្លែឈើ លើសចំណុះបានបែកកង់ ក្រឡាប់ផ្ងារជើង កាលពីវេលាម៉ោង ១និង៣០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ នៅចំណុចមុខ វត្តគោកខ្សាច់ តាមផ្លូវជាតិលេខ៣ក្នុងភូមិស្រែញ័រ សង្កាត់ពងទឹក ខណ្ឌដង្កោ បណ្តាលឲ្យកិនស្ត្រី ជនជាតិវៀតណាមម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម ហើយបុរសជាអ្នកបើកបរ បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីផ្លោងចេញពីរថយន្តជាច្រើនម៉ែត្រ។
មុនពេលកើតហេតុ រថយន្តតួរីស ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2T 7827 បើកបរដោយបុរសម្នាក់ រួមដំណើរដោយស្ត្រី ជនជាតិវៀតណាមម្នាក់ទៀត ដំណើរតាមបណ្តោយ ផ្លូវជាតិលេខ ៣ ពីត្បូងទៅជើង ដោយដឹកផ្លែឈើ មកពីប្រទេសវៀតណាម យកមកដាក់នៅម្តុំផ្សារដើមគរ នឹងផ្សារនាគមាស ។ ពេលកំពុងបើកបរក្នុងល្បឿនលឿន រួមទាំងដឹកផ្លែឈើ លើសចំណុះទៀតនោះ រថយន្តបានបែកកង់ឆ្វេង ផ្នែកខាងក្រោយ បណ្តាលឲ្យរេចង្កូត ក្រឡាប់ផ្ងារជើង។
ក្នុងហេតុការណ៍នោះ ស្ត្រីជនជាតិវៀតណាម ត្រូវរថយន្តក្រឡាប់កិន ស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុ ហើយបុរសជាអ្នកបើកបរ បានខ្ទាតចេញពីរថយន្តជិត ១០ ម៉ែត្រ ត្រូវរងរបួសធ្ងន់ធ្ងរ ។ រថយន្តបង្កហេតុបានរងការខូចខាតទាំងស្រុង ចំណែកសាកសពស្រី្ត និងបុរសរងគ្រោះ សមត្ថកិច្ចនៅមិនទាន់ អាចបញ្ជាក់ពីអត្តសញ្ញាណ នៅឡើយទេ៕
Source from: watphnom-news.com























Loading...




Post a Comment