នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៣នេះ គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនមួយដោយបញ្ជាក់ជំហរសាជាថ្មីថា ការធ្វើមហាបាតុកម្មនៅថ្ងៃទី២៣-២៤-២៥ ខែតុលា ឆ្នាំ២០១៣ ប្រព្រឹត្តទៅដោយសន្តិវិធី និងអហិង្សា។
គណបក្សសង្គ្រោះជាតិ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលចូលរួមធ្វើមហាបាតុកម្មទាំងអស់ត្រូវរក្សាឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ ដើម្បីធានាដល់ដំណើរការមហាបាតុកម្មឲ្យប្រកបដោយសន្តិវិធី និងគ្មានអំពើហិង្សា។ ជាមួយគ្នានេះដែរគណបក្សសង្គ្រោះជាតិ បានអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចចូលរួមទទួលខុសត្រូវឲ្យបានពេញលេញក្នុងការដោះស្រាយបញ្ហានានា ជាមួយប្រជាពលរដ្ឋ ឬបាតុករប្រកបដោយសន្តិវិធីចៀសវាងការប្រើអំពើហិង្សា ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយណាដែលអាចកើតមានជាយថាហេតុក្នុងអំឡុងពេលនៃការធ្វើមហាបាតុកម្មនេះ។
គណបក្សសង្គ្រោះជាតិ ក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចស៊ើបអង្កេតឲ្យបានត្រឹមត្រូវ និងចាត់វិធានការឲ្យបានច្បាស់លាស់ចំពោះជនខិលខូច និងជនឱកាសននិយមទាំងឡាយណាដែលឆ្លៀតឱកាសបង្កបញ្ហាឬចលាចលផ្សេងៗក្នុងមហាបាតុកម្មនេះ៕
Source from: www.dtn7.com
Post a Comment