រាជធានីភ្នំពេញ ៖ ស្ដ្រីជាម្ចាស់ផ្ទះម្នាក់ឈ្មោះ នុត សុភ័ក្ដ្រ អាយុ ៣០ ឆ្នាំជាអ្នកលក់ប្រហិត នៅផ្សារគីឡូលេខ៤ ស្នាក់នៅផ្ទះជួលលេខ ១១៧ បន្ទប់លេខ១៤ ផ្លូវលេខ១៣៨ ក្រុម៨ ភូមិ២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក បានប្រើអំពើហិង្សាធ្វើទារុណកម្ម ទៅលើក្មេងប្រុសអាយុ ១៥ឆ្នាំដែលជាអ្នកបម្រើរងរបួសជាំពេញខ្លួន ហើយបានរត់ចេញពីផ្ទះ កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ ។
សមត្ថកិច្ចបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ ឌួង សូរ អាយុ ១៥ឆ្នាំ ស្នាក់នៅជាមួយស្ដ្រីខាងលើ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា។ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ មានករណីប្រើហិង្សា ទៅលើកូនឈ្នួលរបស់ខ្លួន នៅចំណុចផ្ទះរបស់ស្ដ្រីខាងលើ រហូតក្មេងប្រុសទ្រាំមិនបាន ក៏រត់ចេញពីផ្ទះមកប្រាប់ប្រជាពលរដ្ឋ ដែលនៅក្បែរនោះថា ម្ចាស់ផ្ទះប្រើអំពើហិង្សា មកលើខ្លួនដោយប្រើអំបោស រំពាត់ ខ្សែភ្លើង វាយមកលើដងខ្លួនជាញឹកញាប់ រហូតជាំពេញខ្លួន។
បន្ទាប់ពីដឹងថា មានករណីប្រើហិង្សា លើកូនឈ្នួលខ្លួនឯង ជាអនីតិជនបែបនេះ អ្នកជិតខាងក៏បាននាំ ក្មេងប្រុសរងគ្រោះមកដាក់ ពាក្យបណ្ដឹងនៅសាលា សង្កាត់ទឹកល្អក់ទី១ ហើយមន្ត្រីសង្កាត់ បានរាយការណ៍ទៅសមត្ថកិច្ច ចុះឃាត់ខ្លួនស្ដ្រីខាងលើ មកសួរនាំ ។ ដោយមានសាក្សី និងភស្តុតាងបែបនេះ គេយល់ថា ស្ដ្រីដែលប្រើអំពើហិង្សា លើក្មេងប្រុសខាងលើ ត្រូវឃាត់ខ្លួនដើម្បីកសាង សំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ចៀសមិនផុតឡើយ៕
Source from: watphnom-news.com























Loading...




Post a Comment