រាជធានីភ្នំពេញ ៖ យុវជនពីរនាក់បានរងរបួសធ្ងន់ សន្លប់ស្តូកស្តឹងនៅនឹងកន្លែង ដោយសាររថយន្តកូរ៉ូឡាមួយគ្រឿង បើកបុកពួកគេប៉ើងចេញ ពីម៉ូតូជិត ១០ម៉ែត្រ កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះ សុខ វិសាល អាយុ ២០ឆ្នាំ ជាកម្មកររោងចក្រ និងរួមដំណើរពីក្រោយ មានឈ្មោះ ហុង សី អាយុ ២០ឆ្នាំ ជាកម្មកររោងចក្រ រងរបួសជើង អ្នកទាំងពីររស់នៅភូមិស្ដុក ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ជនរងគ្រោះជិះ ម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០១០ ពាក់ស្លាកលេខភ្នំពេញ 1AL-4180 រីឯរយន្ដបង្កម៉ាក កូរ៉ូឡាពណ៌ស្ករ ពាក់ស្លាកលេខ កំពង់ចាម 2A-0845 ។
មុនពេលកើតហេតុគេឃើញ ម៉ូតូជនរងគ្រោះ ជិះឌុបគ្នាក្នុងទិសដៅពីលិចទៅកើត ច្រាសទិសគ្នាជាមួយរថយន្ដ លុះដល់ចំណុចកើតហេតុ រថយន្ដនោះបានបត់ឆ្វេង ចូលទៅភូមិកន្លែងកើតហេតុ ខណៈដែលកំពុងបត់នោះ ស្រាប់តែម៉ូតូមកដល់ ក៏ជ្រុលបុកគ្នាតែម្ដង បណ្ដាលឲ្យជនរងគ្រោះ ផ្លោងធ្លាក់លើចិញ្ចើម ប្រឡាយទឹកស្អុយ រងរបួសធ្ងន់ទាំងពីរនាក់តែម្ដង៕
Source from: watphnom-news.com























Loading...




Post a Comment