រាជធានីភ្នំពេញ ៖ បុរសម្នាក់បន្ទាប់ពីផឹកស្រាស្រវឹង បានរករឿងដេញ វាយប្រពន្ធកូន ផ្អើលពេញផ្ទះ ហើយដោយសារដេញវាយប្រពន្ធមិនបាន ក៏ខឹងសម្បាបែកគំនិត យកភ្លើងទៅដុតផ្ទះខ្លួនឯង ឆេះខ្ទេច នៅសល់តែគ្រោងឆ្អឹង កាលពីវេលាម៉ោង ៤ រសៀល ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៣ នៅក្នុងភូមិព្រៃក្រោល ឃុំព្រៃមូល ស្រុករលាប្អៀរ។
ប្តីចិត្តកំណាចមានឈ្មោះ សូត្រ វ៉ាយ អាយុ ៣៦ ឆ្នាំ និងស្ត្រីជាប្រពន្ធឈ្មោះ អ៊ឹម ថាត អាយុ៣៤ឆ្នាំ មានកូនពីរនាក់ នៅក្នុងបន្ទុក និងមានទីលំនៅ ក្នុងភូមិឃុំកើតហេតុខាងលើ។ ស្ត្រីជាប្រពន្ធ បានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុ ប្តីរបស់គាត់ បានចេញទៅផឹកពេញមួយថ្ងៃ នៅពេលត្រឡប់មកវិញ ក្នុងអាការៈស្រវឹងដាប និងបានសុំលុយគាត់ចំនួន ១០ ម៉ឺនរៀល ដើម្បីយកទៅផឹកបន្តទៀត។
ប៉ុន្តែស្ត្រីជាប្រពន្ធបានប្រាប់ថា អត់មានលុយទេថ្ងៃនេះ សូម្បីតែអង្ករដាំបាយ ហូបក៏គ្មានដែរ។ ដោយសារទារលុយមិនបាន ប្តីចិត្តកំណាចបានទាញដំបង ដេញវាយគាត់ ប៉ុន្តែវាយអត់ត្រូវ ដោយសារគាត់គេចទាន់ និងចុះរត់ពីលើផ្ទះ ទៅអោយអ្នកស្រុកជួយ។ ដោយសារតែខឹង ដេញវាយគាត់មិនបាន ប្តីចិត្តកំណាចបានយកភ្លើងទៅដុតផ្ទះ ឆេះសន្ធោរសន្ធៅតែម្តង អត់មានអ្នកណា ហ៊ានចូលជួយពន្លត់ទេ ៕
Source from: watphnom-news.com























Loading...




Post a Comment