ក្រោយលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត «គ.ជ.ប » បានបង្ហាញអំពីភាពប្រកៀកប្រកិត នៃសន្លឹកឆ្នោតដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិទទួលបាន និងក្រោយជំនួបកំពូលរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សនយោបាយទទួលបានអាសនៈនៅក្នុងរដ្ឋសភាទាំងពីរនាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ដោយព្រមព្រៀងគ្នានឹងបង្កើតយន្តការមួយដើម្បីកែទម្រង់ការបោះឆ្នោតនាពេលខាងមុខនោះ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ កន្លងមក គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍អំពីការប្តេជ្ញាចិត្តរបស់ខ្លួនមានចំនួន៥ចំណុច លើការងារកំណែទម្រង់ ការបោះឆ្នោតនាពេលខាងមុខ ។
បន្តមកទៀត រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនមួយកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៣ ដោយលើកឡើង អំពីកិច្ចការចាំបាច់មួយចំនួនក្នុងន័យកំណែទម្រង់ការបោះឆ្នោតនាពេលខាងមុខដែលមាន២ចំណុច គឺ ៖
១- ប្រគល់ភារកិច្ចឲ្យក្រសួងមហាផ្ទៃសម្របសម្រួលរៀបចំសិក្ខាសាលាជាតិមួយ ដើម្បីប្រមែប្រមូលមតិយោបល់ និងអនុសាសន៍នានា ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ សំដៅកសាងឲ្យបាននូវក្របខ័ណ្ឌកំណែទម្រង់ការបោះឆ្នោតស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋ ។
២- សិក្ខាសាលាជាតិនេះគ្រោងនឹងរៀបចំនៅមុនដំណាច់ឆ្នាំ២០១៣ ដោយមានការចូលរួមពីតំណាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តំណាងគណបក្សនយោបាយដែលបានចុះបញ្ជី តំណាង គ.ជ.ប តំណាងសង្គមស៊ីវិល អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍នានា ស្ថាប័ន និងអ្នកពាក់ព័ន្ធដទៃទៀត ។
យោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា និងសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ជាហូរហែមកនេះ ហាក់ចង់បង្ហាញឲ្យឃើញថា គណបក្សប្រជាជនកម្ពុជាបានសន្យា និងប្តេជ្ញាចិត្តធ្វើការកែទម្រង់ការបោះឆ្នោត នាពេលខាងមុខ «មិនមែនពេលនេះទេ» ។ ប៉ុន្តែការសន្យា និងការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជានេះ ហាក់មិនបានធ្វើឲ្យប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ដែលគាំទ្រគណបក្សសង្គ្រោះជាតិជិត៣លាននាក់ មានទំនុកចិត្តឡើយ ដ្បិតពួកគេគិតថា មតិយោបល់និងអនុសាសន៍នានា ដែលបានផ្តល់ទាក់ទងនឹងការកែទម្រង់នោះ អាចគណបក្សប្រជាជនកម្ពុជា មិនយកមកពិចារណា គឺបានត្រឹមដាក់ចោលក្បែរជញ្ជាំង ឬក្រោមតុប៉ុណ្ណោះ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជាបានលើកឡើងថា អនុលោមតាមមាត្រា៧៧ និងមាត្រា ៧៨ នៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា គឺប្រជាពលរដ្ឋជាម្ចាស់ឆ្នោតមិនមានសិទ្ធិអំណាចអ្វីដើម្បីបង្ខិតបង្ខំឲ្យអ្នកតំណាងរាស្ត្រជាសមាជិករដ្ឋសភាមានអាណត្តិ៥ឆ្នាំនោះ គោរព ឬអនុវត្តន៍តាមពាក្យសន្យារបស់ខ្លួន ទាំងនៅមុនពេល ឬទាំងក្រោយពេលបោះឆ្នោតឡើយ ហើយបានត្រឹមទុកលទ្ធភាព និងពេលវេលាឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតពិចារណាមុននឹងប្រគល់សន្លឹកឆ្នោតជូននៅអាណត្តិក្រោយទៀត និងរង់ចាំមើលអ្នកតំណាងរាស្ត្រទាំងនោះ ទទួលផលតាមពាក្យសម្បថដូចមានចែងក្នុងសច្ចាប្រណិធានមុនចូលកាន់មុខតំណែងប៉ុណ្ណោះ ។
ដូច្នេះ គ្មានអ្វីជាបន្ទាល់ឲ្យបានជាក់លាក់ឡើយ ចំពោះការសន្យាកែទម្រង់នានារបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ៕
Source from: www.dtn7.com























Loading...




Post a Comment