ប្រភពព័ត៌មានពីអ្នកជ្រែទំនិញពីថៃចូលមកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានចំនួនយ៉ាងហោចណាស់១៣នាក់នោះបានឲ្យដឹងថា ក្រៅពីមន្ត្រីគយប្រចាំការនៅច្រកទ្វារដែលតម្រូវឲ្យមានការបង់លុយជាប្រចាំតាមថ្ងៃឬតាមសប្តាហ៍ឬតាមខែ គឺស្ថាប័នកាំកុងត្រូលក៏តម្រូវឲ្យបង់លុយដូចគ្នាមិនឲ្យរួចខ្លួនម្នាក់ណាឡើយ ហើយមិនមានបង្កាន់ដៃឬគល់បញ្ជីបង់ប្រាក់ថែមទៀត ។
ឈ្មួញជ្រែទំនិញម្នាក់បាននិយាយឲ្យដឹងថា គាត់ត្រូវបង់លុយឲ្យទៅមន្ត្រីកាំកុងត្រូលប្រចាំច្រកទ្វារប៉ោយប៉ែតប្រមាណពី១៥ម៉ឺនទៅ២០ម៉ឺនរៀល ក្នុង១សប្តាហ៍ តាមបរិមាណទំនិញតិចឬច្រើនដោយគ្មានវិក្កយបត្របង់ប្រាក់ច្បាស់លាស់នោះទេទោះបីទំនិញដែលគាត់នាំចូលស្របច្បាប់ឬមិនខូចគុណភាពក៏ដោយ ។
ក្រុមឈ្មួញនាំចូលទំនិញទាំងនោះបានលើកឡើងថា ការបង់ប្រាក់ក្រៅប្រព័ន្ធឲ្យទៅមន្ត្រីកាំកុងត្រូល និងមន្ត្រីពាក់ព័ន្ធដទៃទៀត គឺមានបន្ទុកធ្ងន់ធ្ងរជាងការបង់ប្រាក់ស្របតាមគោលការណ៍នៃការផ្តល់សេវាសាធារណៈ ចេញដោយប្រកាសរួមរវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធផ្សេងៗ ។
កម្មករអូសរទេះដឹកទំនិញនៅប៉ោយប៉ែតបាននិយាយថា រទេះរាប់រយគ្រឿងក្នុងមួយថ្ងៃៗ ដែលដឹកទំនិញទាំងស្របច្បាប់ ទាំងខុសច្បាប់ជាពិសេសប្រភេទទំនិញគ្រឿងឧបភោគ បរិភោគ ខូចគុណភាពដូចជា សាច់សត្វ មាន់ ក្រួច ….ក៏ដោយ ក៏ត្រូវបង់លុយឲ្យមន្ត្រីកាំកុងត្រូលទាំងអស់ដោយមិនចាំបាច់ឆ្លងកាត់ការត្រួតពិនិត្យល្អិតល្អន់អ្វីឡើយ ។
ក្រុមឈ្មួញនាំចូលទំនិញបានសំណូមពរឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល មេត្តាត្រួតពិនិត្យមើលលោក អ៊ុត សុភាព មេកាំកុងត្រូលខេត្តបន្ទាយមានជ័យផង កុំឲ្យងាកលុយៗខ្លាំងពេក តែបើតម្រូវឲ្យបង់លុយសូមចាត់ចែងឲ្យមានការបង់តាមគោលការណ៍នៃការផ្តល់សេវាសាធារណៈ ទើបមានតម្លាភាព និងយុត្តិធម៌ ៕
Source from: www.dtn7.com























Loading...




Post a Comment