រាជធានីភ្នំពេញ ៖ អគារស្នាក់ការថ្មី នៃគណៈកម្មាធិការជាតិអូឡាំពិច (NOCC) ត្រូវបានសាងសង់ឡើង ដើម្បីផ្តល់ជូន គណៈកម្មាធិការជាតិអូឡាំពិច និងសហព័ន្ធកីឡា បម្រើការងាររបស់ខ្លួន ហើយស្នាក់ថ្មីនេះមានទីធ្លាយ៉ាងធំទូលាយសម្រាប់ចតឡាននិងម៉ូតូ សម្រាប់មន្ត្រីសហព័ន្ធកីឡាផងដែរ។
ប៉ុន្តែមន្ត្រីមួយចំនួន បានលើកឡើងថា លោក កាំង សុធា ជាប្រធានព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈ កម្មធិការជាតិអូឡាំពិច បានយកទីធ្លាសម្រាប់ ចតឡាននិងម៉ូតូ របស់មន្ត្រីសហព័ន្ធកីឡា និងមន្ត្រីគណៈកម្មធិការជាតិអូឡាំពិច ទៅធ្វើអាជីវកម្មផ្ទាល់ខ្លួន ដោយយកទីតាំងនោះ ធ្វើជាកន្លែងជួល និងលក់ទ្បានឲ្យក្រុមឈ្មួញទៅវិញ ដែលទាមទារឲ្យលោក វ៉ាត់ ចំរើន ជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិច ពិនិត្យមើលបញ្ហានេះ ឡើងវិញផង។
មន្ត្រីខ្លះទៀតបានលើកឡើងថា អគារគណៈកម្មាធិការជាតិអូឡាំពិចថ្មីនេះ សម្រាប់បម្រើឲ្យវិស័យកីឡា និងជាផលប្រយោជន៍រួមប៉ុណ្ណោះ មិនមែនឲ្យលោក កាំង សុធា យកធ្វើជារបស់ផ្ទាល់ខ្លួន និងធ្វើអាជីវកម្មនោះឡើយ។ លោក កាំង សុធា ក៏បានបញ្ចេញឥទ្ធិពលរបស់ខ្លួន ប្រមូលលុយពីកន្លែងជួល និងលក់ទ្បាន គ្មានក្រែងញញើតអ្វីឡើយ។
មានការបញ្ជាក់ផងដែរថា ឡានមួយគ្រឿង ក្នុងមួយខែត្រូវបង់ ៣៥ ដុល្លារសម្រាប់ថ្លៃជួល ដែលក្នុងមួយខែៗ មានរថយន្តរាប់សិបគ្រឿង តែគេមិនច្បាស់ទេថា តើលោក កាំង សុធា ប្រមូលប្រាក់យកទៅជូន ថ្នាក់លើ ឬក៏យ៉ាងណានោះទេ។ ប៉ុន្តែគេធ្លាប់ឮលោក កាំង សុធា អះអាងថា ចំណូលដែលបានមក ពីការជួលទីធ្លាចតឡាន របស់សហព័ន្ធកីឡា គឺសម្រាប់បង់ថ្លៃសន្តិសុខ ការពារគណៈកម្មាធិការជាតិអូឡាំពិច៕
Source from: watphnom-news.com
Post a Comment