រាជធានីភ្នំពេញ ៖ រថយន្ដដឹកថ្មធុនធំមួយគ្រឿង បានប្រឹងបើកឡើងស្ពាន រោទិ៍ម៉ាស៊ីនស្ទើររហែក តែឡើងមិនរួចក៏រអិលថយក្រោយ ចម្ងាយជាង ២០ ម៉ែត្រជ្រុលទៅបុក បង្កាន់ដៃស្ពានព្រះមុនីវង្សថ្មី បាក់ខូចខាតអស់ប្រមាណ ១០ ផ្ទាំងនៅក្បាលស្ពាន ប៉ែកខាងលិច កាលពីវេលាម៉ោង ១និង៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ នៅគល់ស្ពានព្រះមុនីវង្សថ្មីខាងលិច សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
រថយន្ដបង្កម៉ាកហ៊ីណូ ពណ៌ស-ខៀវ ពាក់ស្លាកលេខ ស្វាយរៀង ៣A-១០២៥ អ្នកបើកបររត់គេចបាត់ ប៉ុន្ដែនៅក្នុងរថយន្ដមានបន្សល់ទុក ឯកសារដែលសមត្ថកិច្ចសន្និដ្ឋានថា ជាអ្នកបើកបរមានឈ្មោះ ប៉ែន ជា អាយុ ៣២ ឆ្នាំមានទីលំនៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌមានជ័យ។
មុនពេលកើតហេតុរថយន្ដបង្ក ដឹកថ្មពេញបើកឡើងស្ពាន ក្នុងទិសដៅពីលិចទៅកើត ប៉ុន្ដែពេលកំពុងបើកឡើងនោះ អ្នកបើកបរបានប្រើលេខ៥ បើកឡើងចំណោទ ទើបរថយន្ដឡើងមិនរួច ក៏រអិលថយក្រោយចម្ងាយជាង ២០ ម៉ែត្រ ហើយអ្នកបើកបរ បានបួងចង្កូតមកខាងស្ដាំដៃស្ពាន ក៏បុកបង្កាន់ដៃស្ពានបាក់អស់ ១០ ផ្ទាំង នាំឲ្យរថយន្ដក្រឡាប់ នៅលើស្ពាន ហើយបង្កាន់ដៃស្ពាន បានធ្លាក់ចូលក្នុងទន្លេ៕
Source from: watphnom-news.com
Post a Comment