សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងបានស្រាវជ្រាវ និងឈានទៅធ្វើការចាប់ខ្លួនជនសង្ស័យជាឃាតកល្មោភកាម ដែលបានរំលោភនិងចាក់សម្លាប់យ៉ាងឃោរឃៅទៅលើក្មេងស្រីអាយុ១៥ឆ្នាំ ទម្លាក់ទៅក្នុងទឹកអូរនៅភូមិ សេរីវ័ន្ត ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបងនោះបានហើយ កាលពីវេលាម៉ោងប្រមាណ៩ព្រឹកនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ម្សិលមិញនេះ ។
ជនសង្ស័យឈ្មោះ ក្លឹង ស្រ៊ុន អាយុ៣៧ឆ្នាំ មានទីលំនៅភូមិកំពង់ចម្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់់ដំបង ដែលត្រូវសមត្ថកិច្ចប៉ូលិសក្របួចបាននោះ បានសារភាពថា ខ្លួនបានមកចាំចម្ការនៅភូមិកើតហេតុ និងក៏បានឃើញក្មេងស្រីរងគ្រោះទៅឃ្វាលគោម្នាក់ឯង រួចហើយខ្លួនក៏បានល្បួងលួងលោមនាងរួមភេទ ប៉ុន្តែក្មេងស្រីនោះបដិសេធធ្វើឲ្យខ្លួនខឹងសម្បាក៏យកដុំថ្មគប់ចំក្បាល់បណ្តាលឲ្យនាងសន្លប់ និងក៏បានធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេចតែម្តង ។
បុរសជាជនល្មោភកាមបានសារភាពប្រាប់សមត្ថកិច្ចទៀតថា ក្រោយពេលរំលោភរួចហើយខ្លាចក្រែងបែកការណ៍នាំមានរឿងទៅថ្ងៃក្រោយ ខ្លួនក៏បានយកកាំបិទចាក់ទៅលើដងខ្លួនក្មេងស្រីរងគ្រោះជាច្រើនកន្លែងរហូតដល់នាងដាច់ខ្យល់ស្លាប់ និងក៏បានយកសពទម្លាក់ចោលទៅក្នុងទឹកអូរ ដើម្បីបំបាត់ព័ស្តុតាង ប៉ុន្តែមិននឹកស្មានដល់ថា នៅតែប៉ូលិសស្រាវជ្រាវឃើញ និងចាប់ខ្លួនបានដដែល ។
ឥឡូវ សមត្ថកិច្ចនគរបាលបានកសាងសំណុំរឿង និងបញ្ជូនខ្លួនបុរសល្មោភកាមដ៏មានចិត្តឃោរឃៅនេះ ទៅតុលាការផ្តន្ទាទោសតាមច្បាប់ជាធរមាន ។
សូមរម្លឹកជូនថា កាលពីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ កន្លងទៅ ក្មេងស្រីឈ្មោះ ងួន ច្រិប អាយុ១៥ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ត្រូវបានបងស្រីជីដូនមួយឈ្មោះ ពុធ ទុំ ប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងទឹកអូរមួយឋិតនៅចំណុចអូររំចេកជាកន្លែងកើតហេតុ ក្នុងសភាពអាក្រាតកាយនៅល្វែងខាងក្រោម និងមានស្មានរបួសចាក់ដោយកាំបិតជាច្រើនកន្លែង (សូមចូលអានគេហទំព័រសារព័ត៌មានដើមត្នោត ចុះផ្សាយថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ បន្ថែម ) ៕
Source from: www.dtn7.com
Post a Comment