ក្រុមឈ្មួញរកស៊ីនាំទំនិញចូលស្របច្បាប់បាននាំគ្នាត្អូញត្អែរថា មន្ត្រីសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ ដែលមានលោក ថោង សុខាំភូ ជាប្រធានមិនបានលើកទឹកចិត្តចំពោះអ្នកនាំចូលទំនិញស្របច្បាប់ទេ ប៉ុន្តែបែរជាបើកផ្លូវផ្តល់ឱកាសឲ្យក្រុមអាជីវករឬពាណិជ្ជករនាំចូលទំនិញគេចពន្ធមិនស្របច្បាប់ដោយសមគំនិតគ្នាប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធយ៉ាងសកម្ម ទៅវិញ ។
លោក ថោង សុខាំភូ ដែលជាប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យមានឈ្មោះល្បីល្បាញថា បានបើកដៃឲ្យប្អូនស្រីរបស់ខ្លួនឈ្មោះ ថោង គឹមឡេង ជ្រៀតជ្រែកចូលយ៉ាងជ្រៅទៅក្នុងការងារជាសមត្ថកិច្ចគយ ចាប់តាំងពីស្នាក់ការគយច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត រហូតដល់ក្របខ័ណ្ឌការងារគយទូទាំងខេត្តបន្ទាយមានជ័យតែម្តង តាមរយៈចំហាយឥទ្ធិពលអំណាចនិងការផ្តល់អាទិភាពឲ្យប្អូនស្រីទទួលការពឹងពាក់ពីក្រុមឈ្មួញលើសេវារត់ការទំនិញនាំចូលគេចពន្ធតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងច្រករបៀងនានាផ្សេងទៀតក្នុងខេត្តបន្ទាយមានជ័យ ។
ប្រភពពីក្រុមឈ្មួញនាំចូលទំនិញតាមច្រកប៉ោយប៉ែតបានឲ្យដឹងថា ការនាំចូលទំនិញគេចពន្ធគ្រប់ប្រភេទជាពិសេស សម្លៀកបំពាក់មានតម្លៃខ្ពស់ ទឹកដោះគោ គ្រឿងក្រអូប និងហ្គាស ត្រូវបានឈ្មួញនាំធ្វើចរាចរណ៍យ៉ាងសកម្មហើយទទួលបានការការពារពីលោកស្រី ថោង គឹមឡេង ជាប្អូនស្រីមេគយថែមទៀត ។ ក្រុមហ៊ុនអង្គរអ៊ិចប្រេស្សដែលមានទីតាំងបេនស្តុកទំនិញនៅក្រុងប៉ោយប៉ែតបានដើរតួយ៉ាងសំខាន់ក្នុងការប្រមូលនិងដឹកជញ្ជូនទំនិញគេចពន្ធគ្រប់សព្វសារពើពីប៉ោយប៉ែតរហូតមកដល់បេនដាក់ទំនិញរបស់ក្រុមហ៊ុននៅខណ្ឌទួលគោក រាជធានីភ្នំពេញ ។
មន្ត្រីគយលំដាប់តូចតាចមួយចំនួនបានបង្ហើបប្រាប់ឲ្យដឹងថា អំពើរត់ការសេវាទំនិញនាំចូលគេចពន្ធក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យទាំងមូលដោយលោកស្រី ថោង គឹមឡេង ត្រូវជាប្អូនស្រីរបស់មេគយ ថោង សុខាំភូ បានក្លាយជាឧបសគ្គដល់ភ្នាក់ងារគយខាងបង្ក្រាបអំពើរត់គេចពន្ធ ព្រោះឥទ្ធិពលអំណាចរបស់មេគយ ថោង សុខាំភូ ដែលមានជំនាញខាងរកលុយនោះខ្លាំងក្លាមហិមាណាស់ ដូច្នេះ ក្រុមភ្នាក់ងារគយខាងបង្ក្រាបអំពើរត់គេចពន្ធមិនហ៊ានក្អកឡើយ មានតែបណ្តោយទៅតាមដំណើរដើម្បីបានក្បាលកាក់ខ្លះដាក់ហោប៉ៅ កុំឲ្យគេថា ធ្វើគយអត់លុយនាំតែខ្មាសគេ ។
សូមឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មេត្តាត្រួតពិនិត្យមើលនិងមានវិធានការទៅលើលោកមេគយខេត្តបន្ទាយមានជ័យ ថោង សុខាំភូ ផង ពីព្រោះមេគយរូបនេះល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ និងបក្ខពួកនិយមជាប្រព័ន្ធខ្លាំងណាស់ក្នុងអាណាចក្រខេត្តបន្ទាយមានជ័យ និងទឹកដីប៉ោយប៉ែត ទាំងមូល ៕
Source from: www.dtn7.com
Post a Comment