តំបន់(Location) មួយចំនួនដែលប្រើប្រាស់ចរន្តអគ្គិសនីរបស់ក្រុមហ៊ុនអគ្គិសនីកម្ពុជា (EDC) នៅក្នុងរាជធានីភ្នំពេញបានទទួលរងនូវការដាច់ចរន្តជាញឹកញាប់និងមានរយៈពេលយូរ ក្នុងរយៈពេលដើមខែតុលា ឆ្នាំ២០១៣នេះ ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រាប់់គេហទំព័រសារព័ត៌មានដើមត្នោតឲ្យដឹងថា ឈានចូលមកដល់ដើមខែតុលា ឆ្នាំ២០១៣នេះ តំបន់ប្រើប្រាស់ចរន្តអគ្គិសនីលេខ៣៧៨ តែងតែទទួលរងការដាច់ចរន្តជាញឹកញាប់ និងមានរយៈពេលយូរថែមទៀត ។
ជាក់ស្តែងនៅវេលាម៉ោងរំលងអធ្រាត្រថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣ កន្លងមក អគ្គិសនីត្រូវបានដាច់ចរន្តរហូតដល់ទៅជិត៤ម៉ោង គឺចាប់ពីម៉ោង០១និង៣០នាទីដល់ម៉ោង០៥ព្រឹក ទើបមានចរន្តឡើងវិញ ។
អតិថិជនក្រុមហ៊ុនអគ្គិសនីកម្ពុជាបានរអ៊ូររទាំថា កាលពីពេលមុនទៅថា ខ្វះខាតចរន្តអគ្គិសនីផ្គត់ផ្គង់មិនគ្រប់ និងនៅពេលរដូវប្រាំងវារីអគ្គិសនីខ្វះទឹក នាំឲ្យចរន្តអគ្គិសនីតែងតែដាច់ជាញឹកញាប់ ។ ប៉ុន្តែឥឡូវក្រសួងធ្លាប់បានប្រកាសថា អគ្គិសនីផ្គត់ផ្គង់នៅរាជធានីភ្នំពេញលែងខ្វះខាតហើយៗ នៅខែតុលា ឆ្នាំ២០១៣ នេះជារដូវវស្សាសម្បូណ៌ទឹកភ្លៀងថែមទៀត ហេតុអ្វីក៏ចរន្តអគ្គិសនីនៅតែបន្តប្រពៃណីដាច់ញឹកញាប់ដដែលទៅវិញ ឬក៏ក្រុមហ៊ុនអគ្គិសនីកម្ពុជាកំពុងអភិវឌ្ឍន៍ជាប់ដូចផ្លូវថ្នល់និងលូទឹកនៅរាជធានីភ្នំពេញដែរ ។
មជ្ឈដ្ឋានមួយចំនួនបានលើកឡើងថា ឥឡូវក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ដែលជាក្រសួងអាណាព្យាបាលលើ EDC មានរដ្ឋមន្ត្រីថ្មីហើយនៅអាណត្តិទី៥នេះ គឺឯកឧត្តម ចម ប្រសិទ្ធ និងមានបុព្ធសិទ្ធិជាទេសរដ្ឋមន្ត្រីទៀតផង ប៉ុន្តែមេ EDC នៅមុខដដែលទេ គឺឯកឧត្តម កែវ រតនៈ ជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា មានឋានៈស្មើរដ្ឋលេខាធិការ និងត្រូវជាសែស្រឡាយរបស់ឯកឧត្តម ស៊ុយ សែម ជារដ្ឋមន្ត្រីចាស់«បច្ចុប្បន្នជាអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជានៅមណ្ឌលខេត្តពោធិ៍សាត់» រីឯការដាច់ចរន្តអគ្គិសនីញឹកញាប់ក្នុងតំបន់មួយចំនួននៅរាជធានីភ្នំពេញដូច្នេះ ទំនងជាឯកឧត្តម កែវ រតនៈ មេ EDC និងជាសែស្រឡាយឯកឧត្តមរដ្ឋមន្ត្រីចាស់ ចង់សាកល្បងតេស្តមើលប្រសិទ្ធភាព និងសមត្ថភាពគ្រប់គ្រង និងដឹកនាំរបស់ឯកឧត្តម ចម ប្រសិទ្ធ ជារដ្ឋមន្ត្រីថ្មីហើយមើលទៅ ។
យ៉ាងណាក៏ដោយ ទោះរដ្ឋមន្ត្រីចាស់ក្តី ទោះរដ្ឋមន្ត្រីថ្មីក្តី តែក្រសួងនៅដដែល និងក្រុមហ៊ុន EDC ក៏នៅដដែលដែរ ដូចនេះសូមឯកឧត្តមរដ្ឋមន្ត្រី និង EDC មេត្តាផ្តល់សេចក្តីទុកចិត្តដល់អតិថិជនជាអ្នកប្រើប្រាស់សេវារបស់ខ្លួនផង កុំឲ្យចេះតែដាច់ចរន្តញឹកញាប់ និងយូរស្រេចនឹងចិត្តក្រោមពាក្យស្លោក«អភិវឌ្ឍន៍ជាប់» ដូចលូទឹក និងផ្លូវថ្នល់ក្នុងរាជធានីភ្នំពេញនោះ ។
ឯកឧត្តម កែវ រតនៈ អតីតទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រីអាណត្តិទី៤ ត្រូវបានតែងតាំងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា មានឋានៈស្មើរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៨០៨/៩៨៧ ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៨ ។ មេ EDC រូបនេះក៏ធ្លាប់បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិគណបក្សប្រជាជនកម្ពុជាលំដាប់លេខរៀងទី២ នៅមណ្ឌលខេត្តពោធិ៍សាត់ បន្ទាប់ពីឯកឧត្តម ស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ។ ពោលគឺ ឯកឧត្តម កែវ រតនៈ ត្រូវជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រ ខណៈដែលគណបក្សប្រជាជនកម្ពុជា នៅមណ្ឌលខេត្តពោធិ៍សាត់ទទួលបានសំឡេងឆ្នោតគាំទ្រចំនួន៣អាសនៈក្នុងចំណោមអាសនៈសរុបចំនួន៤អាសនៈ ប៉ន្តែឯកឧត្តមរូបនេះមិនធ្វើជាអ្នកតំណាងរាស្ត្រនីតិកាលទី៥ទេ គឺសុខចិត្តធ្វើជាមេ EDC បន្តទៀតវិញ ព្រោះអាចរកចំណូលបានច្រើនជាង ។
រីឯ ឯកឧត្តម ចម ប្រសិទ្ធ អតីតទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ត្រូវបានតែងតាំងថ្មីជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល សម្រាប់អាណត្តិទី៥នេះ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ។
ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលថ្មីធ្លាប់បានប្តេជ្ញាចិត្តថា នឹងលុបបំបាត់រូបភាពអសកម្មនានានៅក្នុងក្រសួង និងក្រោមឱវាទក្រសួង ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋជាអ្នកទទួលសេវាសាធារណៈពីស្ថាប័នរដ្ឋ «បិទទ្វារសម្អាតផ្ទះជាមុន ទើបទទួលភ្ញៀវពីខាងក្រៅតាមក្រោយ » ៕
Source from: www.dtn7.com
Post a Comment