ផ្តើមចេញពីអំពើពុករលួយ បក្ខពួកនិយម និងអំពើរើសអើង បានជំរុញឲ្យសង្គមកម្ពុជានាសម័យរាជាណាចក្រទី២នេះរុំព័ទ្ធដោយអំពើអយុត្តិធម៌យ៉ាងក្រាស់ឃ្មឹក ។
រាជរដ្ឋាភិបាលដែលកាន់កាប់អំណាចផ្តាច់មុខដោយគណបក្សប្រជាជនកម្ពុជា និងមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ប្រាកដជាបានដឹងយ៉ាងច្បាស់នូវរូបភាពអសកម្មទាំងនេះ ដែលបានកើតមាននៅក្នុងសង្គមខ្មែរបច្ចុប្បន្ន ប៉ុន្តែថ្នាក់ដឹកនាំប្រទេសបានបង្ហាញនូវឆន្ទៈដោះស្រាយក្នុងកម្រិតតិចតួចបំផុត ហើយថែមទាំងរុញជ្រមុជអំពើអយុត្តិធម៌សង្គមឲ្យធ្លាក់កាន់តែជ្រៅខ្លាំងឡើងៗពិបាកនឹងស្តារទៀតផង ។
ស្ថាប័នជាតិសឹងតែទាំងអស់បានបាត់បង់ឯករាជ្យភាពរបស់ខ្លួន ដើម្បីបើកផ្លូវឲ្យមានការលូកលាន់ ជ្រៀតជ្រែកខាងនយោបាយ និងងាយស្រួលប្រព្រឹត្តអំពើពុករលួយ ព្រមទាំងអំពើរើសអើងជាប្រព័ន្ធ បើទោះបីស្ថាប័នជាតិកំពូលៗត្រូវបានរដ្ឋធម្មនុញ្ញតម្រូវឲ្យមានអំណាចឯករាជ្យដាច់ពីគ្នាក៏ដោយ រួមមានជាអាទិ៍ ៖ ស្ថាប័នអំណាចនីតិប្បញ្ញត្តិ (ព្រឹទ្ធសភា រដ្ឋសភា) ស្ថាប័នអំណាចនីតិប្រតិបត្តិ(រាជរដ្ឋាភិបាល) និងស្ថាប័នអំណាចតុលាការ ជាដើម ។
ប្រព័ន្ធគ្រប់គ្រងអំណាចដោយគណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន គឺត្រូវបានកត់សំគាល់ឃើញថា មានចេតនាធ្វើឲ្យបាត់បង់ឯករាជ្យភាពនៃអំណាចស្ថាប័នជាតិទាំងស្រុង និងសូម្បីតែមន្ត្រីបម្រើការងារក្នុងស្ថាប័នក៏ត្រូវបាត់បង់ឯករាជ្យភាពរបស់ខ្លួនដែរ ហើយត្រូវដង្ហែតាមការជ្រៀតជ្រែក ការបង្គាប់បញ្ជាពីស្ថាប័ននយោបាយរបស់បក្សតែមួយជាប្រព័ន្ធ ។
ព័ស្តុតាងបានបង្ហាញថា ថ្វីដ្បិតរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា បានតម្រូវឲ្យស្ថាប័នតុលាការមានអំណាចឯករាជ្យក៏ដោយ ក៏តាមការពិតជាក់ស្តែង ប្រមុខរាជរដ្ឋាភិបាលដែលជាស្ថាប័ននីតិប្រតិបត្តិអាចធ្វើឲ្យការអនុវត្តសេចក្តីសម្រេចរបស់ស្ថាប័នតុលាការ(សាលដីកា សាលក្រម ដីកាសម្រេច)ជាប់គាំងត្រឹមអំណាចលិខិតសេចក្តីជូនដំណឹង(ស.ជ.ណ) របស់ទីស្តីការគណៈរដ្ឋមន្ត្រីចំនួន១សន្លឹក ។ ស្ថាប័នកងកម្លាំងប្រដាប់អាវុធ ទាំងកងយោធពលខេមរភូមិន្ទ ទាំងកងនគរបាលជាតិមិនឯករាជ្យ ។ ស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយមិនឯករាជ្យ ។ ស្ថាប័នទាក់ទងនឹងការបោះឆ្នោត ជាពិសេស(គ.ជ.ប)ក៏មិនមានលក្ខណៈឯករាជ្យពិតប្រាកដ ។ល។ និង ។ល។
នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ដែលលទ្ធផលទទួលបានមានតែគណបក្សនយោបាយចំនួន២ប៉ុណ្ណោះទទួលបានអាសនៈនៅក្នុងរដ្ឋសភានោះ (គណបក្សប្រជាជនកម្ពុជា ចំនួន៦៨អាសនៈ និងគណបក្សសង្គ្រោះជាតិ ចំនួន៥៥អាសនៈ) គឺគណបក្សនយោបាយទាំង២ហាក់បានប្តេជ្ញាចិត្តថា នឹងធ្វើការកែទម្រង់ប្រទេសជាតិឲ្យមានភាពស៊ីជម្រៅ ខណៈដែលស្ថាប័ននីតិប្បញ្ញតិ និងស្ថាប័ននីតិប្រតិបត្តិ ព្រមទាំងស្ថាប័នតុលាការ ត្រូវបានគ្រប់គ្រង កាន់កាប់ដោយគណបក្សប្រជាជនកម្ពុជាទាំងស្រុង ។
មជ្ឈដ្ឋានអ្នកច្បាប់ និងអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា ទាំងគណបក្សនយោបាយកាន់អំណាច ទាំងគណបក្សនយោបាយប្រឆាំង បើចង់ធ្វើការកែទម្រង់ប្រទេសជាតិឲ្យមានយុត្តិធម៌សង្គម ដែលជាគ្រឹះនៃសន្តិភាព និងនីតិរដ្ឋពិតប្រាកដ គឺអ្នកនយោបាយទាំងអស់ត្រូវមានឆន្ទៈពិតប្រាកដក្នុងការដាក់ឲ្យមានឯករាជ្យភាពនៃអំណាចស្ថាប័នជាតិ ដែលមានការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ច ពីព្រោះឯករាជ្យភាពនៃអំណាចស្ថាប័ន គឺជាមូលដ្ឋានគ្រឹះនៃការកែទម្រង់ប្រទេសជាតិប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាព ៕
Source from: www.dtn7.com
Post a Comment