យោងតាមលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងមក ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត "គ.ជ.ប" បានបង្ហាញឲ្យឃើញថា រវាងគណបក្សនយោបាយធំៗទាំង២ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលទទួលបានអាសនៈនៅក្នុងរដ្ឋសភា មានភាពប្រកៀកប្រកិតគ្នា "គណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ និងគណបក្សសង្គ្រោះជាតិទទួលបាន៥៥អាសនៈ ក្នុងចំណោមអាសនៈរដ្ឋសភាសរុបចំនួន១២៣អាសនៈ" ។ ប៉ុន្តែគណបក្សសង្គ្រោះជាតិបានប្រកែកមិនព្រមទទួលយកលទ្ធផលឆ្នោតដែលប្រកបដោយ គ.ជ.ប នេះទេ ដោយបានចោទប្រកាន់ថា លទ្ធផលឆ្នោតមានភាពមិនប្រក្រតី ។
ក្រោយ គ.ជ.ប ប្រកាសលទ្ធផលឆ្នោតបណ្តោះអាសន្ននាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ភ្លាម គណបក្សសង្គ្រោះជាតិបានស្នើសុំឲ្យមានការបង្កើតគណៈកម្មការចម្រុះឯករាជ្យមួយ ដើម្បីស៊ើបអង្កេត និងធ្វើរបាយការណ៍អំពីភាពមិនប្រក្រតីនៃការបោះឆ្នោត ពីព្រោះគណបក្សសង្គ្រោះជាតិមិនមានទំនុកចិត្តទៅលើ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នមានសមត្ថកិច្ចដោះស្រាយទាក់ទងនឹងការបោះឆ្នោត ប៉ុន្តែលម្អៀងទៅលើគណបក្សកាន់អំណាចឡើយ ។
សំណូមពររបស់គណបក្សសង្គ្រោះជាតិដែលទាមទារឲ្យមានការបង្កើតគណៈកម្មការឯករាជ្យដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥នោះ មិនត្រូវបានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយគ្រប់គ្រងអំណាចផ្តាច់មុខនៅកម្ពុជា យកមកពិចារណានិងដោះស្រាយទេ គឺគ.ជ.ប នៅតែមានៈប្រកាសលទ្ធផលឆ្នោតផ្លូវការស្ថាពរ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣ ដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបានដោះស្រាយលើរាល់បណ្តឹងតវ៉ាអំពីលទ្ធផលឆ្នោតរួចមក ទោះបីគណបក្សសង្គ្រោះជាតិបានដឹកនាំអ្នកគាំទ្រគណបក្សខ្លួនធ្វើបាតុកម្មគំរាមក៏ដោយ ។
បន្តបន្ទាប់មកទៀត គណបក្សប្រជាជនកម្ពុជាមានៈបើកកិច្ចប្រជុំរដ្ឋសភានីតិកាលទី៥ជាលើកដំបូង និងរៀបចំក្បាលម៉ាស៊ីននៅក្នុងរដ្ឋសភា ព្រមទាំងបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា សុទ្ធតែសមាសភាពគណបក្សប្រជាជនកម្ពុជាទាំងអស់ ទាំងរដ្ឋសភា ទាំងរាជរដ្ឋាភិបាល ទោះបីមិនមានការចូលរួមពីសំណាក់អ្នកតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិក្នុងរដ្ឋសភាចំនួន៥៥នាក់ក៏ដោយ ។
គណបក្សសង្គ្រោះជាតិមិនព្រមបោះបង់ចោលឡើយនូវការទាមទារឲ្យមានការបង្កើតគណៈកម្មការឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ក្នុងន័យអះអាងថា ដើម្បីស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ដែលបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិមកដល់បច្ចុប្បន្ននេះ ។ គណបក្សសង្គ្រោះជាតិមានសន្លឹកបៀតែ២គត់ ក្រៅពីមិនចូលរួមក្នុងរដ្ឋសភា ដើម្បីប្រឆាំងដាក់សម្ពាធលើគណបក្សប្រជាជនកម្ពុជា គឺ ៖ ១-ធ្វើបាតុកម្មក្នុងប្រទេស និង២-អំពាវនាវឲ្យសហគមន៍អន្តរជាតិកុំឲ្យទទួលស្គាល់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលកើតចេញពីសភារបស់គណបក្សប្រជាជនកម្ពុជាមិនមែនជាសភាជាតិ ។
ការទាមទារឲ្យមានការបង្កើតគណៈកម្មការឯករាជ្យស៊ើបភាពមិនប្រក្រតីនៃការបោះឆ្នោត ត្រូវបានគណបក្សប្រឆាំងលើកឡើងតាមរបៀបដ៏សមហេតុសមផលថា ដើម្បីឲ្យគណបក្សឈ្នះឆ្នោតឈ្នះដោយថ្លៃថ្នូរ និងគណបក្សចាញ់ឆ្នោតចាញ់ដោយអស់ចិត្ត ។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជាអះអាងថា ការទាមទាររបស់គណបក្សសង្គ្រោះជាតិ គឺជាការរំលោភបំពានច្បាប់របស់ប្រទេស ដោយបានបញ្ជាក់ថា ការដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត គឺជាសមត្ថកិច្ចរបស់ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា ជាការពិតហើយ ការទាមទាររបស់គណបក្សសង្គ្រោះជាតិដែលចង់ឲ្យមានការបង្កើតគណៈកម្មការចម្រុះឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតមិនមានចែងនៅក្នុងច្បាប់បោះឆ្នោតរបស់កម្ពុជា ប៉ុន្តែគេអាចធ្វើបានតាមរយៈការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ប្រសិនបើអ្នកនយោបាយ ជាពិសេសគណបក្សប្រជាជនកម្ពុជាមានឆន្ទៈចង់ធ្វើ និងម្យ៉ាង វាជាគំរូល្អផងសម្រាប់ការបោះឆ្នោតនៅលើកក្រោយៗទៀត ដើម្បីកុំឲ្យអ្នកចាញ់ឆ្នោតចេះតែឡាំប៉ាមិនទទួលស្គាល់លទ្ធផលឆ្នោតគ្រប់សម័យកាលនៃការបោះឆ្នោត ។
អ្នកវិភាគកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា ការទាមទាររបស់គណបក្សសង្គ្រោះជាតិមានភាពសមហេតុសមផលតាមកាល តាមវេលា ទាក់ទងនឹងការបោះឆ្នោត ពីព្រោះការបង្កើតឲ្យមានគណៈកម្មការឯករាជ្យមួយស៊ើបអង្កេត ត្រួតពិនិត្យលើសន្លឹកឆ្នោត គឺធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលបាននូវភាពថ្លៃថ្នូរ ប្រសិនបើគណបក្សកាន់អំណាចមួយនេះប្រាកដក្នុងចិត្តថា ខ្លួននឹងឈ្នះឆ្នោត ខណៈដែលអ្នកគាំទ្រគណបក្សសង្គ្រោះជាតិរិះគន់ថា គណបក្សប្រជាជនកម្ពុជាទទួលបានការឈ្នះឆ្នោតដោយសារការលួច និងប្លន់សន្លឹកឆ្នោតរបស់រាស្ត្រជាម្ចាស់ឆ្នោត និងម្យ៉ាងទៀត ក៏ជាយន្តការមួយដែលធ្វើឲ្យគណបក្សនយោបាយចាញ់ឆ្នោតបានចាញ់ដោយអស់ចិត្តដែរ ។
ក្រុមអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានលើកឡើងថា ភាពកំសាក ឬភាពមិនសឿងបឿងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការទទួលសំណើរបស់គណបក្សសង្គ្រោះជាតិដែលបង្កើតឲ្យមានគណៈកម្មការចម្រុះឯករាជ្យស៊ើបអង្កេត ត្រួតពិនិត្យលើសន្លឹកឆ្នោតនោះ គឺបានឆ្លុះបញ្ចាំងឲ្យឃើញថា ៖ ១-គណបក្សសង្គ្រោះជាតិបានស្វែងយល់ដឹងអំពីចំណុចខ្សោយរបស់គណបក្សប្រជាជនកម្ពុជាយ៉ាងច្បាស់ទាក់ទងនឹងការបោះឆ្នោត និង២-ការត្រួតពិនិត្យ ស៊ើបអង្កេតលើសន្លឹកឆ្នោតដោយគណៈកម្មការឯករាជ្យ គឺជា"ជីពចរស្លាប់"របស់គណបក្សប្រជាជនកម្ពុជា ដែលបានលួចបន្លំ និងប្លន់សន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតពិត ប្រាកដមែន ៕
Source from: www.dtn7.com
Post a Comment