ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់អាណត្តិទី៥នេះ ខណៈដែលឯកឧត្តម ស៊ាន បូរ៉ាត អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកវិស័យកីឡា ។
រាជរដ្ឋាភិបាលអាណត្តិថ្មីនាយករដ្ឋមន្ត្រីចាស់ បានធ្វើការផ្លាស់ប្តូរសមាសភាពថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ពីថ្នាក់កំពូល ដល់ថ្នាក់កណ្តាលខ្លះ ដូចជា ការបាត់ឈ្មោះឯកឧត្តម ប៊ុន សុខ ពីរដ្ឋលេខាធិការក្រសួង និងឯកឧត្តម មាស សារិន ពីអនុរដ្ឋលេខាធិការក្រសួងក្នុងអាណត្តិនេះ ត្រូវបានមជ្ឈដ្ឋាននានាអបអរសាទរយ៉ាងខ្លាំង ដ្បិតថ្នាក់ដឹកនាំប៉ុន្មានរូបនេះមានជំនាញលើកគម្រោងចំណាយថវិកាជាតិ ដោយបំប៉ោងតួលេខជាក់ស្តែង និងពុករលួយដុះស្លែដើម្បីយកលុយដាក់ហោប៉ៅ និងយកទីតាំងពហុកីឡដ្ឋានជាតិអូឡាំពិកធ្វើអាជីវកម្មបានលុយចែកគ្នាជាប្រយោជន៍ផ្ទាល់ខ្លួនអស់រាប់ឆ្នាំ ។
ថ្វីដ្បិត ក្រសួងអប់រំ យុវជន និងកីឡា ក្នុងអាណត្តិនេះមានការផ្លាស់ប្តូរថ្នាក់ដឹកនាំកំពូល និងថ្នាក់កណ្តាលខ្លះក៏ពិតមែន ប៉ុន្តែអ្នកតាមដាន និងស្រឡាញ់កីឡាជាតិបានសម្តែងនូវក្តីសង្ឃឹមតិចតួចណាស់លើការកែទម្រង់វិស័យកីឡាឲ្យមានការរីកចម្រើន ពីព្រោះ នៅមានវត្តមានមន្ត្រីល្បីល្បាញខាងពុករលួយមួយចំនួនទៀតកំពុងបម្រើការងារនៅក្នុងវិស័យកីឡានៅឡើយ ហើយមានលក្ខណៈជាប្រព័ន្ធថែមទៀត ។
អគ្គនាយកដ្ឋានកីឡាចំណុះក្រសួង មានឯកឧត្តម អ៊ុក សិទ្ធជាតិ ជាអគ្គនាយក និងមានលោក ម៉ិល កាដូ ជាអគ្គនាយករង ។ អគ្គនាយកដ្ឋានកីឡានេះ មាននាយកដ្ឋានចំនួន៤ជាចំណុះ រួមមាន ៖ នាយកដ្ឋានកីឡាសិស្ស-និស្សិត,នាយកដ្ឋានអប់រំកាយនិងកីឡា ,មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងវិទ្យាស្ថានជាតិអប់រំ ។
លោក ម៉ិល កាដូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡាធ្លាប់ជាប់ឈ្មោះល្បីល្បាញពាក់ព័ន្ធទៅនឹងការលើកគម្រោងចាយលុយប្រកួតកីឡាជម្រើសជាតិរាប់ពាន់លានរៀលក្នុងមួយឆ្នាំៗ និងការជ្រើសរើសសិក្ខាកាមឲ្យចូលរៀនសាលាកីឡាមានបង្កប់ដោយអំពើពុករលួយយកលុយចំនួន២.៥០០ ដុល្លារអាមេរិក ទៅ ៣.០០០ ដុល្លារអាមេរិក ក្នុងម្នាក់ៗ ជាថ្នូរ ។
លើសពីនេះ ឯកឧត្តម ស៊ាន បូរ៉ាត ជារដ្ឋលេខាធិការក្រសួង ទទួលបន្ទុកវិស័យកីឡា និងឯកឧត្តម អ៊ុក សិទ្ធជាតិ ជាអគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ព្រមទាំងលោក ប៉ុង សុខ ជានាយកមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ជាមនុស្សរាប់អានគ្នាយ៉ាងល្អូកល្អឺន សឹងចាក់ទឹកមិនលិច ។ ដូច្នេះ ការលើកគម្រោងថវិកាចំណាយប្រចាំឆ្នាំ ក្នុងវិស័យកីឡា គឺអ្នកលើកគម្រោង អ្នកសម្រេចលើគម្រោង និងអ្នកត្រួតពិនិត្យការអនុវត្តគម្រោងជាក្រុមបក្ខពួកតែមួយដែលអាចពុករលួយខ្លាំងជាងអាណត្តិមុន គួបផ្សំនឹងមន្ត្រីជាថ្នាក់ដឹកនាំស្ថាប័នកីឡាទាំង៤ ចំណុះអគ្គនាយកដ្ឋានកីឡា ជាប្រភេទមន្ត្រីពូកែលុតក្រាបអែបអប និងមានជំហររ៉េរាំដូចចុងស្រល់ប៉ះខ្យល់បក់ សូម្បីតែបម្រើការងារក្នុងជីវភាពគណបក្សនយោបាយក៏ចូលចិត្តផ្លាស់ប្តូរចុះឡើងៗដែរ ។
សរុបសេចក្តីមក មជ្ឈដ្ឋាននានា បានសម្តែងនូវក្តីសង្ឃឹមតិចតួចណាស់លើការកែទម្រង់វិស័យកីឡានៅកម្ពុជា ទោះបីក្រសួងអប់រំ យុវជន និងកីឡា មានថ្នាក់ដឹកនាំកំពូលថ្មីក៏ដោយ ៕
Source from: www.dtn7.com
Post a Comment