ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីវ័យក្មេងម្នាក់បានរបួស បែកក្បាលដេរ ៥ ថ្នេរដោយសារត្រូវប្តី វាយមួយដុំឥដ្ឋតាន់ នៅពេលប្តីប្រពន្ធទាំង ២ នាក់នេះផឹកស្រាស្រវឹង មានទំនាស់ជាមួយគ្នា កាលពីវេលាម៉ោង ២និង៤០នាទីរសៀលថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៣ នៅជិតផ្ទះថ្ម៥ជាន់ ស្ថិតក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
បុរសជាប្តីមានឈ្មោះ កា ឡៃឡេង អាយុ ៤៨ ឆ្នាំ មុខរបរជាជាងសំណង់ ទើបតែមកស្នាក់នៅជាមួយប្រពន្ធទី២ឈ្មោះ ខែម ស្រីឃឿន អាយុ ២១ ឆ្នាំ ដែលទើបរៀបសែនព្រេន រស់នៅជាមួយគ្នាបានជាង១ខែប៉ុណ្ណោះ ពួកគេមានទីលំនៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ។ មុនពេលកើតហេតុ ស្ត្រីជាប្រពន្ធបានផឹកស្រា នៅផ្ទះគេក្បែរផ្ទះ ចំណែកប្តីបានត្រឡប់ ពីធ្វើការវិញ អត់ឃើញមានបាយហូប ក៏ទៅផឹកនៅផ្ទះគេនៅជិតនោះ។
លុះពេលផឹកស៊ីស្រវឹងរៀងៗខ្លួន ក៏បាននិយាយឌឺដងដាក់គ្នា ហើយក៏ទាស់សំដីគ្នា និងឈានដល់ការប្រតាយប្រតប់គ្នា ពេលនោះប្តីចាប់ប្រពន្ធជាប់ ហើយស្រវាយកឥដ្ឋតាន់១ដុំ ក៏បានបោកចំពីលើក្បាលប្រពន្ធ បណ្តាលឲ្យបែកក្បាលហូរឈាម ភ្លាមៗនោះបានអ្នកជិត ខាងជួយចាប់ឃាត់និងប្តឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍។ ស្ត្រីរងគ្រោះ ត្រូវបាននាំទៅកាន់ មន្ទីរពេទ្យបង្អែកខេត្ត ចំណែកប្តីត្រូវបាន សមត្ថកិច្ចចាប់ខ្លួន យកទៅកាន់អធិការនគរបាល ក្រុងកំពង់ឆ្នាំងដើម្បី កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
Source from: watphnom-news.com
Post a Comment