
ខេត្ដបន្ទាយមានជ័យ ៖ ទឹកជំនន់យ៉ាងអាក្រក់ ក្នុងខេត្ដបន្ទាយមានជ័យ កំពុងតែគំរាមកំហែងអ្នកទោស ដែលជាប់ក្នុងពន្ធនាគារ ប្រមាណជិត មួយពាន់នាក់ តែមិនទាន់បង្កឱ្យលិចលង់ ដល់អ្នកទោសនោះទេ ដោយសារអនុរក្សពន្ធនាគារត្រូវ ប្រើម៉ាស៊ីនបូមទឹក ចំនួន ៤ គ្រឿង សម្រាប់បូមទឹកជាប់ជាប្រចាំ ប៉ុន្តែប្រសិនបើ ស្ថានភាពទឹកជំនន់ បន្តឡើងខ្ពស់ទំនងជាគ្មានការធានាទេ។
លោក ហ៊ិន សុផល ប្រធានពន្ធនាគារ ខេត្ដបន្ទាយមានជ័យ បានឱ្យដឹងថា ឆ្នាំនេះទឹកធំបើប្រៀបធៀប កាលពីខែវស្សាឆ្នាំ២០១២ គឺទឹកឡើងខ្ពស់ជាងឆ្នាំមុន ដោយចាប់ផ្ដើមឡើងតាំងពីថ្ងៃទី២៧ ខែកញ្ញា រហូតមកដល់ថ្ងៃទី៧ ខែតុលា ២០១៣។ ជំនន់ទឹកភ្លៀងនិងទឹកដែលហូរធ្លាក់ពីប្រទេសថៃ បានឡើងលិចទំនប់ ដែលបានលើកទប់ ទឹកជំនន់ជុំវិញពន្ធនាគារ ខេត្ដបន្ទាយមានជ័យ នាំឱ្យទឹកជ្រាបចូលក្នុងពន្ធនាគារ ដោយមានការប្រើម៉ាស៊ីនបូមទឹក ចំនួន ៤គ្រឿង បញ្ឆេះបូមទឹកចេញពី ពន្ធនាគារផងដែរ។
ពន្ធនាគារ ខេត្ដបន្ទាយមានជ័យ បច្ចុប្បន្នមានអ្នកជាប់ឃុំ ៨៤២ នាក់ ក្នុងនោះមានស្រី ១២៤ នាក់ កុមារនៅជាមួយម្ដាយ ៦ នាក់ ។ ពន្ធនាគារខេត្ដបន្ទាយមានជ័យ បន្ទាប់ពីផ្លាស់ប្ដូរពីទីតាំងចាស់ ដែលស្ថិតនៅក្នុងទីរួមខេត្ដ ក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ទៅធ្វើថ្មីនៅជាប់នឹងមាត់ស្ទឹង ក្នុងភូមិគៀប សង្កាត់ទឹកថ្លា តែងតែរងនូវការជន់លិច ជារៀងរាល់ឆ្នាំផងដែរ ។ រហូតមកដល់ថ្ងៃទី៧ ខែតុលា ទឹកជំនន់មិនទាន់ ជន់លិចខាងក្នុងពន្ធនាគារនៅឡើយទេ តែបើទឹកនៅតែបន្ដឡើង កាន់តែខ្លាំងវានឹងអាចហូរចូល ក្នុងពន្ធនាគារ ៕
Source from: watphnom-news.com
Post a Comment