មានរឿងភ្ញាក់ផ្អើលមួយដែលប្រធានមន្ទីរអប់រំ និងបណ្តុះបណ្តាលនៃខេត្តអានហ៊ុយ ប្រទេសចិន ម្នាក់បានទៅលបលួចសាហាយស្មន់ជាមួយប្រពន្ធគេ ដែលមានមុខរបរជាអ្នកគ្រូ ហើយត្រូវបានប្តីគេមកទាន់ ក៏សម្រេចចិត្តលោតតាមបង្អួចគេចខ្លួនពីជាន់ទី៤នៃអគារខុនដូធ្លាក់មកដីស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
សាក្សីជាប្រជាពលរដ្ឋរស់នៅក្នុងខុនដូក្បែរកន្លែងកើតហេតុ ដែលត្រូវបានដកស្រង់សម្តីយកមកផ្សព្វផ្សាយតាមសារព័៍ត៌មានក្នុងស្រុករបស់ចិន បានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ម្សិលមិញនេះ ពួកគាត់កំពុងមើលទូរទស្សន៍ ស្រាប់តែឮសូរសំឡេងខ្លាំងមួយ ក៏អើតមើលតាមបង្អួចឃើញបុរសម្នាក់ដេកស្តូកនៅលើដី ហើយនាំគ្នាស្មានថាជាចោរ ។ មួយសន្ទុះក្រោយមក ក៏បានឃើញភ្នាក់ងារប៉ូលិសមកដល់កន្លែងកើតហេតុ និងបាននាំខ្លួនអ្នកគ្រូម្នាក់នោះទៅស្នាក់ការប៉ូលិសតែម្តង ធ្វើឲ្យអ្នកស្រុកកាត់យល់ថា បុរសដែលដេកស្តូកលើដីនោះអាចជាចោរមែន តែមិនមែនចោរលួចទ្រព្យសម្បត្តិអ្វីទេ គឺជាចោរលួចប្រពន្ធគេ ។
បុរសដែលជាស្វាមីរបស់អ្នកគ្រូផិតក្បត់បានរៀបរាប់ឲ្យដឹងថា ពេលគាត់ត្រឡប់មកពីធ្វើការវិញមុនពេលវេលាដោយចៃដន្យ ខុសសព្វមួយដង ក៏ស្រាប់តែឃើញទ្វារបិទចាក់សោពីខាងក្នុង ។ គាត់ក៏បានទូរស័ព្ទទៅប្រពន្ធឲ្យជួយមកបើកទ្វារ ។ លុះរយៈពេលប្រមាណ១០នាទីក្រោយមក ទើបទ្វាររបើកឡើង ដោយប្រពន្ធគាត់ជាអ្នកចេញមកបើកទ្វារ ស្រាប់តែភ្លាមនោះឮសំឡេងលាន់ខ្លាំងមួយនៅខាងក្រោយផ្ទះ ខណៈដែលប្រពន្ធរបស់គាត់ក៏បានសម្តែងនូវអារម្មណ៍មិននឹងនក្នុងខ្លួនឡើយ ។
ប្រជាពលរដ្ឋអ្នករស់ក្បែរខាង និងបណ្តាអ្នកលេងតាមប្រព័ន្ធអ៊ិនធឺណិត បានសម្តែងនូវការរិះគន់យ៉ាងខ្លាំងទៅលើស្ត្រីដែលជាអ្នកគ្រូ មានប្តីត្រឹមត្រូវ ស្របច្បាប់ និងជាអ្នកអប់រំគេ បែរជាលួចមានសាហាយស្មន់ជាមួយប្រធានមន្ទីរអប់រំដល់ក្នុងផ្ទះរបស់ខ្លួនទៅវិញ ៕
Source from: www.dtn7.com
Post a Comment