ខេត្តបាត់ដំបង ៖ បុរសម្នាក់បានប្រើហិង្សាលើប្រពន្ធ ត្រូវកម្លាំងនគរបាលស្រុកភ្នំព្រឹក ឃាត់ខ្លួនមកសួរនាំ ក៏បែកធ្លាយរឿងប្រើប្រាស់គ្រឿងញៀន អស់រយៈពេល ១២ ឆ្នាំ ដោយបានស្គាល់ទីតាំង លក់ចែកចាយថ្នាំញៀន ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ច ធ្វើការស្រាវជ្រាវឈានទៅ ឃាត់ខ្លួនមនុស្សប្រុសស្រី ៤ នាក់ និងដកហូតបានថ្នាំញៀនយ៉ាម៉ា ៨៩ គ្រាប់និងសម្ភារៈច្រកវេចខ្ចប់មួយចំនួន បញ្ជូនទៅស្នងការខេត្តកាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ ដើម្បីចាត់ការតាមនីតិវិធី។
លោក សារ៉េត វិសេដ្ឋ អធិការរងស្រុកភ្នំព្រឹកបានឲ្យដឹងថា ជនសង្ស័យទាំង ៤ នាក់ដែលត្រូវបានឃាត់ខ្លួន ជាបន្តបន្ទាប់កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣ នៅចំណុចក្រុមទី០៧ និងក្រុមទី០៩ ភូមិអូរឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង រួមមានទី១-ឈ្មោះ ហ៊ុន កែវ ភេទប្រុស អាយុ ៤២ ឆ្នាំ ជាអ្នករត់ម៉ូតូឌុបពិការជើងស្តាំទី ២-ឈ្មោះ សួន វី អាយុ ៤០ ឆ្នាំទាំង២នាក់ជាប្តីប្រពន្ធនឹងគ្នា រស់នៅក្រុមទី០៩ ក្នុងភូមិកើតហេតុ ដកហូតបានថ្នាំញៀនយ៉ាម៉ាចំនួន ៣៨ គ្រាប់លាក់ទុកក្នុងកូនកាបូប តូចពណ៌ក្រហមមានរ៉ូត។
ទី៣-ឈ្មោះ សុង គឹមសៀង ភេទស្រី អាយុ ២០ ឆ្នាំ និងទី៤-ឈ្មោះ ឈុន ស្រីម៉ៃ ភេទស្រី អាយុ ១៦ ឆ្នាំ អ្នកទាំង២ ជាបងប្អូនថ្លៃនឹងគ្នា ហើយជាកូនកូនប្រសារម្ចាស់ផ្ទះឈ្មោះ ង៉ែត ពៅភេទស្រី អាយុ ៤៦ ឆ្នាំ នៅក្រុមទី០៧ ក្នុងភូមិកើតហេតុដកហូតបានថ្នាំញៀន យ៉ាម៉ាចំនួន ៥១គ្រាប់ លាក់ក្នុងស្បែកជើងកូនក្មេង ថង់ច្រកចំនួន ១៧ ដុំកៅស៊ូកងចំនួន ១ ថង់កញ្ចប់បារីហ្វីនចំនួន ៤ កញ្ចប់ដែកកេះចំនួន ៤ គ្រឿងនិងជញ្ជីងសម្រាប់ ថ្លឹងថ្នាំញៀនចំនួន ១ គ្រឿង។ ជនសង្ស័យទាំង ៤ នាក់បានសារភាព ទទួលស្គាល់ថ្នាំញៀន និងសម្ភារៈថា ជារបស់ពួកគេ។
លោក សារ៉េត វិសេដ្ឋ អធិការរងស្រុកភ្នំព្រឹក បានបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៣ សមត្ថកិច្ចបានឃាត់ខ្លួន បុរសម្នាក់ឈ្មោះ បុត ម៉ែង ហៅ ពុធ អាយុ ២០ ឆ្នាំ ពីបទហិង្សាលើគ្រួសារ។ ក្រោយពីសាកសួរ បុរសនេះបាននិយាយថា ខ្លួនធ្លាប់ប្រើប្រាស់ថ្នាំញៀនចំនួន ១២ ឆ្នាំមកហើយ ម្យ៉ាងវិញទៀតថ្នាំញៀន ទិញពីឈ្មោះ ចាន់ ណា ភេទស្រី អាយុ ៤០ ឆ្នាំរស់ក្នុងក្រុមទី០៩ ក្នុងភូមិកើតហេតុ។
ឈ្មោះ ចាន់ ណា បានប្រាប់សមត្ថកិច្ចថា ខ្លួនទិញថ្នាំញៀនពីឈ្មោះ កែវ ក្រោយមកសមត្ថកិច្ចបានសុំយោបល់ព្រះរាជអជ្ញា ចុះទៅឆែកឆេរផ្ទះរបស់ឈ្មោះ ហ៊ុន កែវ រកឃើញថ្នាំញៀន យ៉ាម៉ាចំនួន ៣៨ គ្រាប់លាក់ទុកក្នុង កូនកាបូបតូចពណ៌ក្រហម មានរ៉ូតហើយឃាត់ខ្លួន ២ នាក់ប្តីប្រពន្ធនេះ។ ក្រោយពីទទួលបានចម្លើយពីឈ្មោះ ហ៊ុន កែវ ថាថ្នាំញៀននេះគេយកពីផ្ទះឈ្មោះ ង៉ែត ពៅ សមត្ថកិច្ចចុះទៅឆែកឆេរ តែឈ្មោះ ង៉ែត ពៅ បានរត់គេចខ្លួនបាត់ នៅសល់តែកូនស្រីជាអ្នកទទួលខុសត្រូវ ហើយរកឃើញថ្នាំញៀន ៥១ គ្រាប់និងសម្ភារៈវេចខ្ចប់ មួយចំនួនទៀត៕
Source from: watphnom-news.com























Loading...




Post a Comment