ខេត្តស្ទឹងត្រែង ៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង បានចាប់ឃាត់ខ្លួន ជនជាតិឡាវពីរនាក់ ជាមួយថ្នាំញៀន ទម្ងន់ជិត ២ គីឡូក្រាម កាលពីល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣ ស្ថិតក្នុងឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ជាប់ព្រំដែនកម្ពុជា-ឡាវ ដោយមានការផ្ទុះអាវុធ អស់ជាច្រើនគ្រាប់ និងមានការបាញ់តបត ជាមួយសមត្ថកិច្ច ប៉ុន្តែមិនបានបង្កគ្រោះថ្នាក់ អាយុជីវិតនរណាម្នាក់ឡើយ។
ជនសង្ស័យដែលត្រូវបានចាប់ខ្លួន គឺឈ្មោះ ថៅគូស៊ូលីញ៉ា អាយុ ៥០ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិលុងប៉ាលិបនួយស៊ី ស្រុកចាន់ថាក់បូលី ក្រុងវៀងចាន់ និងឈ្មោះ វ៉ាន់ថងប៉ានញ៉ាឡា អាយុ ៦១ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិហួយដែនមឿង ឃុំហុក ស្រុកសៃថានី ក្រុងវៀងចាន់។ សមត្ថកិច្ចបានបញ្ជូន ជនសង្ស័យខាងលើពីព្រំដែន មកកាន់ទីបញ្ជាការ កងរាជអាវុធហត្ថខេត្តភ្លាមៗ ដើម្បីសាកសួរ ហើយកសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការ ចាត់ការបន្ត។
វត្ថុតាងថ្នាំញៀនដែលរឹបអូសបាន មានចំនួន ២ កញ្ចប់ធំ ទម្ងន់សរុប ១៩៥៩.៩ ក្រាម ជាប្រភេទមេតំហ្វេតាមីន ឬម៉ាទឹកកក។ ចំពោះមុខសមត្ថកិច្ច ជនជាតិឡាវពីរនាក់ បានឆ្លើយបដិសេធនូវវត្ថុតាង ដែលបានរឹបអូស ប៉ុន្តែសមត្ថកិច្ច នៅបន្តសាកសួរ ដើម្បីដាក់បន្ទុក ទៅលើជនល្មើស។ ចំណុចច្រករបៀងព្រំដែន កន្លែងបង្ក្រាបក្រុមជួញដូរថ្នាំញៀន សម្បូរទៅដោយព្រៃ ភូមិសាស្ត្រស្មុគស្មាញ បង្កលក្ខណៈងាយស្រួលដល់ជនល្មើស ប៉ុន្តែជាការលំបាកដល់ខាង កម្លាំងសមត្ថកិច្ចចុះបង្ក្រាប៕
Source from: watphnom-news.com























Loading...




Post a Comment