កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ម្សិលមិញនេះ គណបក្សសង្គ្រោះជាតិបានធ្វើលិខិតផ្លូវការមួយច្បាប់ចុះហត្ថលេខាដោយឯកឧត្តម ម៉ៅ មុនីវណ្ណ អ្នកតំណាងរាស្ត្រជាប់ឆ្នោតនៅមណ្ឌលខេត្តកំពង់ចាម, ឯកឧត្តម ហូរ វ៉ាន់ អ្នកតំណាងរាស្ត្រជាប់ឆ្នោតនៅមណ្ឌលរាជធានីភ្នំពេញ និងឯកឧត្តម គួយ ប៊ុនរឿន អ្នកតំណាងរាស្ត្រជាប់ឆ្នោតនៅមណ្ឌលខេត្តកំពង់ចាម ជម្រាបជូនឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការធ្វើមហាបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ និងការដង្ហែក្បួនបាតុកម្មដោយសន្តិវិធីនៅថ្ងៃទី២៣-២៤-២៥ ខែតុលា ឆ្នាំ២០១៣ ។
កម្មវត្ថុនៃការធ្វើមហាបាតុកម្មនេះ ត្រូវបានគណបក្សសង្គ្រោះជាតិអះអាងថា ដើម្បីស្វែងរកការពិតនិងយុត្តិធម៌ជូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ និងទាមទារឲ្យរាជរដ្ឋាភិបាលគោរព និងអនុវត្តន៍ឲ្យបានពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា ថ្ងៃទី២៣ តុលា ១៩៩១ ព្រមទាំងធានាឲ្យមានការគោរពសិទ្ធិមនុស្ស និងអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។
សេចក្តីជូនដំណឹងរបស់គណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា មហាបាតុកម្មអហិង្សានេះនឹងប្រព្រឹត្តទៅចាប់ពីវេលាម៉ោង០៧ព្រឹក នៅថ្ងៃទី២៣ដល់វេលាម៉ោង១៨ល្ងាច ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានការសម្តែងមតិរបស់បាតុករ ការសម្តែងសិល្បៈ ចម្រៀង និងការបញ្ចាំងខ្សែភាពយន្តឯកសារ ការអង្គុយដោយស្ងៀមស្ងាត់ និងការដង្ហែក្បួនយកញត្តិទៅប្រគល់ជូនអង្គការសហប្រជាជាតិ តាមរយៈឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា និងស្ថានទូតនានាប្រចាំនៅកម្ពុជា ដូចជា ស្ថានទូតបារាំង ជប៉ុន សហរដ្ឋអាមេរិក ចិន ឥណ្ឌូនេស៊ី អង់គ្លេស និងស្ថានទូតអូស្ត្រាលី ៕
Source from: www.dtn7.com
Post a Comment