ឯកឧត្តម យូ ប៊ុនឡេង ជាប្រធានសាលាឧទ្ធរណ៍ ត្រូវបានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាអនុញ្ញាតឲ្យធ្វើសច្ចាប្រណិធាន នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១២ ចូលប្រកបវិជ្ជាជីវៈមេធាវី មានអត្តលេខ៨៤៦ ខណៈដែលឯកឧត្តម អ៊ុក សាវុធ ជាអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ ក៏ត្រូវបានគណៈមេធាវីអនុញ្ញាតឲ្យធ្វើសច្ចាប្រណិធាននាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១២ ចូលប្រវិជ្ជាជីវៈមេធាវី មានអត្តលេខ៨៤៧ផងដែរ ។
ដោយឡែក ឯកឧត្តម ជីវ កេង ជាប្រធានសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានគណៈមេធាវីអនុញ្ញាតឲ្យធ្វើសច្ចាប្រណិធាននាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១២ ចូលប្រកបវិជ្ជាជីវៈមេធាវី មានអត្តលេខ៨៤៨ ។
ការធ្វើសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវីរបស់ឯកឧត្តម យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍, ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ និងឯកឧត្តម ជីវ កេង ប្រធានសាលាដំបូងរាជធានីភ្នំពេញនេះ គឺបន្ទាប់ពីឯកឧត្តម ឌិត មុន្ទី ជាប្រធានតុលាការកំពូល ក៏ត្រូវបានគណៈមេធាវីអនុញ្ញាតឲ្យធ្វើសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវី មានអត្តលេខ១២០ ចាប់តាំងពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ១៩៩៧មកម្ល៉េះ ។
ឯកឧត្តម ឌិត មុន្ទី, ឯកឧត្តម យូ ប៊ុនឡេង, ឯកឧត្តម អ៊ុក សាវុធ និងឯកឧត្តម ជីវ កេង ដែលបានមានឈ្មោះក្លាយជាមេធាវីនោះ គឺមិនមានវិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវី ដែលចេញដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវីទេ តែបានចូលប្រកបវិជ្ជាជីវៈជាមេធាវីតាមមាត្រា៣២នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ត្រូវបានអនុញ្ញាតឲ្យរួចផុតពីកម្មសិក្សាផងដែរ ។
អនុលោមតាមមាត្រា៥៣នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវីដែលបានចែងថា "វិជ្ជាជីវៈមេធាវីមានវិសមិតភាពជាមួយនឹងមុខងារសាធារណៈ និងការប្រកបមុខរបរពាណិជ្ជកម្ម ទោះការប្រកបនោះដោយប្រយោលក្តី ឬដោយផ្ទាល់ក្តី ។ " គឺឯកឧត្តម ឌិត មុន្ទី ជាមេធាវីសុំនៅក្រៅបញ្ជីគណៈមេធាវី និងឯកឧត្តម យូ ប៊ុនឡេង, ឯកឧត្តម អ៊ុក សាវុធ និងឯកឧត្តម ជីវ កេង ជាមេធាវីសុំមិនប្រកបវិជ្ជាជីវៈមេធាវី ហើយស្ម័គ្រនៅបន្តបម្រើការងារក្នុងស្ថាប័នតុលាការជាប្រក្រតី ។
សរុបសេចក្តីមក ប្រធានស្ថាប័នតុលាការសំខាន់ៗ ទាំងតុលាការកំពូល ទាំងសាលាឧទ្ធរណ៍ ទាំងសាលាដំបូងរាជធានីភ្នំពេញ បានជាប់ឈ្មោះជាមេធាវីគ្រប់ៗគ្នាអស់ហើយៗក៏ជារឿងគួរឲ្យចាប់អារម្មណ៍មួយនៅក្នុងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលថ្នាក់ដឹកនាំប្រទេសកំពូលៗមួយចំនួនក៏បានជាប់ឈ្មោះជាមេធាវីផងដែរ ៕
Source from: www.dtn7.com
Post a Comment