នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣នេះ ក្រសួងមហាផ្ទៃបានអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិធ្វើបាតុកម្មអហិង្សា ដោយដំណើរការនៅក្នុងទីលានប្រជាធិបតេយ្យរយៈពេល៣ថ្ងៃ គឺថ្ងៃទី២៣-២៤-២៥ ខែតុលា ឆ្នាំ២០១៣ ចាប់ពីម៉ោង០៦ព្រឹករហូតដល់ម៉ោង១៨ល្ងាច ប៉ុន្តែមិនអនុញ្ញាតឲ្យបោះជំរំស្នាក់នៅពេលយប់នៅទីលានប្រជាធិបតេយ្យ ឬទីកន្លែងសាធារណៈដទៃផ្សេងទៀតឡើយ ។
ក្រសួងមហាផ្ទៃបានអនុញ្ញាតឲ្យមានបាតុករចូលរួមក្នុងបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនេះមិនឲ្យលើសពី១ម៉ឺននាក់ ដែលជាចំនួនសមាមាត្រទៅនឹងក្រឡាផ្ទៃនៃទីលានប្រជាធិបតេយ្យ ។ លើសពីនេះ ក្រសួងបានតម្រូវឲ្យគណបក្សសង្គ្រោះជាតិទទួលខុសត្រូវគ្រប់គ្រងបាតុករឲ្យបានល្អប្រសើរ ដើម្បីធានាដល់ការធ្វើបាតុកម្មប្រកបដោយសន្តិវិធី គ្មានអំពើហិង្សា ប៉ះពាល់ដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ អាយុជីវិតមនុស្ស ទ្រព្យសម្បត្តិសាធារណៈ និងឯកជន ។
ជាមួយគ្នានេះដែរ ទាក់ទងនឹងការយកញត្តិទៅដាក់ជូនស្ថានទូត ឬស្ថានតំណាងនានា ក្រសួងមហាផ្ទៃបានបញ្ជាក់ប្រាប់ថា ឲ្យគណបក្សសង្គ្រោះជាតិត្រូវទាក់ទងផ្ទាល់ជាមុនជាមួយនឹងស្ថានទូត ស្ថានតំណាងនីមួយៗ ។ ក្នុងករណីមានការយល់ព្រមទទួលយកញត្តិពីស្ថានទូត ស្ថានតំណាងណាមួយរួចហើយ គណបក្សសង្គ្រោះជាតិត្រូវធានាទទួលខុសត្រូវនាំអ្នកនាំញត្តិត្រឡប់ទីលានប្រជាធិបតេយ្យវិញប្រកបដោយសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ៕
Source from: www.dtn7.com
Post a Comment