ខេត្តកំពង់ចាម ៖ ចាប់តាំងពីលោក លន់ លឹមថៃ បានឡើងធ្វើជាអភិបាលខេត្តកំពង់ចាម គេសង្កេតឃើញភាពអសកម្ម និងភាពអនាធិបតេយ្យ កំពុងកើតមានសឹងគ្រប់រូបភាព ជាពិសេសមានករណី លួចនាំចេញជ័រកៅស៊ូ ទៅលក់នៅស្រុកយួន តាមច្រករបៀងខុសច្បាប់ចំនួន២កន្លែង ក្នុងស្រុកមេមត់ និងស្រុកពញាក្រែក គេមិនដែលឃើញលោក លន់ លឹមថៃ ហ៊ានហើបមាត់ពីបញ្ហានេះម្តងណាឡើយ មិនដឹងជាមានអាថ៌កំបាំងអ្វី ហើយសកម្មភាពនាំចេញជ័រកៅស៊ូ ដោយមិនបង់ពន្ធទៅលក់នៅស្រុកយួន មានសកម្មភាពកាន់តែគគ្រឹកគគ្រេង មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ ក៍កំពុងសប្បាយកើបផលប្រយោជន៍ យកទៅច្រកហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួនផងដែរ។
សេចក្តីរាយការណ៍បានឲ្យដឹងថា មានច្រករបៀងខុសច្បាប់ចំនួន ២កន្លែង កំពុងធ្វើសកម្មភាពដឹកជញ្ជូនជ័រកៅស៊ូ យកទៅលក់នៅស្រុកយួន ដោយគ្មានការបង់ពន្ធ ហើយជំនាញគយក៏ដូចជាសមត្ថកិច្ច ដែលប្រចាំការតាមដងផ្លូវ សប្បាយក្នុងការរាប់ក្បាលឡានយកលុយ មិនដែលខ្វល់ខ្វាយពីវិធានការ កែទម្រង់ម្តងណាឡើយ។ ជាពិសេសសេចក្តីក្រើនរំលឹករបស់លោក អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អំពីការបង្ការបង្ក្រាបទប់ស្កាត់ អំពើគេចពន្ធក៏ពួកគេមិនដែល ឈឺក្បាលវិលមុខម្តងណាឡើយ។ សម្រាប់ការនាំចេញជ័រកៅស៊ូ ដោយមិនបានបង់ពន្ធ តាមច្រករបៀងទាំង ២កន្លែងនោះ ប្រសិនបើគ្មានភ្លើងខៀវពីលោក ឃុន រ៉ាន់ ទេនោះច្បាស់ណាស់ដែលថា ការនាំចេញជ័រកៅស៊ូដោយមិនបង់ពន្ធ មិនអាចដំណើរការបានទេ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា ច្រករបៀងទាំង ២កន្លែងនោះ រួមមានច្រកខ្ទុំ ស្ថិតក្នុងស្រុកមេមត់ និងច្រកថ្មីមួយទៀត ដែលទើបបង្កើតឡើងឈ្មោះច្រកត្នោត ស្ថិតក្នុងស្រុកពញាក្រែក ខេត្តកំពង់ចាម បច្ចុប្បន្ននេះមានសកម្មភាព ដឹកជញ្ជូនជ័រកៅស៊ូទៅលក់នៅស្រុកយួន ដោយប្រើប្រាស់គោយន្តកែច្នៃ ក្នុងមួយថ្ងៃៗមិនតិចជាង ២០០ ទៅ ៣០០តោននោះទេ ហើយសម្រាប់ឡានកែច្នៃមួយគ្រឿង អាចផ្ទុកជ័រកៅស៊ូបានដល់ទៅជាង ១០តោន។ ក្រុមឈ្មួញកណ្តាល កំពុងប្រមូលលុយចំណេញនៅលើគោក តាមរយៈការប្រមូលទិញជ័រកៅស៊ូ ដឹកយកទៅលក់នៅស្រុកយួន តាមច្រកខ្ទុំ និងច្រកត្នោត ដោយគ្មានការបង់ពន្ធ គឺចំណេញទ្វេមួយជាពីរឯណោះ ដោយគ្រាន់តែបង់ថ្លៃក្បាលឡានឲ្យជំនាញគយ និងសមត្ថកិច្ចពាក់ព័ន្ធតាមដងផ្លូវ គឺជាការស្រេចទៅហើយ ។
ជាគោលការណ៍ សម្រាប់ការនាំចេញជ័រកៅស៊ូ ទៅលក់នៅក្រៅប្រទេស ត្រូវបង់ពន្ធយ៉ាងតិចបំផុត ១០ភាគរយ នៃតម្លៃជ័រកៅស៊ូក្នុង ១តោន ឧទាហរណ៍ដូចជា បើជ័រកៅស៊ូ ១តោនលក់បានតម្លៃ ៥០០ដុល្លារអាមេរិក ត្រូវបង់ពន្ធ ចំនួន ៥០ដុល្លារ ក្នុងមួយតោន ដូច្នេះសម្រាប់ឡានកែច្នៃ ដែលដឹកកៅស៊ូជាង ១០តោន គ្រាន់តែមួយរថយន្តត្រូវបង់ពន្ធប្រមាណ ៥០០ដុល្លារអាមេរិកទៅហើយ។ ប៉ុន្តែនៅពេលដែលជំនាញគយ និងសមត្ថកិច្ចពាក់ព័ន្ធបើកចំហ ច្រករបៀងខុសច្បាប់ទាំង ២កន្លែងនេះ ឲ្យក្រុមឈ្មួញនាំចេញជ័រកៅស៊ូ ដោយមិនបង់ពន្ធឃើញថា ខាតបង់ចំណូលថវិកាជាតិច្រើនណាស់។ គេមិនច្បាស់ទេថា តើការបើកច្រករបៀងទាំង ២កន្លែងនេះ សម្រាប់ឲ្យក្រុមឈ្មួញនាំចេញជ័រកៅស៊ូទៅលក់នៅស្រុកយួន ជាគោលការណ៍របស់រាជរដ្ឋាភិបាល ឬគ្រាន់តែមានការឯកភាព ពីលោក លន់ លឹមថៃ ឬក៏យ៉ាងណានោះទេ។
ប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីលោក ហ៊ុន ណេង កាន់តំណែងជាអភិបាលខេត្តកំពង់ចាម គេសង្កេតឃើញឈ្មួញតូចតាចមួយចំនួន បានរកស៊ីនាំចេញជ័រកៅស៊ូ តាមច្រករបៀងទាំង ២កន្លែងនោះដឹកតាមម៉ូតូ ដើម្បីបានប្រាក់យកទៅផ្គត់ផ្គង់ឆ្នាំងបាយ។ ប៉ុន្តែចាប់តាំងពីលោក លន់ លឹមថៃ ឡើងធ្វើជាអភិបាលខេត្តកំពង់ចាម គេសង្កេតឃើញជំនាញគយ និងសមត្ថកិច្ចពាក់ព័ន្ធ បានបើកចំហច្រករបៀងទាំង ២កន្លែងនេះឲ្យក្រុមឈ្មួញធំៗ សម្រុកនាំចេញជ័រកៅស៊ូទៅលក់នៅស្រុកយួន តាមរយៈរថយន្តច្នៃក្នុងមួយថ្ងៃ មិនតិចជាង ២០ទៅ៣០ គ្រឿងនោះទេ។ ឃើញថាគ្រាន់តែការឃុបឃិតឲ្យក្រុមឈ្មួញ នាំចេញជ័រកៅស៊ូមិនបង់ពន្ធ តាមច្រករបៀងទាំង ២កន្លែងនេះ នាំឲ្យខាតបង់ចំណូលថវិកាជាតិ ខ្ទង់ពាន់ដុល្លារអាមេរិកក្នុងមួយថ្ងៃៗ ហើយបើគិតជាខែឬឆ្នាំ តើខាតបង់ចំណូលជាតិអស់ប៉ុន្មាន។
សម្រាប់ការនាំចេញជ័រកៅស៊ូ ដោយមិនបង់ពន្ធតាមច្រករបៀងខុសច្បាប់ទាំង ២កន្លែងនេះផងដែរ កំពុងតែធ្វើឲ្យឈ្មួញរកស៊ីបង់ពន្ធស្របច្បាប់មួយចំនួនដួលបះជើង ព្រោះពួកគេត្រូវប្រមូលទិញជ័រកៅស៊ូ ពីប្រជាពលរដ្ឋក្នុងតម្លៃថ្លៃ គិតទាំងការបង់ពន្ធ និងសោហ៊ុយដឹកជញ្ជូនទៅលក់នៅស្រុកយួន យកមកទូទាត់ថ្លៃដើម សឹងថាមិនចំណេញនោះទេ។ ប៉ុន្តែសម្រាប់ក្រុមឈ្មួញ ដែលនាំចេញជ័រកៅស៊ូ ដោយមិនបង់ពន្ធអាចប្រមូលទិញជ័រកៅស៊ូក្នុងតម្លៃថ្លៃ គឺអាចទិញបានច្រើន សម្រាប់នាំចេញទៅលក់នៅស្រុកយួន ដោយលក់ក្នុងតម្លៃថោក ជាងឈ្មួញដែលបង់ពន្ធស្របច្បាប់។ ការឃុបឃិតបើកចំហឲ្យក្រុមឈ្មួញ នាំចេញជ័រកៅស៊ូដោយមិនបង់ពន្ធ តាមច្រករបៀងទាំង ២កន្លែងនេះ ធ្វើឲ្យឈ្មួញជាច្រើនមានឱកាស បំផ្លាញចំណូលថវិកាជាតិ ដោយគ្រាន់តែបង់ថ្លៃក្បាលឡាន ឲ្យជំនាញគយនិងសមត្ថកិច្ចពាក់ព័ន្ធតែប៉ុណ្ណោះ៕
Source from: watphnom-news.com























Loading...




Post a Comment