រាជធានីភ្នំពេញ ៖ ក្រុមចោរបានលួចគាស់ទូដែក នៅក្នុងផ្សារអូរឫស្សីយកលុយ និងសម្ភារៈសរុបជាង ៤ម៉ឺនដុល្លារ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៥ ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៣ នៅតូបលេខ ក (០១) ២៥ មណ្ឌល២ នៃផ្សារអូរឫស្សី ហើយគណៈកម្មការ ផ្សារអូរឫស្សីបានដាក់ ការសង្ស័យទៅលើសន្តិសុខផ្សារចំនួន ២នាក់ និងប្អូនថ្លៃសន្តិសុខម្នាក់ ហើយត្រូវបានឃាត់ខ្លួន យកទៅអធិការខណ្ឌ ៧មករាដើម្បីធ្វើការ សាកសួរផងដែរ។
ជនរងគ្រោះឈ្មោះ ឈួ ឆេងអ៊ាង ភេទស្រី អាយុ ៤៩ឆ្នាំ រស់នៅផ្ទះលេខ ៥៦D៥ ផ្លូវ៨៣០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ទ្រព្យសម្បត្តិ ដែលបាត់បង់នៅក្នុងទូដែកនោះ រួមមានលុយដុល្លារចំនួន១៨០០០ដុល្លារ លុយរៀលចំនួន ៩០លានរៀល លុយយូរ៉ូចំនួន ៦០យូរ៉ូ លុយបាត លុយដុង លុយអូស្ត្រាលីមួយចំនួន រួមនឹងកម្ទេចប្លាទីនមួយចំនួន, កាតទូរស័ព្ទ ០៩៧ -០១២ និងស្មាតចំនួន២ពាន់ដុល្លារ សរុបលុយដែលបាត់បង់ នៅក្នុងទូដែកនោះចំនួនជាង ៤ម៉ឺនដុល្លារ។
នៅរសៀលថ្ងៃទី២២ ខែតុលានេះ សមត្ថកិច្ចប៉ូលិសមូលដ្ឋាន ប៉េអឹមខណ្ឌ ៧មករា និងគណៈកម្មការផ្សារអូរឫស្សី ចូលរួមជាមួយប៉ូលិសបច្ចេកទេស នៃស្នងការរាជធានីភ្នំពេញ បានធ្វើកោសលវិច័យយ៉ាងប្រុងប្រយ័ត្ន លើទូដែកមួយដែលចោរលួចគាស់ ហើយទន្ទឹមនឹងការធ្វើ កោសលវិច័យនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ដែលជាសន្តិសុខផ្សារចំនួន ២នាក់និងប្អូនថ្លៃសន្តិសុខម្នាក់ផងដែរ ដើម្បីធ្វើការសួរនាំនៅអធិការខណ្ឌ ៧មករា៕
Source from: watphnom-news.com























Loading...




Post a Comment