ប្រទេសចិន ៖ ប៉ូលីសបានទុកចោល សាកសពយុវជនម្នាក់ ជាកូនប្រុសមហាសេដ្ឋី ដែលបានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែការបើករថយន្តទំនើបតម្លៃប្រហែល ១២ ម៉ឺនដុល្លារប្រណាំងគ្នាលេងលើផ្លូវសាធារណៈ ហើយទង្វើនេះក៏ជាសារព្រមាន ដល់អ្នកបើកបរទាំងអស់ ពុំត្រូវធ្វេសប្រហែស អំឡុងពេលធ្វើដំណើរលើដងផ្លូវនោះទេ ។
ប្រភពព័ត៌មានរបស់ប្រទេសចិន បានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅទីក្រុង Kunming ខេត្ត Yunnan បណ្តាលឱ្យបុរសម្នាក់អាយុ ២៨ ឆ្នាំ ជាកូនប្រុសមហាសេដ្ឋីចិនម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម លើកណ្តាលទ្រូងផ្លូវ ។ មុនពេលកើតហេតុ បុរសរងគ្រោះ បានបើករថយន្តទំនើបប្រភេទ JaguarF-Type តម្លៃ ៧៩.០០០ ផោនប្រហាក់ប្រហែល ១២ ម៉ឺនដុល្លារ ដេញប្រណាំងគ្នា ជាមួយរថយន្តជាច្រើនគ្រឿងទៀត លើដងផ្លូវសាធារណៈ ក្នុងទីក្រុង Kunming។
ដោយការបើកបរក្នុងល្បឿនលឿន ដើម្បីវ៉ារថយន្តនៅខាងមុខ រថយន្តបុរសរងគ្រោះ ក៏បានជ្រុលហោះ ចូលផ្លូវម្ខាងទៀត ទៅបុកដើមឈើមួយដើម ធ្វើឱ្យបុរសរងគ្រោះ ប៉ើងចេញពីរថយន្ត និងត្រួវបានរថយន្តអ្នកដំណើរតាមផ្លូវ កិនស្លាប់ភ្លាមៗនៅនឹងកន្លែង ។ សាក្សីបានបន្តថា ក្រោយពេលកើតហេតុ សាកសព បុរសខាងលើ ពុំត្រូវបានក្រុមប៉ូលិសយកក្រណាត់ គ្របបិទបាំងពីលើ ឬបញ្ជូនចេញ ពីកន្លែងកើតហេតុភ្លាមៗឡើយ។
ប៉ូលីសបានទុកសាកសពបុរសនោះ ចោលកណ្តាលផ្លូវ រយៈពេល ១ ម៉ោង ហាក់ដូចជាចង់បង្ហាញជាសារព្រមាន ដល់អ្នកដំណើរដទៃ កុំឲ្យយកគំរូអាក្រក់ តាមបុរសម្នាក់នេះ ដែលបានយកផ្លូវសាធារណៈ ធ្វើជាទីលានប្រណាំងរថយន្តកម្សាន្តលេង ដែលជាទង្វើខុសច្បាប់ និងអាចបណ្តាលឲ្យ ស្លាប់បាត់បង់ជីវិត ដូចបុរសម្នាក់នេះ ។ របាយការណ៍មួយបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់ជីវិតមនុស្សចំនួន ២២០.០០០ នាក់ជារៀងរាល់ឆ្នាំទូទាំង ប្រទេសចិនដែលនេះជាតួលេខ ច្រើនជាងប្រទេសដទៃទៀត លើពិភពលោក ៕
Source from: watphnom-news.com
Post a Comment