ខេត្តរតនគីរី ៖ ជនសង្ស័យមិនស្គាល់មុខ បានបាញ់សម្លាប់ ថៅកែចំការកៅស៊ូម្នាក់ នៅស្រុកអូរជុំ ខេត្ដរតនគីរី យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅក្នុងចំការកៅស៊ូរបស់ខ្លួន នៅភូមិពីងឃុំសាមគ្គី ស្រុកអូរជុំ ខេត្ដរតនគីរី ហើយសាកសពជនរងគ្រោះ ត្រូវបានបញ្ជូនមកធ្វើបុណ្យ នៅក្រុងតាខ្មៅ។
ថៅកែចំការកៅស៊ូ ដែលត្រូវជនមិនស្គាល់ មុខបាញ់សម្លាប់មានឈ្មោះ សែ ម៉ូវសែ អាយុជាង ៥០ឆ្នាំ រស់នៅក្រុងតាខ្មៅ ខេត្ដកណ្ដាល រីឯប្រពន្ធរបស់គាត់ រស់នៅសហរដ្ឋអាមេរិក មានចំការកៅស៊ូចំនួន ៣០០ ហិកតា និងមានកម្មករ ជាច្រើននាក់ស្នាក់នៅ និងធ្វើការជាមួយគាត់ ដែលជាថៅកែមានចិត្តធម៌ គិតគូរសុខទុក្ខកម្មករ ទំនុកបម្រុងទាំងការហូបចុក និងស្នាក់នៅ។
រៀងរាល់ព្រឹកឈ្មោះ សែ ម៉ូវសែ តែងតែដឹកកម្មករ តាមរថយន្ដ តូយូតា ១បាំងកន្លះ ដាក់តាមថ្នល់កៅស៊ូ ដើម្បីសំអាតស្មៅ ដូចសព្វមួយដង។ ប៉ុន្ដែនៅថ្ងៃកើតហេតុ ដល់ពេលហូបបាយថ្ងៃត្រង់ ក្រុមកម្មករមិនបានឃើញ ឈ្មោះ សែ ម៉ូវសែ បើករថយន្ដ មកយកពួកគាត់ ក៏នាំគ្នាដើរទៅរកបាយ ស្រាប់តែឃើញឈ្មោះ សែ ម៉ូវសែ ដេកផ្កាប់មុខលើផ្លូវ ជន្លងកៅស៊ូ ស្លាប់បាត់ទៅហើយ។
សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះត្រូវបាន ជនមិនស្គាល់មុខ រៀបចំផែនការទុកជាមុន ហើយមានគ្នាចាប់ពី ២នាក់ឡើងទៅ ដោយប្រើកាំភ្លើងវែងអាកា បាញ់ទៅលើជនរងគ្រោះ ដោយបន្សល់ទុកសំបកកាទូសមួយផងដែរ។ ជនបង្កបានបាញ់ចេញ ពីគុម្ពោតព្រៃ ដែលមានចម្ងាយប្រហែល ៣ ម៉ែត្រ ហើយបាញ់ចំឆ្អឹងខ្នងពីក្រោយ ធ្លាយមកចុងដង្ហើម ស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ៕
Source from: watphnom-news.com
Post a Comment