ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ ទាំងអ្នកមាននិងអ្នកក្រ បានសម្តែងភាពក្តៅក្រហាយយ៉ាងខ្លាំង ទៅលើចំណាត់ការរបស់លោក សូរ សុខ ឬ លូ សុខ ជាប្រធានសុរិយោដី និងសំណង់ខេត្តព្រះសីហនុ ដែលបានឆ្លៀតឱកាស យកគោលនយោបាយចាស់ សកម្មភាពថ្មីរបស់ប្រមុខរាជរដ្ឋាភិបាល ទៅធ្វើអាជីវកម្មកេងប្រវ័ញ្ចញើសឈាម ប្រជាពលរដ្ឋក្រីក្រយ៉ាងអយុត្តិធម៌បំផុត ហើយគេសង្ឃឹមថា ក្នុងអាណត្តិថ្មីនេះទំនងជាលោក សូ សុខ គ្មានវាសនាបន្តតំណែង ពុករលួយដុះស្លែទៀតទេ។
អតីតគ្រួសារខ្មែរក្រហម រស់នៅភូមិអន្លង់ក្រពើ បានបង្ហើបឲ្យដឹងថា កន្លងមកក្រុមនិស្សិត បានចុះទៅវាស់វែងដីធ្លីដើម្បីធ្វើ ប័ណ្ណកម្មសិទ្ធិជូនពួកគាត់ ប្រមាណ១០៥គ្រួសារ រួចរាល់អស់ហើយ ប៉ុន្តែមកដល់ពេលនេះ ពួកគាត់នៅមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិ ស្របច្បាប់នៅឡើយទេ។ ប្រជាពលរដ្ឋបានលើកឡើងទៀតថា ក្រោយការចុះវាស់វែងដីធ្លី រួចរាល់ហើយនោះ គេសង្កេតឃើញមន្ត្រីសុរិយោដីរបស់លោក សូរ សុខ បានចុះទៅជួបជាមួយប្រជាពលរដ្ឋ ហើយកន្លែងខ្លះគេទារលុយត្រង់ៗតែម្តង បើប្រជាពលរដ្ឋមិនព្រម បង់លុយឲ្យពួកគេទេនោះ គឺមន្ទីរសុរិយោដីនិងសំណង់របស់លោក សូរ សុខ មិនខ្វល់ខ្វាយចេញប័ណ្ណកម្មសិទ្ធិឲ្យទេ។
សូម្បីតែប្រជាពលរដ្ឋ រស់នៅតំបន់ព្រែកទប់ រាប់រយគ្រួសារ ក៏បានប្រតិកម្មចំពោះ មន្ត្រីជំនាញសុរិយោដីរបស់លោក សូរ សុខ ដែលបានចុះទៅប្រមូលលុយ ពីប្រជាពលរដ្ឋថ្លៃធ្វើប័ណ្ណកម្មសិទ្ធិ បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញគោលការណ៍ អនុញ្ញាតឲ្យប្រជាពលរដ្ឋនៅ តំបន់ព្រែកទប់ មានសិទ្ធិកាន់កាប់អាស្រ័យផលលើដីរបស់ពួកគេ ដោយស្របច្បាប់។ ប៉ុន្តែមកដល់ពេលនេះ ក៏មិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិ ស្របច្បាប់នៅឡើយដែរ មិនដឹងជាថ្ងៃណា ហើយនៅពេលឆាប់ៗនេះ ប្រជាពលរដ្ឋគ្រោងនាំគ្នាទៅសួរលោក សូរ សុខ ថាតើប័ណ្ណកម្មសិទ្ធិរបស់ពួកគាត់ ដែលបានបង់លុយរួចហើយនោះ ថ្ងៃណាទើបបានយកមកប្រើប្រាស់ជាផ្លូវការ។
ក្រោមការដឹកនាំរបស់លោក សូរ សុខ អស់រយៈពេល៣អាណត្តិមកនេះ គេសង្កេតឃើញថា មន្ទីរសុរិយោដី និងសំណង់ខេត្តព្រះសីហនុ បានក្លាយទៅជាក្រុមហ៊ុនឯកជន អាជីវកម្មផ្តាច់មុខ រង់ចាំប្រមូលលុយពីប្រជាពលរដ្ឋ ដែលមកស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិ ឬស្នើសុំឯកសារផ្សេងៗ ហើយសម្រាប់ការបញ្ជូនឯកសារ ឲ្យថ្នាក់លើពិនិត្យនិងសម្រេច បើឯកសារណាមួយ មិនមានភ្ជាប់ប្រាក់ទេនោះ ថ្នាក់លើក៏មិនពិនិត្យដែរ។ ជាធម្មតាប្រជាពលរដ្ឋទៅធ្វើប័ណ្ណកម្មសិទ្ធិ ឬស្នើសុំផ្ទេរកម្មសិទ្ធិ ជួបផលលំបាកយ៉ាងខ្លាំង ប៉ុន្តែសម្រាប់អ្នកមានលុយ មានអំណាចទទួលបានការយោគយល់ពីលោក សូរ សុខ ឲ្យតែបង់លុយគ្រប់ចំនួន ទោះជាដីព្រៃលិចទឹក ដីចំណីសមុទ្រ ឬដីមានទំនាស់ ក៏ពួកគេអាចធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់៕
Source from: watphnom-news.com























Loading...




Post a Comment