រាជធានីភ្នំពេញ ៖ មានព័ត៌មានខ្សឹបខ្សៀវចេញពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងការរៀបចំរចនាសម្ព័ន្ធ និងការផ្លាស់ប្តូរមុខតំណែងមន្ត្រីគយសំខាន់ៗមួយចំនួន ដែលក្នុងនោះគេដឹងថា មន្ត្រីគយដែលជាខ្សែទុយោ ឬជិតដិតជាមួយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច កំពុងត្រូវប៉ាន់ជាងគេ។ ដូចដែលប្រភពបានបង្ហើបឲ្យដឹងថា មិត្តភក្តិឬបក្ខពួករបស់លោក អូន ព័ន្ធមុនីរ័ត្ន ជាច្រើនត្រូវបានដំឡើងឋានៈ ជាប្រធានសាខាគយនិងរដ្ឋាករ ឬឡើងទៅកាន់តំណែងខ្លាញ់ តំណែងដែលអាចប្រព្រឹត្តអំពើពុករលួយ យកទៅចែកគ្នាធ្វើមានធ្វើបានផ្ទាល់ខ្លួន ដើរបញ្ច្រាសទៅនឹងគោលដៅ នៃការកែទម្រង់របស់រាជរដ្ឋាភិបាល។
មន្ត្រីមួយចំនួនបានខ្សឹបខ្សៀវគ្នាថា លោក អូន ព័ន្ធមុនីរ័ត្ន បានរៀបចំរចនាសម្ព័ន្ធ ក្នុងអង្គភាពគយនិងរដ្ឋាករ ដោយមានការផ្លាស់ប្តូរមុខតំណែងមន្ត្រីគយមួយចំនួន តាមយុទ្ធសាស្ត្រកាត់ផ្តាច់សែស្រឡាយ ឬបក្ខពួករបស់លោក ប៉ែន ស៊ីម៉ន ដែលជាអគ្គនាយកគយ ពោរពេញដោយភាពអសកម្ម។ ចាប់ផ្តើមពីដំបូងនៃការកែទម្រង់ មានការផ្លាស់ប្តូរតំណែងមេគយចល័ត ដែលសព្វថ្ងៃនេះកំពុងកាន់កាប់ ដោយលោក កែវ សុខឃាង ជាមន្ត្រីគយដ៏មានអំណាច និងមានលុយច្រើនហូរហៀរ ហើយគេល្បីជាយូរមកហើយ ថាលោក កែវ សុខឃាង បានបង្កើតឲ្យមានអំពើបក្ខពួកជាប្រព័ន្ធ ក្នុងអង្គភាពគយចល័ត ហើយក៏មានការឃុបឃិត ឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់ដោយគ្មានការបង្ក្រាបផងដែរ។
តាមប្រភពខ្សឹបខ្សៀវដែលធ្លាយចេញ ពីមន្ត្រីគយមួយចំនួនបានឲ្យដឹងថា លោក កែវ សុខឃាង បើទោះបីជាថ្នាក់លើ បានដោះដូរតំណែងគាត់ក៏ដោយ ក៏លោក កែវ សុឃាង ត្រូវឡើងទៅកាន់តំណែងខ្លាញ់មួយទៀត ជាប្រធាននាយកដ្ឋាន គ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស មិនចាញ់តំណែងជាមេគយចល័ត នៅទូទាំងប្រទេសប៉ុន្មានទេ នាំឲ្យមានការរិះគន់ថា លោក កែវ សុខឃាង ដែលពោរពេញដោយអំពើពុករលួយ មិនគួរតែងតាំងតំណែងដែលល្អជាងមុននោះទេ។ មានការបង្ហើបឲ្យដឹងផងដែរថា លោក កើត សុធារ៉ា បច្ចុប្បន្នជាប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ត្រូវតែងតាំងជាប្រធានគយចល័ត នៅទូទាំងប្រទេស ជំនួសតំណែងលោក កែវ សុខឃាង ហើយគេដឹងថា លោក កើត សុធារ៉ា នេះគឺជាមិត្តភក្តិជិតដិត របស់លោក អូន ព័ន្ធមុនីរ័ត្ន។
មានការបង្ហើបឲ្យដឹងផងដែរថា ក្រោយពេលផ្លាស់ប្តូរតំណែងលោក កើត សុធារ៉ា មកកាន់ជាមេគយចល័ត នៅទូទាំងប្រទេស ទំនងជានឹងមានការតែងតាំងលោក ប៉ែន សារ៉ាត់ ជាសាច់ញាតិរបស់លោក ប៉ែន ស៊ីម៉ន ឲ្យឡើងកាន់តំណែង ជាប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ទីដែលមានសក្តានុពលប្រមូល ផលប្រយោជន៍សេដ្ឋកិច្ចពីការដឹកជញ្ជូនទំនិញ ទាំងខុសច្បាប់និងស្របច្បាប់ យកទៅច្រកហោប៉ៅធ្វើមានធ្វើបានផ្ទាល់ខ្លួន។ ក្នុងចង្កោមគយចល័ត របស់អគ្គនាយកដ្ឋានដែលជាសែស្រឡាយ របស់លោក កែវ សុខឃាង ក៏អាចមានការផ្លាស់ប្តូរមួយចំនួនផងដែរ ហើយច្បាស់ណាស់ដែលថា លោក លី សារឿន ជាមនុស្សជំនិតបំផុត និងជាអ្នករកលុយដ៏សំខាន់ យកទៅជូនលោក កែវ សុខឃាង កំពុងភ័យស្លន់ស្លោជាងគេ ព្រោះគាត់អាចជាមុខសញ្ញា នៃការដោះដូរមុខតំណែងផងដែរ។
យ៉ាងណាក៏ដោយ ការផ្លាស់ប្តូរតំណែងមន្ត្រីគយ មួយចំនួនក្នុងពេលខាងមុខនេះ មិនមែនធ្វើឡើងក្រោមរូបភាព កែទម្រង់ដើម្បីលុបបំបាត់អំពើពុករលួយ និងអំពើបក្ខពួកនិយមជាលក្ខណៈប្រព័ន្ធនោះទេ គ្រាន់តែជាការរៀបចំខ្សែទុយោ ដើម្បីផ្តល់ឱកាសឲ្យលោក អូន ព័ន្ធមុនីរ័ត្ន បានរៀបចំតែងតាំងមនុស្សរបស់គាត់ ឲ្យកាន់តំណែងខ្លាញ់ តំណែងល្អក្នុងអង្គភាពគយ និងរដ្ឋាករតែប៉ុណ្ណោះ។ គេមិនច្បាស់ទេថា តើតំណែងរបស់លោក ប៉ែន ស៊ីម៉ន អាចនឹងផ្លាស់ប្តូរឬក៏យ៉ាងណានោះទេ ទន្ទឹមពេលដែលមតិមួយចំនួនបានលើកឡើងថា លោក ប៉ែន ស៊ីម៉ន នៅតែអាចមានឱកាសកាន់តំណែង ជាអគ្គនាយកគយមួយអាណត្តិទៀត ដើម្បីប្រមូលលុយយកទៅសង់បង្ហើយ របងភូមិគ្រឹះដ៏ធំស្កឹមស្កៃតម្លៃរាប់លានដុល្លារ នៅប្លុកចំការមន៕
Source from: watphnom-news.com























Loading...




Post a Comment