ក្មេងស្រីម្នាក់ត្រូវបានសាច់ញាតិរបស់នាងប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងអូរមួយ ឋិតនៅចំណុចអូររំចេក ភូមិសេរីវន្ត័ ឃុំអណ្តើកហែប ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង កាលពីវេលាម៉ោងប្រមាណ១៣រសៀល នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ម្សិលមិញនេះ ក្នុងរូបភាពអាក្រាតកាយនៅល្វែងខាងក្រោមនិងមានស្នាមរបួសចាក់ដោយកាំបិតចុងស្រួចជាច្រើនកន្លែង ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ងួន ច្រិប ទើបមានអាយុ១៥ឆ្នាំប៉ុណ្ណោះ មានទីលំនៅភូមិកើតហេតុខាងលើ ត្រូវបានប្រទះឃើញដេកស្លាប់ក្នុងអូរ មានពាក់អាវយឺតដៃខ្លីពណ៌ផ្ទៃមេឃលាយផ្កា ដោយល្វែងខាងក្រោមមានសភាពអាក្រាតគ្មានអ្វីបិទបាំងទេ ប៉ុន្តែមានស្នាមមុតដោយកាំបិតចុងស្រួចនៅលើដើមទ្រូង២កន្លែង នៅខាងក្រោយខ្នង២កន្លែង និងនៅត្រង់ក្បាលចំនួន១កន្លែង ។
ស្ត្រីឈ្មោះ ពុធ ទុំ ត្រូវជាបងជីដូនមួយរបស់ក្មេងស្រីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា ប្អូនស្រីជីដូនមួយរបស់នាងបានចេញពីផ្ទះទៅឃ្វាលគោដូចសព្វមួយដង និងក្រោយមកនាងក៏បានប្រទះឃើញសពប្អូនស្រីដេកស្លាប់នៅក្នុងអូរតែម្តង ។
ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មនេះ ត្រូវបានលោកស័ក្តិ៥ ជេត វណ្ណនី ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងទទួលបន្ទុកផែនយុត្តិធម៌បានធ្វើការសន្និដ្ឋានថា ការស្លាប់របស់ក្មេងស្រីរងគ្រោះយ៉ាងអាណោចអាធ័មនេះ គឺជាករណីរំលោភសម្លាប់ដើម្បីបំបិទព័ស្តុតាង ៕
Source from: www.dtn7.com
Post a Comment