កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ម្សិលមិញនេះ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានបំបែកសំណុំរឿងឃាតកម្ម ដែលឃាតកបានប្រើកាំបិតដ៏មុតស្រួចចាក់ និងអារ.កទៅលើស្ត្រីម្នាក់ឈ្មោះ គួ លីជូ អាយុ៣៤ឆ្នាំ មានកូនក្នុងផ្ទៃអាយុ៣ខែ និងមានកូនប្រុសអាយុ១ឆ្នាំ២ខែក្នុងបន្ទុក បណ្តាលឲ្យស្ត្រីរងគ្រោះស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅលើពូកក្នុងផ្ទះជាន់ទី១ ផ្លូវលេខ៦៤៥ ភូមិដើមមក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នារាត្រីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣នោះរួចហើយ ដោយធ្វើការសន្និដ្ឋានថា បុរសជាប្តីជនរងគ្រោះជាអ្នករៀបចំគម្រោងផែនការ និងស្រីកំណាន់ចិត្តវ័យក្មេងរបស់បុរសរូបនេះជាអ្នកធ្វើសកម្មភាពដោយផ្ទាល់ ពោលគឺពួកគេជាឃាតកដ៏ព្រៃផ្សៃ ។
បុរសឈ្មោះ ស៊ឺ លូហេងឡុង អាយុ៣២ឆ្នាំ មានមុខរបរជាបុគ្គលិកក្រុមហ៊ុនឯកជន ជាកូនប្រុសរបស់ថៅកែក្រុមហ៊ុនសំណង់មួយឈ្មោះ តុង និងត្រូវជាប្តីស្របច្បាប់របស់ជនរងគ្រោះ និងស្ត្រីវ័យក្មេងម្នាក់ឈ្មោះ ប្រាក់ សុវណ្ណវលក្ខណ៍ អាយុ២៣ឆ្នាំ មានមុខរបរជាបុគ្គលិកក្រុមហ៊ុនឯកជន ត្រូវជាស្រីកំណាន់ចិត្តរបស់បុរសឈ្មោះ ស៊ឺ លូហេងឡុង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣ និងបានបង្ហាញជនសង្ស័យទាំង២នាក់នេះជាសាធារណៈក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ បន្ទាប់ពីបានសាកសួរនិងអង្កេតស្រាវជ្រាវយ៉ាងល្អិតល្អន់រួចមក ។ លើសពីនេះ សមត្ថកិច្ចនគរបាលក៏បានបញ្ជូនខ្លួននិងសំណុំរឿងរបស់ជនសង្ស័យទាំង២នាក់ទៅស្ថាប័នតុលាការឲ្យបន្តចាត់ការតាមនីតិវិធីនៃច្បាប់ ។
របាយការណ៍សន្និដ្ឋានរបស់សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា បន្ទាប់ពីបានអង្កេតស្រាវជ្រាវទៅលើអត្តសញ្ញាណរបស់បុរសជាប្តីដែលជាមនុស្សខាងក្នុង ស្រាវជ្រាវទៅលើក្រុមកម្មករសំណង់ជួសជុលផ្ទះជនរងគ្រោះ និងស្រាវជ្រាវទៅលើស្ត្រីជាអ្នកបម្រើក្នុងផ្ទះជនរងគ្រោះ ព្រមទាំងវត្ថុតាងនានារួចមក នាំឲ្យសមត្ថកិច្ចអាចវាយតម្លៃបានថា សំណុំរឿងនេះគឺជាឃាតកម្មគិតទុកជាមុន ដែលផ្តើមចេញពីបុរសជាប្តីរបស់ជនរងគ្រោះតែម្តង ។
ដំណើរនៃសាច់រឿងដែលត្រូវបានបញ្ជាក់ដោយសមត្ថកិច្ច ឲ្យដឹងថា ក្រោយធ្វើការឃាត់ខ្លួនបុរសជាប្តីជនរងគ្រោះ និងតាមចម្លើយសារភាពរបស់បុរសជាជនសង្ស័យនេះរួចមក សមត្ថកិច្ចក៏បានឈានទៅដល់ការឃាត់ខ្លួនស្រីកំណាន់របស់បុរសនេះ ខណៈពេលស្ត្រីរូបនោះកំពុងចាក់សាំងរថយន្តនៅម្តុំពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោងប្រមាណ១០ព្រឹក នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣ ។
បុរសជាប្តីជនរងគ្រោះនិងស្រីកំណាន់ចិត្តរបស់ខ្លួនឈ្មោះ ប្រាក់ សុវណ្ណវលក្ខណ៍ មានការទំនាក់ទំនងគ្នាតាំងពីចុងឆ្នាំ២០០៩មកម្ល៉េះ រហូតបានផ្តល់លុយកាក់បើកហាងលក់ដូរវត្ថុអនុស្សាវរីយ៍មួយទៀតផង តែបរាជ័យក៏បិទហាងវិញទៅ ។ ក្រោយមក បុរសជាជនសង្ស័យបានបបួលស្រីកំណាន់ចិត្តរបស់ខ្លួនទៅធ្វើការងារនៅក្រុមហ៊ុនឯកជន និងក៏ចេះតែបន្តទំនាក់ទំនងរួមមេត្រីជាមួយគ្នារហូតមក ។ បន្តមកទៀត បុរសជាជនសង្ស័យនិងត្រូវជាប្តីស្ត្រីរងគ្រោះ បានដឹងព័ត៌មានថា ស្រីកំណាន់ចិត្តរបស់ខ្លួនបានភ្ជាប់ពាក្យជាបុរសម្នាក់ផ្សេងទៀត និងគ្រោងរៀបការនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ខាងមុខ ទើបបុរសជាជនសង្ស័យបែកគំនិតផ្តល់មធ្យោបាយ និងរៀបចំផែនការឲ្យស្រីកំណាន់របស់ខ្លួនសម្លាប់ប្រពន្ធស្របច្បាប់របស់ខ្លួនឯងតែម្តងទៅ ខណៈពេលមានឱកាសអំណោយផលនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣នោះ ក្នុងគោលបំណងបានបន្តរួមស្នេហ៍ជាមួយស្រីកំណាន់តាមមហិច្ឆតារបស់ខ្លួន ។
ដោយឈាមស្រែកស្បែកហៅ ទើបបុរសជាប្តីចិត្តអប្រិយនិងស្រីដៃឆើតត្រូវជាសង្សារនឹងគ្នានេះ ត្រូវប៉ូលិសក្របួចបាន រួមទាំងព័ស្តុតាងទ្រព្យសម្បត្តិនានាក្នុងផ្ទះជនរងគ្រោះដែលបាត់បង់ធ្លាក់ក្នុងដៃស្រីឃាតកវ័យក្មេង ដូចជា លុយកាក់ គ្រឿងអលង្ការផ្សេងៗ ព្រមទាំងម៉ូតូប្រមូលយកមកវិញបានទាំងអស់ និងឲ្យជាប់ខ្នោះដៃអាល័យស្នេហ៍ទាំង២នាក់បញ្ជូនទៅតុលាការចាត់ការបន្ត ។
ទោះជាយ៉ាងណាក៏ដោយ ទាំងនេះគឺជាការបំបែកសំណុំរឿងឃាតកម្មដោយសមត្ថកិច្ចនគរបាលយុត្តិធម៌ប៉ុណ្ណោះ រីឯការស៊ើបអង្កេតនិងការកាត់ក្តីយ៉ាងណាៗទៀតនោះ ជាសមត្ថកិច្ចរបស់ស្ថាប័នតុលាការ ។
មជ្ឈដ្ឋានអ្នកច្បាប់បានលើកឡើងថា យោងតាមរបាយការណ៍សំយោគរបស់សមត្ថកិច្ចនគរបាល និងវត្ថុតាងនានាដែលប្រមូលបាន គឺជនសង្ស័យទាំង២នាក់ដែលសាហាយស្មន់នឹងគ្នា និងមានចិត្តអប្រិយនោះ អាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥ឆ្នាំទៅ៣០ឆ្នាំ តាមបញ្ញត្តិមាត្រា២០២នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងសំណុំរឿងឃាតកម្មដ៏គួរឲ្យភ្ញាក់ផ្អើលនិងសឹងមិនគួរឲ្យជឿនេះ បានបន្សល់ទុកនូវកូនប្រុសអាយុ១ឆ្នាំ២ខែកំព្រាម្តាយ និងមានឪពុកចិត្តអប្រិយជាប់គុកច្រវាក់ព្រោះតែងប់ងល់នឹងស្រីស្នេហ៍ធំជាងតម្លៃរបស់ភរិយាខ្លួនឯង ដែលនៅពេលរៀបការសុទ្ធតែសច្ចាថា ធ្វើជាគូស្នេហ៍អមតៈ ប៉ុន្តែអ្វីៗវាខុសពីការសច្ចាទាំងអស់ ៕
Source from: www.dtn7.com
Post a Comment