Page មួយក្នុងបណ្តាញសង្គម Facebook ដែលប្រើឈ្មោះនិងដាក់ Profile រូបថតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានអ្នក Like Page ចំនួន117K "ជាង១១ម៉ឺននាក់"នោះ បាន Post អត្ថបទមួយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣នេះ ក្នុងន័យទទួលស្គាក់គេហទំព័រ Facebook ប៉ុន្តែស្នើឲ្យការរិះគន់ទាំងឡាយប្រកបដោយសីលធម៌ និងសេចក្តីថ្លៃថ្នូរ ។
អត្ថបទដែលបាន Post នោះបានលើកឡើងដូចខាងក្រោម ៖
"ឆ្លងតាមគេហទំព័រ Facebook នេះ យើងសង្កេតឃើញថា ប្រជាពលរដ្ឋ មន្ត្រីរាជការ ព្រះសង្ឃ សិស្ស និស្សិត យុវជន និងយុវតី គឺមានឱកាសបានបញ្ចេញមតិគ្រប់ៗគ្នា ។ ទន្ទឹមនេះ យើងសង្កេតឃើញមានមតិ និងសារគាំទ្រ មតិរិះគន់កែលំអស្ថាបនា និងមានមួយចំនួនទៀត គឺប្រមាថដល់ប្រមុខរាជរដ្ឋាភិបាល គ្មានសីលធម៌ បង្កប់ទៅដោយអំពើញុះញង់ លាបពណ៌ក្នុងបំណងបំបែកបំបាក់ឲ្យខ្មែរយើងមានបញ្ហា ។
យុវជន និងបុគ្គលមួយចំនួនដែលគាំទ្រគណបក្សប្រឆាំង សូមប្រើប្រាស់ពាក្យសម្តីឲ្យមានប្រយោជន៍ដល់ការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ពោលគឺ រិះគន់ប្រកបដោយសីលធម៌ និងសេចក្តីថ្លៃថ្នូរ សមជាកុលបុត្រ កុលធិតាខ្មែរ ។ ការកសាងប្រទេសជាតិឲ្យមានសុខសន្តិភាពមកទល់ពេលនេះ គឺពិបាកណាស់ ។
យុវជនដែលមានអនាគតសមជាទំពាំងស្នងឫស្សី គឺត្រូវមានចំណេះដឹងជ្រៅជ្រះ និងសីលធម៌ថ្លៃថ្នូរ ចេះអប់រំស្រាវជ្រាវ និងចេះជួយខ្លួនឯង ព្រមទាំងមានផែនការអនាគតសម្រាប់ជីវិតច្បាស់លាស់ ។ ការយកពេលវេលាមកបំពុល និងបំផ្លាញសង្គមតាមរយៈ Facebook គឺកំពុងបំផ្លាញអនាគតខ្លួនឯងពិតប្រាកដមុនគេ ។ កុំបន្ទោសអ្នកដទៃថា មិនយកចិត្តទុកដាក់ បើខ្លួនយើងជាអ្នកបំផ្លាញខ្លួនឯង ។ " ។
មតិដែលបានលើកឡើងសំដៅដល់ការយកចិត្តទុកដាក់លើគុណភាពអប់រំ និងអនាគតយុវជន យុវតីខ្មែរ នៅក្នុងអត្ថបទខាងលើនេះ បើគិតតាមទ្រឹស្តី គឺជាការល្អណាស់ ។ ប៉ុន្តែអ្វីដែលប្រាសចាកពីការពិត គឺប្រមុខរាជរដ្ឋាភិបាលមិនបានទទួលនូវព័ត៌មានពិតជាក់ស្តែង ដែលឆ្លុះបញ្ចាំងអំពីសង្គមខ្មែរបច្ចុប្បន្នឡើយ ជាពិសេសបញ្ហាប្រឈមនានាដែលយុវជន យុវតីខ្មែរជួបប្រទះ ។
រូបភាពជាក់ស្តែងបានបង្ហាញថា យុវជន យុវតីខ្មែរសព្វថ្ងៃក្រោមការដឹកនាំរបស់បុរសខ្លាំង គឺកំពុងទទួលបាននូវសេវាអប់រំដែលមានគុណភាពខ្សោយ ព្រោះតែអំពើពុករលួយ ការរើសអើង បក្ខពួកនិយម និងអយុត្តិធម៌សង្គមយ៉ាងពេញបន្ទុក ។ យុវជន យុវតីដែលមានឱកាសនិងមានសំណាងក្នុងការទទួលបាននូវសេវាអប់រំល្អ និងទីផ្សារការងារល្អ គឺភាគច្រើនជាកូនចៅ សែស្រឡាយអ្នកមានទ្រព្យសម្បត្តិ អ្នកមានអំណាចបុណ្យស័ក្តិ ឋិតនៅក្នុងជួរគណបក្សនយោបាយកាន់កាប់អំណាចរបស់ "សម្តេចតេជោសែន"ជាបុរសខ្លាំងទាំងស្រុង ។
សំណួរដែលត្រូវចោទសួរជាអាទិភាពបំផុតនោះ នៅត្រង់ថា តើមតិរិះគន់ស្ថាបនាទាំងឡាយ នៅក្នុងបណ្តាញសង្គម Facebook នោះ បុរសខ្លាំងអាចទទួលបានដោយផ្ទាល់ដែរឬទេ និងបានយកមកពិចារណាទុកជាគតិដើម្បីឈានទៅធ្វើការកែលំអ ដែរឬយ៉ាងណា ? ៕
Source from: www.dtn7.com
Post a Comment