ឈានចូលរយៈពេលមួយខែហើយ ចាប់តាំងពីមានករណីបាញ់ប្រហារទៅលើលោក ម៉ៅ សុខចាន់ ជាកម្មករសំណង់ អាយុ២៩ឆ្នាំ ដែលជាឪពុករបស់កូនចំនួន៤នាក់នៅក្នុងបន្ទុក ចំក្បាលបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មភ្លាមៗ អំឡុងពេលមានការប៉ះទង្គិចគ្នារវាងក្រុមប្រជាពលរដ្ឋ និងសមត្ថកិច្ចយាមកាមនៅស្ពានអាកាសក្បាលថ្នល់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣កន្លងមក ប៉ុន្តែលទ្ធផលនៃការស៊ើបអង្កេតមិនឃើញមានភាពជឿនលឿនទៅមុខទាល់តែសោះ ពោលគឺនៅស្ងៀមទ្រឹងតែម្តង ។
ក្រូមគ្រួសាររបស់ជនរងគ្រោះទាំងស្លាប់ ទាំងរបួស ជាពិសេសក្រុមគ្រួសាររបស់លោក ម៉ៅ សុខចាន់ កំពុងទន្ទឹងរង់ចាំលទ្ធផលនៃការស៊ើបអង្កេតប្រកបចដោយយុត្តិធម៌ ក្នុងករណីបាញ់ប្រហារនេះយ៉ាងអន្ទះសា ខណៈគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតធ្លាប់បានអះអាងថា នឹងបើកការស៊ើបអង្កេតលើករណីបាញ់ប្រហារលោក ម៉ៅ សុខចាន់ ។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ធ្លាប់បានចេញព្រះរាជសារមួយ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ សម្តែងនូវទឹកព្រះទ័យសោកស្តាយ និងក្រៀមក្រំជាអនេកចំពោះបញ្ហាដ៏ធ្ងន់ធ្ងរក្នុងហេតុការណ៍ប៉ះទង្គិចគ្នាយ៉ាងខ្លាំង រវាងប្រជាពលរដ្ឋនិងសមត្ថកិច្ច បណ្តាលឲ្យមានការស្លាប់បាត់បង់ជីវិត និងរងរបួសជាច្រើននាក់នេះ ។ មិនតែប៉ុណ្ណោះ ព្រះអង្គបានប្រទានព្រះរាជអំណោយដល់ក្រុមគ្រួសារសពលោក ម៉ៅ សុខចាន់ និងអ្នករងរបួសផងដែរ ។
ដោយឡែក នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិក៏បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនមួយ ធ្វើការថ្កោលទោសយ៉ាងដាច់អហង្កាចំពោះការប្រើអំពើហិង្សាឃោរឃៅរបស់អាជ្ញាធរប៉ូលិស ដែលបានបាញ់ប្រហារនិងវាយដំទៅលើប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ស្ពានអាកាសក្បាលថ្នល់ កាលពីរាត្រីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ បណ្តាលឲ្យមានប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិត និងរងរបួសជាច្រើននាក់ ។ គណបក្សសង្គ្រោះជាតិក៏បានអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចស៊ើបអង្កេតស្រាវជ្រាវរកជនដែលបានបាញ់សម្លាប់យុវជន ម៉ៅ សុខចាន់ យកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ។
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣នេះ យុវជនស្ម័គ្រចិត្តមួយក្រុមបានធ្វើសន្និសីទសារព័ត៌មានមួយ ដោយប្រកាសថា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៣ខាងមុខ ក្រុមយុវជននឹងជួបជុំគ្នាគោរពវិញ្ញាណក្ខន្ធលោក ម៉ៅ សុខចាន់ ដែលជាជនរងគ្រោះ និងហែក្បួនដាក់ញត្តិជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីទាមទាររកយុត្តិធម៌ជូនក្រុមគ្រួសារជនរងគ្រោះទាំងអស់ដែលបានស្លាប់បាត់បង់ជីវិត និងរងរបួសទាំងអយុត្តិធម៌ក្នុងអំពើហិង្សាដ៏ឃោរឃៅរបស់សមត្ថកិច្ចនាពេលកន្លងមក ៕
Source from: www.dtn7.com
Post a Comment