ករណីប្រគល់-ទទួលកាំភ្លើងខ្លីមួយដើមរបស់បុរសឈ្មោះប៉ឹង ជឿន ជាអ្នកកាសែតផងនិងជាអ្នកតំណាងផ្នែកលក់ឲ្យក្រុមហ៊ុន មង្គលរិទ្ធិ អ៊ឹមផត&អ៊ិចផត ខូអិលធីឌី ផងដែលង្ហាញវត្តមាននៅទីលានប្រជាធិបតេយ្យក្នុងពិធីប្រារព្ធទិវាគ្រូបង្រៀនដឹកនាំដោយលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងត្រូវបានគេវាយឡើងទ្រោមខ្លួននាថ្ងៃម្សិលមិញនោះ បាននាំឲ្យមានការតឹងសរសៃកដាក់គ្នារវាងលោក មាស ច័ន្ទពិសិដ្ឋ ជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងឯកឧត្តម សុន ឆ័យ អ្នកតំណាងរាស្ត្រជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិ ។
បន្ទាប់ពីបានដកហូតកាំភ្លើងខ្លីមួយដើមពីបុរសឈ្មោះ ប៉ឹង ជឿន រួចមក ឯកឧត្តម សុន ឆ័យ អ្នកតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ និងក្រុមការងារបានសម្រេចយកកាំភ្លើងនោះប្រគល់ឲ្យទៅលោកតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក មាស ច័ន្ទពិសិដ្ឋ ជាព្រះរាជអាជ្ញារង ដើម្បីបន្តចាត់ការតាមច្បាប់ ។ ប៉ុន្តែនៅដំណាក់កាលដំបូង ត្រូវបានលោកព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ ធ្វើការបដិសេធ ក៏បង្កឲ្យមានការប៉ះទង្គិចពាក្យសម្តីរហូតដល់តឹងសរសៃកដាក់គ្នាមួយឈុតជាមួយឯកឧត្តម សុន ឆ័យ ។
នៅទីបំផុត កម្តៅនៃការតឹងសរសៃកដាក់គ្នានោះ បានថមថយចុះមកវិញ ត្រឹមលោកព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ យល់ព្រមអះអាងថា នឹងបើកកិច្ចស៊ើបអង្កេតទៅលើករណីបុរសឈ្មោះ ប៉ឹង ជឿន និងកាំភ្លើងដែលជាវត្ថុតាងតាមនីតិវិធីនៃច្បាប់ ។
សូមបញ្ជាក់ជូនដែរថា អ្នកចូលរួមប្រារព្ធពិធីទិវាគ្រូបង្រៀន ដឹកនាំដោយលោក រ៉ុង ឈុន នោះបានអះអាងថា បុរសឈ្មោះ ប៉ឹង ជឿន ដែលមានអាវុធជាប់នឹងខ្លួនចូលទៅកន្លែងប្រារព្ធពិធីមានបំណងប៉ុនប៉ងធ្វើឃាតទៅលើលោកជំទាវ មួ សុខហួរ អ្នកតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ និងលោក រ៉ុន ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ«CITA» ។
ទោះយ៉ាងណាក៏ដោយ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងរឿងនេះត្រូវរង់ចាំតាមដានមើលចំណាត់ការស៊ើបអង្កេតស្វែងរកការពិតរបស់ស្ថាប័នអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ដែលមានលោក មាស ច័ន្ទពិសិដ្ឋ ជាព្រះរាជអាជ្ញារងបន្តទៅទៀត ៕
វីដេអូពី Facebook
Source from: www.dtn7.com
Post a Comment