ប្រទេសឥណ្ឌា ៖ រដ្ឋាភិបាលឥណ្ឌា បានសម្រេចបង្កើតក្រុមការងារ ជីករកកំណប់រ៉ែមាស បន្ទាប់ពីអ្នកកាន់សាសនាហិណ្ឌូ ក្នុងភូមិមួយបានយល់សប្ដិ និងបានរាយការណ៍ទៅ ធនាគារកណ្ដាលឥណ្ឌាថា មានមាស ១០០០ តោនកប់នៅខាងក្រោម ប្រាសាទបាក់បែកមួយកន្លែង ហើយក្រោយពីការរុករក មួយរយៈកន្លងមកនេះ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញភស្តុតាងបញ្ជាក់ថា មានលោហធ្ងន់នៅក្រោមដី ប្រហែល ២០ ម៉ែត្រ តែមិនទាន់មានការបញ្ជាក់ថា នឹងមានមាសនោះទេ។
សកម្មភាពនៃការជីករុករក នៅខាងក្រោមប្រាសាទបុរាណនោះ គឺជាមធ្យោបាយមួយ ដែលក្រុមអ្នកស្រាវជ្រាវ បុរាណវត្ថុវិទូឥណ្ឌាចង់ដឹងថា មានកំណប់មាសពិតប្រាកដ មែនឬអត់។ ការជីករុករកនេះបានធ្វើឡើង ក្រោយពីបុរសកាន់សាសនាឥណ្ឌូម្នាក់ យល់សប្ដិថា មានមាស ១០០០តោន បានប្រាប់ទៅអាជ្ញាធរភ្លាមៗ ហើយស្ថាប័នស្រាវជ្រាវ បុរាណវត្ថុវិទូឥណ្ឌា បានបញ្ជូន បុរាណវត្ថុវិទូ មួយក្រុមទៅកាន់ភូមិ ដូនឌី ឃេរ៉ា (Daundia Khera) នៅភាគខាងជើងរដ្ឋ អ៊ុតតា ប្រាដេសដ៍ (Uttar Pradesh) ដែលជាភូមិរបស់ បុរសម្នាក់នោះភ្លាម។
ប្រធានក្រុមបុរាណវត្ថុវិទូនេះ លោក Praveen Kumar Mishra បានប្រាប់អ្នកសារព័ត៌មានថា ក្រុមរបស់លោក បានជីករុករកកាលពីថ្ងៃទី១៣ ខែតុលា។ កាលនោះអ្នកភូមិ ដូនឌី ឃេរ៉ា ម្នាក់គឺលោក Yogi Swami Shobhan Sarkar បាននិយាយថា មាសដែលលោកយល់សប្ដិឃើញនោះ គឺប្រហែលជា របស់ព្រះអង្គម្ចាស់ Rao Ram Bux Singhនៅ សតវត្សរ៍ទី១៩។ លោកបន្តទៀតថា លោកចង់ឲ្យរដ្ឋាភិបាល ជីកយកមាសនេះ ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ច នៃប្រទេសរបស់លោកចេញពីវិបត្តិ៕
Source from: watphnom-news.com























Loading...




Post a Comment