ខេត្តតាកែវ ៖ អាជ្ញាធរស្រុកអង្គរបុរី មិនបានយកចិត្តទុកដាក់អនុវត្តន៍ គោលនយោបាយភូមិឃុំមានសុវត្ថិភាព នោះទេគឺបណ្តែតបណ្តោយ ឲ្យមេបនល្បែងស៊ីសង ដ៏មានឥទ្ធិពល ២នាក់ គឺលោក គី ប៊ុនរ៉ា និងលោក មេដា អាចធ្វើអ្វីៗតាមតែអំពើចិត្ត ក្នុងការបើកបនល្បែងស៊ីសងខុសច្បាប់រួមមាន បៀ អាប៉ោង យូគី កន្ទុយលេខ និងភ្នាល់បាល់ទាត់ មិនដែលមាននរណាហ៊ានហើបមាត់ទេ ហើយក្នុងមួយថ្ងៃៗមានប្រជាពលរដ្ឋ ជាអ្នកញៀនល្បែងស៊ីសងខុសច្បាប់ រាប់រយនាក់បានចូលទៅលេងល្បែងស៊ីសង ក្នុងវង់របស់លោក គី ប៊ុនរ៉ា និងលោក មេដា ព្រោះជាកន្លែងមានសុវត្ថិភាព ដោយសារតែសមត្ថកិច្ចនិងជំនាញពាក់ព័ន្ធ ទទួលបានផលប្រយោជន៍គ្រប់ៗគ្នាអស់ហើយ តាំងពីថ្នាក់ឃុំ រហូតដល់ថ្នាក់ខេត្ត។
ប្រជាពលរដ្ឋបានរាយការណ៍ថា លោក គី ប៊ុនរ៉ា និងមេដា បានបើកបនល្បែងស៊ីសង ដ៏ធំមួយក្នុងចំណុចដីឡូត៍មួយកន្លែង ក្នុងឃុំអង្គរបុរី នៅទល់មុខវិទ្យាល័យសាមគ្គី ចម្ងាយប្រមាណ ១០០ម៉ែត្រ ឆៀងខាងជើងខ្លោងទ្វារវិទ្យាល័យ ដែលនៅទីនោះមានប្រជាពលរដ្ឋជាអ្នកញៀនល្បែង ក៏ដូចជាសិស្សសាលាជាច្រើន បានចូលទៅលេងល្បែងស៊ីសងនៅទីនោះ ភ្លេចការរៀនសូត្រនិងភ្លេចផ្ទះសម្បែង គួរឲ្យព្រួយបារម្ភបំផុត។ ក្នុងវង់ល្បែងស៊ីសងរបស់លោក គី ប៊ុនរ៉ា និងមេដា មានបើកវង់បៀ អាប៉ោង យូគី កន្ទុយលេខ ភ្នាល់បាល់ទាត់ ជាច្រើនវង់ ហើយនៅទីនោះក៏មានបង្កប់ហ្គេម ដើម្បីពង្វក់សិស្សសាលាឲ្យភ្លេចការរៀនសូត្រផងដែរ ហើយគេធ្លាប់ឃើញប្រជាពលរដ្ឋ ទៅឡូឡាពីភាពអនាធិបតេយ្យនៃការបើក បនល្បែងស៊ីសងខុសច្បាប់ទាំងនោះ សឹងរាប់ភ្លេចទៅហើយ។
ក្រុមអ្នកញៀនល្បែងស៊ីសងជាច្រើន ចូលចិត្តទៅលេងល្បែងក្នុងទីតាំង របស់លោក គី ប៊ុនរ៉ា និងមេដា ក៏ព្រោះតែពួកគេមានភាពកក់ក្តៅបន្ទាប់ពីលោក គី ប៊ុនរ៉ា និងមេដា អះអាងថាពួកគេបើកបនល្បែងស៊ីសងខុសច្បាប់នេះ ចំណាយប្រាក់ក្នុងមួយខែៗរាប់ពាន់ដុល្លារ ដើម្បីបង់ជូនសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ និងអាជ្ញាធរ ឃុំ ស្រុក រហូតដល់ខេត្ត។ គេមិនដឹងថាលោក ស្រី បេន ជាអភិបាលខេត្តតាកែវ ទទួលបានផលប្រយោជន៍ពី បនល្បែងស៊ីសងខុសច្បាប់របស់លោក គី ប៊ុនរ៉ា និងមេដា ប៉ុន្មាននោះទេក្នុងមួយខែ ព្រោះក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្តតាកែវ គេមិនដែលឃើញលោក ស្រី បេន ហ៊ានហើបមាត់ឬចេញបញ្ជាឲ្យមន្ត្រី និងសមត្ថកិច្ចពាក់ព័ន្ធចុះទៅ បង្ក្រាបបនល្បែងស៊ីសងនោះម្តងណាឡើយ។
ប្រជាពលរដ្ឋមួយចំនួនបានបង្ហើបឲ្យដឹងថា អ្នកមានលុយមួយចំនួនក្នុងខេត្តតាកែវ និងពីរាជធានីភ្នំពេញ តែងតែបើករថយន្តទាំងក្រុមៗទៅលេងល្បែងស៊ីសងនៅទីនោះ មិនថាថ្ងៃសៅរ៍ ឬ អាទិត្យទេ គឺមានម៉ូយដែលជាអ្នក ញៀនល្បែងស៊ីសងពេញៗដីឡូត៍ ដែលលោក គី ប៊ុនរ៉ា និងមេដា ជួលទៅធ្វើជាទីតាំងបង្កើតបនល្បែងស៊ីសងខុសច្បាប់។ គ្រួសារខ្លះនៅក្នុងស្រុកអង្គរបុរី បានធ្លាក់ខ្លួនក្ររហេមរហាម រកតែអង្ករច្រកឆ្នាំងស្ទើរមិនបាន ដោយសារតែសមាជិកគ្រួសាររបស់ពួកគេ មួយថ្ងៃៗងប់ងុលនឹងល្បែងស៊ីសង ភ្លេចផ្ទះសម្បែង ភ្លេចការរកស៊ីដើរខ្ចីបុលគេឯង យកទៅលេងល្បែងស្រង់ដើម ឬប្រមូលទ្រព្យសម្បត្តិ លក់ផ្ទះដីធ្លី កេរអាករយកទៅលេងល្បែងស៊ីសង បង្កទៅជាអំពើហិង្សាក្នុងគ្រួសារ ជាពិសេសបង្កើតឲ្យមានភាពអសកម្ម អំពើលួចឆក់ប្លន់គួរឲ្យភ័យខ្លាច។
ប្រជាពលរដ្ឋបានលើកឡើងទៀតថា បនល្បែងតូចតាចមួយចំនួនក្នុងស្រុកអង្គរបុរី ត្រូវបានអាជ្ញាធរចាត់វិធានការបង្ក្រាប ដោយអះអាងថា អនុវត្តន៍តាមគោលការណ៍របស់ខេត្ត និងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ប៉ុន្តែរឿងពិត អាជ្ញាធរគេបង្ក្រាបវង់ល្បែងតូចៗ ដើម្បីកៀងគរក្រុមអ្នកញៀនល្បែងស៊ីសង ទៅផ្តុំគ្នានៅបនល្បែងរបស់លោក គី ប៊ុនរ៉ា និងមេដា ដែលបើកលេងទ្រង់ទ្រាយធំ ហើយបង់លុយឲ្យសមត្ថកិច្ចនិងមន្ត្រីពាក់ព័ន្ធក៏ជាលុយដុំ។ គេមិនដែលឃើញអភិបាលខេត្តតាកែវ លោក ស្រី បេន នឹកនាលើកយកបញ្ហាគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពមកអនុវត្តន៍ ចំពោះការបើកបនល្បែងស៊ីសងខុសច្បាប់ របស់លោក គី ប៊ុនរ៉ា និងមេដា ម្តងណាឡើយ ដែលនាំឲ្យគេសង្ស័យថា លោក ស្រី បេន ក៏ទំនងជាទទួលបានផលប្រយោជន៍ ពីវង់ល្បែងស៊ីសងនេះផងដែរ៕
Source from: watphnom-news.com























Loading...




Post a Comment