ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលស្រវឹងជោកជាំ ត្រូវប៉ូលិសការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តឃាត់ខ្លួន បន្ទាប់ពីបានស្រែកជេរ ថែមទាំងបានយកកាំបិតចុងស្រួច និងអំបែងដបដេញចាក់ប្រពន្ធ ក្នុងវង់ផឹកស៊ី កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅក្រោយក្លិបជ័យជំនះ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ពេលនាងហៅឲ្យត្រឡប់ទៅផ្ទះវិញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការកាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ចាត់ការតាមនីតិវិធី។
អំឡុងពេលតុលាការសាកសួរ បុរសសង្ស័យបានស្រែកឡូឡា និងធ្វើចរិតច្រង៉េងច្រង៉ាង ត្រូវបានសមត្ថកិច្ច នាំមកអង្គុយខាងក្រោមអគារ ពេលនោះជនសង្ស័យបានរើបម្រះ រត់គេចខ្លួនពីបរិវេណតុលាការ រហូតដល់ចំណុចផ្សារបុរីថ្មី ក្នុងភូមិកម្មករ ទើបអ្នកធ្វើដំណើរ ជួយចាប់ប្រគល់ជូនសមត្ថកិច្ចវិញ។ បុរសសង្ស័យ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ យក់ សុន អាយុ ៥១ ឆ្នាំរស់ក្នុងភូមិកម្មករ សង្កាត់ស្វាយ ក្រុងបាត់ដំបង វត្ថុតាងដែលដកហូតបាន មានកាំបិតចុងស្រួចមួយ និងអំបែងដបចំនួនពីរ។
នារីរងគ្រោះមានឈ្មោះ ឈឿន កំសត់ អាយុ ៣១ ឆ្នាំជាប្រពន្ធរស់នៅភូមិ សង្កាត់ជាមួយគ្នា បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ប្តីរបស់ខ្លួនឈ្មោះ យក់ សុន បានផឹកស៊ីនៅផ្ទះអ្នកជិតខាងឈ្មោះ ឡាប ក្រោយក្លិបជ័យជំនះ។ ដោយបាត់ប្តីយូរ ហើយកូនយំចង់ជួប និងគ្មានអ្នកជួយដាំស្ល ខ្លួនបានដើរទៅរកប្តី ពេលទៅដល់ឃើញប្តីស្រវឹងស្រាដាប ក៏បានហៅប្តីឲ្យទៅផ្ទះ។ ភ្លាមៗនោះស្រាប់តែប្តីបានស្រែកជេរ និងយកកាំបិតចុងស្រួច រួមទាំងអំបែងដប ដេញចាក់ខ្លួនតែម្តង ហើយបានអ្នកជិតខាង ជួយចាប់ឃាត់ចេញ និងទូរស័ព្ទហៅនគរបាល មកនាំខ្លួនទៅអប់រំ។
ឈ្មោះ យក់ សុន បានសារភាពថា ខ្លួនពិតជាបានយក កាំបិតចុងស្រួច និងអំបែងដប ដេញចាក់ទៅលើប្រពន្ធពិតមែន ដោយសារតែខ្លួនស្រវឹងស្រា ខ្លាំងពេកមិនដឹងខ្លួនធ្វើអ្វីខ្លះទេ។ យ៉ាងណាក៏ដោយ ពេលសមត្ថកិច្ចជំនាញ បញ្ជូនជនសង្ស័យទៅកាន់ តុលាការខេត្តនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ខាងមេធាវីតុលាកាសាកសួរ តែឈ្មោះ យក់ សុន បានស្រែកឡូឡាពេញបន្ទប់ ហាក់បីដូចមានជាតិថ្នាំញៀនក្នុងខ្លួន។ សមត្ថកិច្ចបាននាំឈ្មោះ យក់ សុន មកជាន់ក្រោមដើម្បីឲ្យស្ងប់អារម្មណ៍ ចាំសួរបន្តទៀត តែជនសង្ស័យ បានប្រតាយប្រតប់ ជាមួយសមត្ថកិច្ច ហើយរត់គេចចេញពីបរិវេណ សាលាដំបូងខេត្ត ក៏ត្រូវសមត្ថកិច្ច តាមចាប់ខ្លួនបានមកវិញ៕
Source from: watphnom-news.com























Loading...




Post a Comment