មានរឿងពីរក្នុងចំណោមរឿងជាច្រើនដែលមិនអាចបំភ្លេចបាន និងត្រូវលើកយកមកចុះផ្សាយដើម្បីឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានរហស្សនាមថា "បុរសខ្លាំង" ធ្វើការពិនិត្យ និងមានវិធានការទៅលើមន្ត្រីក្រោមឱវាទរបស់សម្តេចដែលអសកម្ម និងសង្ស័យថាមានការពាក់ព័ន្ធនឹងអំពើពុករលួយ គឺករណីវិវាទការងាររ៉ាំរ៉ៃនៅរោងចក្រ SL ដែលមានឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា "គ.ក.ប" ជាអ្នកមានសមត្ថកិច្ចដោះស្រាយ និងករណីវិវាទដីធ្លីមួយកន្លែងឋិតនៅភូមិកែវផុស ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ "អតីតឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង" រវាងលោកឧកញ៉ា ជៀម ផែន ថៅកែក្រុមហ៊ុនស្រាបៀរលីអូ និងក្រុមប្រជាពលរដ្ឋក្រីក្រចំនួន៤៩គ្រួសារ ដែលមានឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ជាអ្នកមានសមត្ថកិច្ចដោះស្រាយ ។
១-ករណីវិវាទការងារនៅរោងចក្រ SL Garment Processing (Cambodia) Ltd. រវាងកម្មករ និងថៅកែរោងចក្រ ៖ វិវាទការងារនៅរោងចក្រ SL មិនមែនទើបកើតឡើងមួយសប្តាហ៍ ឬពីរសប្តាហ៍នោះទេ គឺបានកើតឡើងរ៉ាំរ៉ៃអស់រយៈពេលជាង០៣ខែមកហើយៗត្រូវបានថៅកែរោងចក្រប្រកាសថា ក្រុមហ៊ុនទទួលការខាតបង់ថវិកាអស់ចំនួនជាង១៥លានដុល្លារអាមេរិក គិតចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៣ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយសារកូដកម្មរបស់កម្មករដឹកនាំដោយលោក អាត់ ធន់ មេសហជីពស៊ីខាវឌូ ដែលពោរពេញទៅដោយអំពើហិង្សាជាច្រើនលើកច្រើនសា ។
ឯកឧត្តម អ៊ិត សំហេង ត្រូវបានរាជរដ្ឋាភិបាលប្រគល់តួនាទីឲ្យធ្វើជាប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា "គ.ក.ប" តាំងពីឯកឧត្តមរូបនេះនៅធ្វើជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មុនពេលមកធ្វើជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាអាណត្តិទី៥មកម្ល៉េះ ។ ដូច្នេះ តើឯកឧត្តម អ៊ិត សំហេង គាត់ធ្វើអ្វីខ្លះបានជាបណ្តែតបណ្តោយឲ្យកូដកម្មកម្មកររោងចក្រ SL រ៉ាំរ៉ៃអូសបន្លាយពេលដល់ជាង៣ខែ និងលើសពីនេះ បណ្តាលឲ្យមានការបង្ក្រាបយ៉ាងសាហាវឃោរឃៅទៅលើក្រុមបាតុករជាកម្មកររោងចក្រ SL កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ បង្កឲ្យមានមនុស្សស្លាប់និងរបួស ព្រមទាំងខូចខាតទ្រព្យសម្បត្តិអស់ជាច្រើនទៀត ? សួរថា តើលោក Wong Hon Ming ជនជាតិសិង្ហបុរី ជាថៅកែរោងចក្រ SL គាត់ចង់ឲ្យក្រុមហ៊ុនខាតបង់ប្រាក់រហូតដល់ជាង១៥លានដុល្លារអាមេរិកបែបនេះឬទេ ? ហើយកម្មករចង់ធ្វើកូដកម្ម និងធ្វើបាតុកម្មឲ្យសមត្ថកិច្ចបង្ក្រាបមកលើខ្លួនដែរឬទេ ?
មជ្ឈដ្ឋានអ្នកច្បាប់និងអ្នកតាមដានកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា ប្រសិនបើឯកឧត្តម អ៊ិត សំហេង ក្នុងនាមជាប្រធាន គ.ក.ប មានសមត្ថភាព និងមិនពុករលួយ ហើយដោះស្រាយករណីវិវាទការងារនៅរោងចក្រ SL ឲ្យចេញជាលទ្ធផលផ្លែផ្កានោះ នឹងមិនកើតមាននូវព្រឹត្តិការណ៍បង្ក្រាបយ៉ាងសាហាវពីសំណាក់កងកម្លាំងសមត្ថកិច្ច មកលើកម្មកររោងចក្រ SL ឡើយ ។
ទោះយ៉ាងណាក៏ដោយ ឯកឧត្តម អ៊ិត សំហេង បាននិងកំពុងកាន់កាប់មុខតំណែង តួនាទីច្រើនគួរសម គឺជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផង ជាប្រធាន គ.ក.ប ផង ជាប្រធានគណៈកម្មការប្រឹក្សាការងារ "LAC"ផង និងជាប្រធានក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ "ហៅកាត់ថា គណៈកម្មការទី៨" ខាងភាគីរាជរដ្ឋាភិបាលផង ។
ក្នុងជីវភាពនយោបាយ ឯកឧត្តម អ៊ិត សំហេង ជាសមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា ។
២-ករណីវិវាទដីធ្លីរវាងឧកញ៉ា ជៀម ផែន និងក្រុមប្រជាពលរដ្ឋក្រីក្រចំនួន៤៩គ្រួសារ ៖ វិវាទដីធ្លីរវាងលោកឧកញ៉ា ជៀម ផែន និងក្រុមប្រជាពលរដ្ឋក្រីក្រតូចតាចចំនួន៤៩គ្រួសារ បានកើតឡើងរ៉ាំរ៉ៃអស់រយៈពេលចំនួន៧ឆ្នាំ រហូតធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនជាប់គុកច្រវាក់ និងមួយចំនួនទៀតរត់ចោលស្រុកភូមិ ផ្ទះសម្បែង ព្រោះខ្លាចអាជ្ញាធរចាប់ខ្លួនតាមដីកាបង្គាប់របស់តុលាការដែលគាំទ្រលោកឧកញ៉ា ជៀម ផែន ។ ក្នុងរឿងវិវាទដីធ្លីនេះ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានផ្តល់យោបល់ជូនប្រមុខរាជរដ្ឋាភិបាលសម្រេចប្រគល់ដីទំនាស់ឲ្យទៅលោកឧកញ៉ា ជៀម ផែន គ្រប់គ្រងជាកម្មសិទ្ធិជានិច្ច ខណៈដែលឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្តល់យោបល់ជូនប្រមុខរាជរដ្ឋាភិបាលប្រគល់ដីទំនាស់ឲ្យទៅក្រុមប្រជាពលរដ្ឋ៤៩គ្រួសារ គ្រប់គ្រង កាន់កាប់ជាកម្មសិទ្ធិស្របច្បាប់ ។
យោងតាមរបាយការណ៍ និងការផ្តល់យោបល់របស់ឯកឧត្តម ប៊ិន ឈិន នាំឲ្យស្ថាប័នតុលាការវិនិច្ឆ័យសេចក្តីសម្រេចឲ្យលោកឧកញ៉ា ជៀម ផែន ឈ្នះក្តីលើក្រុមប្រជាពលរដ្ឋក្រីក្រ៤៩គ្រួសារ ហើយលោកឧកញ៉ា ជៀម ផែន បានយកគ្រឿងចក្រទៅឈូសឆាយ វាយកម្ទេចផ្ទះសម្បែងប្រជាពលរដ្ឋយ៉ាងសាហាវឃោរឃៅ និងក៏បានធ្វើឲ្យភ្ញាក់ផ្អើលដល់ "សម្តេចតេជោ ហ៊ុន សែន" ទើបសម្តេចសម្រេចប្រគល់ដីទំនាស់ឲ្យទៅក្រុមប្រជាពលរដ្ឋ៤៩គ្រួសារកាន់កាប់ជាកម្មសិទ្ធិស្របច្បាប់វិញ តាមសេចក្តីសម្រេចលេខ១២សសរ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៣ និងស្មារតីលិខិតលេខ៤៩៦សជណ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងបង្គាប់ឲ្យបើកការស៊ើបអង្កេតស្រាវជ្រាវលើការក្លែងបន្លំលិខិតស្នាមរបស់លោកឧកញ៉ា ជៀម ផែន ទៀតផង ។
មានន័យថា របាយការណ៍ និងការផ្តល់យោបល់របស់ឯកឧត្តម ប៊ិន ឈិន ក្នុងសំណុំរឿងវិវាទដីធ្លីនេះ គឺបានផ្តល់នូវភាពអយុត្តិធម៌យ៉ាងខ្លាំងដល់ក្រុមប្រជាពលរដ្ឋក្រីក្រតូចតាច៤៩គ្រួសារ និងបានភូតភរកុហកប្រមុខរាជរដ្ឋាភិបាលទាំងកំរោល ។
ទោះបែបនេះក្តី ឯកឧត្តម ប៊ិន ឈិន ត្រូវបានតែងតាំងឲ្យធ្វើជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីដដែល ព្រមទាំងប្រគល់ភារកិច្ចឲ្យជួយនាយករដ្ឋមន្ត្រីលើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងអំពើពុករលួយថែមទៀត បន្ថែមលើមុខងារជាអ្នកតំណាងរាស្ត្រនៅមណ្ឌលខេត្តព្រៃវែង ។
ក្នុងជីវភាពនយោបាយ ឯកឧត្តម ប៊ិន ឈិន ជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ។
ល្មមដល់ពេលបុរសខ្លាំងពិនិត្យមើល និងមានវិធានការជាក់ស្តែងទៅលើមន្ត្រីក្រោមឱវាទរបស់ខ្លួន តួយ៉ាងឯកឧត្តម អ៊ិត សំហេង និងឯកឧត្តម ប៊ិន ឈិន ដែលអសកម្ម និងសង្ស័យថា ពុករលួយនេះផង សុំកុំឲ្យក្តោបក្រសោបជាអលជ្ជីខ្លាំងពេក ព្រោះមេរៀនលទ្ធផលឆ្នោតទើបតែនឹងបានផ្តល់ជូនគណបក្សប្រជាជនកម្ពុជាកន្លងទៅថ្មីៗស្រាប់ហើយៗបើបុរសខ្លាំងមិនមានវិធានការទេនោះ ពាក្យថា "កំណែទម្រង់" របស់សម្តេចនឹងលែងមានអ្នកជឿទៀតទេ ៕
Source from: www.dtn7.com























Loading...




Post a Comment