កូនប្រុសថៅកែហាងនំបុ័ងបាយ័នម្នាក់វ័យ២២ឆ្នាំបានបើកបររថយន្តទំនើបម៉ាក Range Rover ពាក់ស្លាកលេខភ្នំពេញ2W-1119 បង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបណ្តាលឲ្យមនុស្ស២នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដែលម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនារាត្រីម៉ោង២១ និង៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៣ម្សិលមិញ នៅចំណុចភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលអ្នកបើកបររថយន្តបង្កឈ្មោះ ឈន ទិត ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវជាកូនប្រុសថៅកែហាងនំបុ័ងបាយ័ន និងជនរងគ្រោះចំនួន២នាក់ មានឈ្មោះ ជួន រិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល និងម្នាក់ទៀត ឈ្មោះសុខ ដានី ភេទស្រី អាយុ២២ឆ្នាំ រស់នៅស្រុកលើកដែក ខេត្តកណ្តាល។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុអ្នកបើកបររថយន្តបង្កបានធ្វើដំណើរចេញពីកម្មវិធីជប់លៀងខួបកំណើតនៅមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ ដោយអាការៈស្រវឹង មានកម្រិតជាតិអាល់កុលដល់ចំនួន០,៧១Mg/L លុះមកដល់ចំណុចកើតហេតុបានបុកជាមួយនឹងទោចក្រយានយន្តមួយគ្រឿងម៉ាក Honda Cub C90 ពណ៌ខៀវ ពាក់ស្លាកលេខ គ០០៥១-កច១ របស់ជនរងគ្រោះដែលជិះគ្នា២នាក់កំពុងធ្វើដំណើរតាមផ្លូវយ៉ាងពេញទំហឹង ធ្វើឲ្យប៉ើងទាំងម៉ូតូ ខ្ទាតទាំងមនុស្សទើបបណ្តាលឲ្យជនរងគ្រោះទាំង២នាក់ ស្លាប់បាត់បង់ជីវិតគួរឲ្យសង្វេគ រីឯរថយន្តបង្កបានខូចខាតខ្ទេចនៅផ្នែកខាងមុខ៕
Source from: www.dtn7.com























Loading...




Post a Comment