ក្រោយព្រឹត្តិការណ៍សមត្ថកិច្ចបង្ក្រាបយ៉ាងសាហាវទៅលើក្រុមបាតុកររបស់កម្មកររោងចក្រ SL Garment Processing (Cambodia) Ltd. កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសព្រមទាំងខូចខាតទ្រព្បសម្ភារៈជាច្រើនរួចមក រាជរដ្ឋាភិបាលអាណត្តិថ្មីនាយករដ្ឋមន្ត្រីចាស់បានចេញមុខដោះស្រាយបង្គាប់ឲ្យថៅកែរោងចក្រនេះទទួលយកតំណាងកម្មករចំនួន១៩នាក់ ឲ្យចូលធ្វើការវិញ ដើម្បីបញ្ចប់វិវាទ និងបានបញ្ជាក់ទៀតថា ក្នុងករណីក្រុមហ៊ុននៅតែរឹងរូសត្រូវចាត់វិធានការតាមនីតិវិធីតុលាការ តាមស្មារតីលិខិតលេខ១៨៦៣ សជណ.អវ ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។
រហូតមកទល់នឹងពេលនេះ ខាងភាគីថៅកែក្រុមហ៊ុនមិនទាន់ទទួលយកតំណាងកម្មករចំនួន១៩នាក់នោះ ឲ្យចូលធ្វើការវិញនៅឡើយទេ ដោយក្រុមហ៊ុនសំអាងថា មានកម្មករ កម្មការិនីភាគច្រើនបានចូលធ្វើការជាធម្មតា ហើយបើទទួលតំណាងកម្មករទាំង១៩នាក់នោះ ឲ្យចូលធ្វើការវិញដូចឲ្យកម្មករល្អៗភាគច្រើនបាក់ទឹកចិត្តក្នុងការបំពេញការងារ។ លើសពីនេះខាងភាគីក្រុមហ៊ុនមានជំហរចង់ឲ្យធ្វើការដោះស្រាយតាមនីតិវិធីច្បាប់ ដើម្បីពង្រឹងបរិយាកាសល្អក្នុងវិស័យវាយនភណ្ឌកាត់ដេរ ជៀសវាងលើកទឹកចិត្តដល់ក្រុមកម្មករ ឬសហជីពតំណាងកម្មករដែលខិលខូចរំលោភបំពានច្បាប់។
លោក Wong Hon Ming អាយុ៥៧ឆ្នាំ ជនជាតិសិង្ហបុរី ជាថៅកែក្រុមហ៊ុន SL ធ្លាប់បានប្រកាសឲ្យដឹងថា ក្រុមហ៊ុនរបស់លោកទទួលរងការខាតបង់ប្រាក់អស់ចំនួនជាង១៥លានដុល្លារអាមេរិក ដោយសារកូដកម្មរយៈពេលជាង៣ខែ របស់កម្មករដឹកនាំដោយសហជីព ស៊ីខាវឌូ មានលោក អាត់ ធន់ ជាប្រធាន។ ដោយឡែក លោកអាត់ ធន់ ប្រធានសហជីព ស៊ីខាវឌូ និងគូកនជិត២០នាក់ ផ្សេងទៀត ត្រូវបានក្រុមហ៊ុនប្តឹងទៅតុលាការ ចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋមានស្ថានទម្ងន់ទោស ពីបទហិង្សាដោយចេទនាមានស្ថានទម្ងន់ទោស និងពីបទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសរួចហើយ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅ។
មជ្ឈដ្ឋានអ្នកវិភាគសេដ្ឋកិច្ច និងកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា វិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជាគឺរុំព័ទ្ធទៅដោយអំពើពុករលួយ ការចំណាយលុយក្រោមតុឥតឈប់ឈរទៅឲ្យក្រុមមន្ត្រីកូនចៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ហើយសហជីពតំណាងកម្មករភាគច្រើនសុទ្ធសឹងតែ «ចូលហ៊ុន» ជាមួយក្រុមមន្ត្រីពុករលួយ និងថៅកែខិលខូចមួយចំនួន ទើបធ្វើឲ្យកម្មករ កម្មការិនីរងទុក្ខវេទនាឥតល្ហែល្ហើយ ដោយសារថៅកែមិនគោរពច្បាប់ស្តីពីការងារ និងថៅកែ ឬអ្នកវិនិយោគល្អៗដែលមានបំណងចង់គោរពច្បាប់ក៏ពិបាកដែរ ពីព្រោះគេចមិនផុតពីការគាបសង្កត់ជំរិតយកលុយពីមន្ត្រីពុករលួយ។
រួមសេចក្តីមក ដំណោះស្រាយលើករណីវិវាទការងារនៅរោងចក្រ SL មានការវិវឌ្ឍរីកចម្រើនតិចតួចបំផុត ទោះបីរាជរដ្ឋាភិបាលបានដាក់សម្ពាធទៅលើថៅកែក្រុមហ៊ុននេះយ៉ាងចាស់ដៃក៏ដោយ ដ្បិតថៅកែក្រុមហ៊ុន SL អះអាងថា ក្រុមកម្មករធ្វើកូដកម្មដឹកនាំដោយលោក អាត់ ធន់ ជាការប្រព្រឹត្តខុសច្បាប់ក្នុងបំណងបំផ្លិចបំផ្លាញរោងចក្រ SL ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក៕
Source from: www.dtn7.com























Loading...




Post a Comment