ខេត្តបាត់ដំបង ៖ ទីតាំងរណ្តៅដីមួយកន្លែង ស្ថិតក្នុងភូមិកំពង់សីមា សង្កាត់វត្តគ ក្រុង-ខេត្តបាត់ដំបង ត្រូវបានមេឈ្មួញឈ្មោះ ហេង អេង ធ្វើអាជីវកម្មកាប់ កាយដីស្រែលក់ មានជម្រៅជិត ៣០ ម៉ែត្រស្ទើរធ្លាយដល់ក្បាលប្រែត បង្កផលប៉ះពាល់ ចំពោះប្រជាពលរដ្ឋ និងបណ្តាលឲ្យខូចខាតផ្លូវ ជាច្រើនកន្លែង គ្មាននរណាអើពើ ចុះទៅបង្ក្រាបនោះទេ។
ប្រជាពលរដ្ឋចំនួន ៣ ភូមិរួមមាន ភូមិកំពង់សីមា ភូមិច្រាបក្រសាំង និងភូមិដំណាក់ហ្លួង ដែលមានផ្លូវពាក់ព័ន្ធនឹងការ ដឹកជញ្ជូនដីរបស់ឈ្មោះ ហេង អេង បានឲ្យដឹងថា ផ្លូវមួយចំនួនក្នុងភូមិ ដែលកសាងដោយមូលនិធិភូមិឃុំ ត្រូវបានក្រុមហ៊ុន ហេង អេង ដឹកដីបំផ្លិចបំផ្លាញ ខ្ទេចខ្ទីរអស់ហើយ។ សូម្បីតែរណ្តៅដី ដែលឈ្មោះ ហេង អេង ជីកកាយដីនៅជាប់ព្រោះ នាំឲ្យបាក់ភ្លឺដីស្រែប្រជាជន ហើយឈ្មោះ ហេង អេង បានរាប់សងប្រាក់ រួចទិញយកដីទាំងនោះ ដើម្បីពង្រីករណ្តៅដីបន្ថែមទៀត។
មានការបញ្ជាក់ផងដែរថា ឈ្មោះ ហេង អេង បានជីកកាយដីនៅតំបន់នោះ កាន់តែរីករាលដាលធំឡើង ហើយមានជម្រៅជាង ៣០ ម៉ែត្រធ្លាយដល់ក្បាលប្រែត ប្រសិនបើមានមនុស្សធ្លាក់ ក៏មិនងាយឡើងរួចជាពិសេសក្មេងៗអាចប្រឈម គ្រោះថ្នាក់ខ្លាំងណាស់ ទោះជារណ្តៅនោះមានទឹក ឬគ្មានទឹកក៏ដោយ។លោក ហេង អេង ត្រូវគេស្គាល់ថា ជាឈ្មួញកាយដីដ៏មានអំណាច មានទីលំខាងលិចផ្សារបុរីថ្មី ក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។
ឈ្មោះ ហេង អេង បានកាយដីក្នុងសង្កាត់វត្តគ ជាង ២ ឆ្នាំមកហើយ ប្រជាពលរដ្ឋធ្លាប់បានដាក់ពាក្យបណ្តឹង ពីការបាក់ស្រុតដីស្រែ របស់ពួកគាត់ សឹងរាប់ភ្លេចទៅហើយ គ្មាននរណាជួយដោះស្រាយទេ ហើយឈ្មោះ ហេង អេង បានលួងលោមសងប្រាក់ ទៅម្ចាស់ស្រែនិងសុំទិញផ្តាច់ រួចក៏បន្តកាយពង្រីករណ្តៅដីកាន់តែធំឡើងៗ។ ត្រង់ចំណុចនេះ បើប្រជាពលរដ្ឋឈប់លក់ដីស្រែ ឲ្យឈ្មួញ ហេង អេង នោះគាត់ក៏អស់អាចម៌ដីកាយទៀតដែរ ចំណែកជម្រៅនិងទំហំ ខាងមន្ទីរនិងការិយាល័យ រ៉ែនិងថាមពលជាអ្នកកំណត់។
លោក ហេង អេង បានប្រាប់អ្នកកាសែតថា គាត់បានមកកាយ រណ្តៅដីនេះយូឆ្នាំមកហើយ ដោយបង់ប្រាក់ជូនការិយាល័យ រ៉ែនិងថាមពលក្នុងមួយឆ្នាំ ចំនួន ៨០០ ដុល្លារ ហើយការកាយដីនេះ គឺមន្ត្រីជំនាញបានកំណត់ទំហំ និងជម្រៅក៏ពិតមែន ប៉ុន្តែបើមិនឲ្យកាយ លើសឬហួស ធ្វើយ៉ាងណាទើបបានចំណេញប្រាក់។ ចំពោះក្រុមរថយន្ត ដឹកដីមួយចំនួន បានដឹកជញ្ជូនចូលក្រុង ដោយគ្មានការទប់ស្កាត់ បណ្តាលឲ្យផ្លូវ ក្រាលកៅស៊ូមួយខ្សែ ចាប់ពីចំណុចមុខ សាលារៀនអូរតាគាំ១ ក្នុងសង្កាត់ទួលតាឯក ទៅដល់ភូមិអង់ សង្កាត់អូរចារ កំពុងរងការខូចខាត៕
Source from: watphnom-news.com























Loading...




Post a Comment