រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានយកកូនកាំបិត ធ្វើជាអាវុធភ្ជង់ ប្លន់យករថយន្ត ពីអ្នកបើកតាក់ស៊ីម៉ែត្រ កាលពីវេលាម៉ោង ៣ ទៀបភ្លឺថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចផ្លូវចូលក្រុមហ៊ុន ស្រាបៀរថៃហ្គ័រ តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិទួលចាន់ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ ដោយរុញទម្លាក់អ្នកបើកបរ ជិះគេចខ្លួនបានតែបន្តិច ក៏ឈប់រថយន្ត ចុះរត់គេចខ្លួនបាត់ នៅមុខច្រកចូលសួនទឹកសន្តិភាព ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌមានជ័យ ។
ជនរងគ្រោះជាអ្នកបើក រថយន្តតាក់ស៊ីម៉ែត្រ ត្រូវជនសង្ស័យចាក់នឹងកូនកាំបិត ចំកផ្នែកខាងក្រោយ បណ្តាលឲ្យរងរបួសមានឈ្មោះ តូច វុធថា អាយុ ៤០ឆ្នាំ ស្នាក់នៅភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ មុនពេលកើតហេតុ ជនរងគ្រោះបានដឹកជនសង្ស័យ ចេញពីផ្សាររាត្រី ទៅផ្សារទួលសង្កែ រួចបានត្រឡប់ មកផ្សារព្រែកឯង លុះមកដល់ចំណុចកើតហេតុ ជនសង្ស័យបានដកកូនកាំបិត ភ្ជង់និងចាក់កបុរសរងគ្រោះ ហើយរុញទម្លាក់ពីលើរថយន្ត។
រថយន្តតាក់ស៊ីម៉ែត្រ ដែលត្រូវចោរប្លន់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-1147 ហើយជនសង្ស័យ បានជិះគេចខ្លួនបាត់ភ្លាមៗ ចំណែកជនរងគ្រោះ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ។ ខណ:ដែលជនសង្ស័យ យកកាំបិតភ្ជង់ប្លន់រថយន្តនោះ ជនរងគ្រោះបានហៅ តាមវិទ្យុទាក់ទង ទៅកាន់ស្នាក់ការក្រុមហ៊ុន ហើយដោយរថយន្តតាក់ស៊ីម៉ែត្រ មានបំពាក់ប្រព័ន្ឋ GPS ទើបបង្កលក្ខណ:ងាយស្រួល ក្នុងការតាមចាប់ជនសង្ស័យ៕
Source from: watphnom-news.com























Loading...




Post a Comment