រាជធានីភ្នំពេញ ៖ ក្រោមការគ្រប់គ្រងរបស់លោក ម៉ម ប៊ុនហេង ក្រសួងសុខាភិបាល កំពុងកើតមានភាពអសកម្ម និងអំពើពុករលួយយ៉ាងពេញបន្ទុក គ្រប់ផ្នែក គ្រប់ផែនជំនាញទាំងអស់ ហើយថ្មីៗនេះនិស្សិតបញ្ញវន្ត និងក្រុមមន្ត្រីទាំងតូចទាំងធំ ក្នុងក្រសួងសុខាភិបាល បានសម្តែងការមិនពេញចិត្ត ចំពោះលោកជំទាវរដ្ឋមន្ត្រី ដែលតែងតែលូកដៃជ្រៀតជ្រែក ការងាររបស់ក្រសួង រហូតដល់មន្ត្រីមួយចំនួន បានដើរនិយាយតាមតុកាហ្វេថា ក្រសួងសុខាភិបាលសព្វថ្ងៃ កំពុងគ្រប់គ្រងដឹកនាំ ដោយលោកជំទាវ ហើយលោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង មានសិទ្ធិចាត់ចែងការងារ តិចតួចប៉ុណ្ណោះ ឬអាចនិយាយបានថា ធ្វើតាមតែការអន្តរាគមន៍ ពីលោកជំទាវរបស់គាត់។
ក្នុងលិខិតចំហជាច្រើនច្បាប់ ដែលមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងអ្នកចេះដឹង ដែលបានបញ្ចប់ការសិក្សា នៅអាមេរិក អូស្ត្រាលី ក៏ដូចជាក្រុមមន្ត្រី ចូលនិវត្តន៍ជាច្រើន បានរៀបរាប់ពីការ សោកស្តាយយ៉ាងខ្លាំង ចំពោះភាពអសកម្ម និងអំពើពុករលួយ ដែលកំពុងកើតមានក្រោមការ ដឹកនាំរបស់លោក ម៉ម ប៊ុនហេង ដែលជារឿងមួយគួរឲ្យភ័យខ្លាច។ ក្រុមមន្ត្រីក៏បានរំលឹក ដល់អាណត្តិដឹកនាំរបស់លោក ឈា ថាំង ជាអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល គាត់បានរៀបចំចាត់ចែង ការងារយ៉ាងរលូនល្អ មិនឲ្យកើតមានអំពើពុករលួយ បក្ខពួកនិយមនោះទេ ហើយមានការរៀបចំចាត់ចែង ក្រុមមន្ត្រីឲ្យបំពេញការងារទៅតាមជំនាញសមត្ថភាព ជាការឲ្យតម្លៃអ្នកចេះដឹង។
ក្រុមមន្ត្រីបានបញ្ជាក់ទៀតថា ចាប់តាំងពីលោក ម៉ម ប៊ុនហេង បានឡើងធ្វើជារដ្ឋមន្ត្រី ក្រសួងសុខាភិបាល ក៏ចាប់ផ្តើមបង្កើតឲ្យមាន ប្រព័ន្ធពុករលួយ មានការបោះបង់ចោលបញ្ញវន្ត ដែលគ្មានបក្ខពួក គ្មានខ្សែទុយោ ខណៈដែលលោកជំទាវ បានលូកដៃជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ក្រសួង នាំឲ្យមន្ត្រីជាច្រើនមិនពេញចិត្ត ហើយកន្លងមកក៏មិនដែលឃើញ មានលិខិតបង្គាប់ការណាមួយ ចាត់តាំងជំទាវ ឲ្យជួយចាត់ចែងការងារ ក្នុងក្រសួងសុខាភិបាលនោះទេ។ ក្រុមមន្ត្រីក៏បានជម្រាបប្រាប់សម្តេច ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុកផងដែរ ដោយទទូចសុំឲ្យពិនិត្យឡើងវិញ ពីបាតុភាពអសកម្ម និងអំពើពុករលួយ ដែលលោករដ្ឋមន្ត្រីបច្ចុប្បន្ន បានផ្តល់អាទិភាពខ្ពស់ ទៅលើលោកជំទាវរដ្ឋមន្ត្រី ក្នុងការគ្រប់គ្រងកិច្ចការនៅក្រសួងនេះ ខុសពីគោលការណ៍ របស់រាជរដ្ឋាភិបាល។
ប៉ុន្តែរហូតមកដល់ម៉ោងនេះ មិនទាន់មានដំណោះស្រាយ ជាវិជ្ជមានណាមួយនៅឡើយទេ ឬមួយក៏ព័ត៌មានទាំងអស់ ត្រូវក្រុមមន្ត្រីថ្នាក់ក្រោម លាក់បាំងមិនឲ្យសម្តេចហ៊ុន សែន បានដឹង ព្រោះតែចង់ឱបក្រសោបលោក ម៉ម ប៊ុនហេង។ ក្រុមមន្ត្រីក៏បានបញ្ជាក់ ក្នុងសារលិខិតទៀតថា ក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង មានការលូកដៃជ្រៀតជ្រែក ពីលោកជំទាវ ឃើញថា តាំងពីថ្នាក់អគ្គនាយករហូតដល់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ បែរជានាំគ្នាយក ក្រសួងសុខាភិបាល ដែលជាស្ថាប័នរដ្ឋដ៏សំខាន់មួយ ទៅធ្វើជាដើមទុនរកស៊ី បើកសាលាពេទ្យ បើកគ្លីនិក បើកក្រុមហ៊ុន បើកសិក្សាគម្រោងនិងប្រើឧបករណ៍ពេទ្យសំខាន់ៗ របស់មន្ទីរពេទ្យរដ្ឋ ទៅធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួន។
ថ្នាក់អនុប្រធាននាយកដ្ឋានជាច្រើននាក់ ចំណុះឲ្យក្រសួងសុខាភិបាល សុទ្ធតែមានរបបរថយន្ត របបប្រេងសាំង របបទូរស័ព្ទ ហើយមន្ត្រីខ្លះទៀត ជាមនុស្សជំនិតរបស់លោក ម៉ម ប៊ុនហេង ឬចេះស៊ីខ្សែសង្វាក់ជាមួយលោកជំទាវ មានរថយន្ត ២គ្រឿងជិះម្នាក់ឯង សម្រាប់ប្រើប្រាស់ ក្នុងក្រុមគ្រួសារ និងដឹកស្រីស្នេហ៍ដើរលេង មិនសូវយករថយន្ត ជាកម្មសិទ្ធិរដ្ឋទាំងនោះ មកបំពេញតម្រូវការ ររបស់ក្រសួងនោះទេ។ អំពើពុករលួយដែលគួរឲ្យ ស្អប់ខ្ពើមទៀតនោះ គឺពាក់ព័ន្ធនឹងករណី ដេញថ្លៃគម្រោងផ្សេងៗ គឺផ្នែកលទ្ធកម្មតែងតែ ឃុបឃិតជាមួយក្រុមហ៊ុន រកស៊ីចងមុង ជាមួយក្រសួងសុខាភិបាល ដើម្បីកេងយកផលប្រយោជន៍ទៅច្រកហោប៉ៅ ។
ក្នុងនោះបញ្ហាអចលនវត្ថុ ដែលស្ថិតនៅក្នុងបញ្ជី សារពើភណ្ឌរបស់ក្រសួង ត្រូវបានគេឃុបឃិតគ្នា លក់ខ្ទេចលក់ខ្ទី កន្លែងខ្លះគេអះអាងថាទុកអភិរក្ស ក៏ស្រាប់តែលក់អស់រលីងដូចគ្នា ហើយមន្ត្រីថ្នាក់ក្រោមមិនដែលហ៊ានសួរនាំ ពីបញ្ហានេះទេ ព្រោះអីតាំងពីថ្នាក់អគ្គនាយក រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សុទ្ធតែបានអះអាងថា ជាការងាររបស់ថ្នាក់លើ។ បញ្ហាបែបនេះ បាននាំឲ្យមានជម្លោះ ផលប្រយោជន៍នាំឲ្យមន្ត្រីថ្នាក់ក្រោម មួយចំនួនអង្គុយមើលមុខគ្នា ហើយផ្ញើសារប្រាប់គ្នា ទៅវិញទៅមក ពីអំពើពុករលួយរបស់ថ្នាក់លើ ឬនាំគ្នាទៅជជែកដេញដោល តាមហាងកាហ្វេឲ្យធូរទ្រូង ហើយគ្រប់ៗគ្នាបាក់ទឹកចិត្តលែងចង់ទៅបំពេញ ការងារទៀតហើយ៕
Source from: watphnom-news.com























Loading...




Post a Comment