ខេត្តកណ្តាល ៖ ជាងសំណង់ម្នាក់នៅក្នុង ការដ្ឋានសាងសង់បុរីពេជ្រ ក្រុងតាខ្មៅ បានជ្រុលជើងធ្លាក់ពីលើអគារជាន់ទី ២ ត្រូវចំមាត់លូបណ្តាលឲ្យ បាក់ជើងទាំងសងខាង និងបែកក្បាលសន្លប់ស្តូកស្តឹង កាលពីវេលាម៉ោង ៧និង៣០ នាទីយប់ថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០១៣ ខណៈដែលជនរងគ្រោះ ដើរកាន់ទូរស័ព្ទនិយាយនៅលើជាន់ទី២ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
ជនរងគ្រោះមានឈ្មោះ ដួង ចំរ៉ុង អាយុ ៤៣ឆ្នាំ មុខរបរជាជាងសំណង់ បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានសាងសង់បុរីខាងលើ និងមានស្រុកកំណើត នៅភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ មានប្រពន្ធ និងកូន ៦នាក់ ។ នៅមុនពេលកើតហេតុ ក្រុមជាងដូចគ្នា បានឃើញជនរងគ្រោះកាន់ទូរស័ព្ទនិយាយ ពីកន្លែងស្នាក់នៅ ដើរឡើងទៅលើអគារជាន់ទី២ នៃការដ្ឋានសាងសង់ បុរីពេជ្រ ។
មួយសន្ទុះក្រោយមក ស្រាប់តែមានឮសំឡេង ស្រែកឲ្យជួយនៅចំហៀង ខាងមុខជ្រុងខាងជើងនៃសំណង់ ក្រុមជាងបាននាំគ្នាស្ទុះទៅរកមើល ស្រាប់តែឃើញជនរងគ្រោះ ដេកនៅលើមាត់លូ ដោយមានឈាមហូរពេញផ្ទៃមុខ ហើយជើងទាំងសងខាងបានបាក់ ។ មិត្តរួមការងារបានរាយការណ៍ ប្រាប់សមត្ថកិច្ច និងដឹកជនរងគ្រោះ យកទៅធ្វើការសង្គ្រោះ នៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅភ្លាមៗផងដែរ ៕
Source from: watphnom-news.com























Loading...




Post a Comment