ក្រុងបាងកក ៖ នាយករដ្ឋមន្ត្រីថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បានអំពាវនាវដល់ប្រជាពលរដ្ឋ សុំឲ្យប្រយ័ត្នពាក្យសម្ដី ក្នុងការរិះគន់តុលាការអន្តរជាតិ ដែលបានបកស្រាយសាលដីកា សម្រេចឲ្យភាគីកម្ពុជា ឈ្នះនិងជាម្ចាស់កម្មសិទ្ធិលើផ្ទៃដី ៤,៦គីឡូម៉ែត្រក្រឡា ក្បែរប្រាសាទព្រះវិហារ កាលពីពេលថ្មីៗនេះ ដោយបានបញ្ជាក់ថា ការប្រកាសសាលដីកានោះ គឺជាការផ្ដល់សម្បទាន ឲ្យភាគីថៃទៅវិញទេ។
អ្នកស្រី យីងឡាក់ បានរំលឹកប្រជាពលរដ្ឋថៃថា បក្សប្រឆាំងបានយករឿង ក្ដីក្ដាំប្រាសាទព្រះវិហារ ជាមួយកម្ពុជា ធ្វើជាលេសស្នេហាជាតិ ដើម្បីបម្រើផលប្រយោជន៍ នយោបាយឲ្យបក្សប្រឆាំង តែប៉ុណ្ណោះ ដោយអ្នកស្រីមានប្រសាសន៍ថា ដើម្បីចៀសវាងការភ័ន្តច្រឡំ សុំមេត្តាស្ដាប់ការប្រកាស របស់រដ្ឋាភិបាល។ គណៈកម្មាធិការចម្រុះ នឹងត្រូវបានបង្កើតឡើង ដើម្បីសិក្សាសាលដីកា របស់តុលាការអន្តរជាតិ ហើយនិងធ្វើការពន្យល់ជាសាធារណៈ។
អ្នកស្រី យីងឡាក់ ក៏បានបញ្ជាក់ផងដែរថា អ្នកស្រីនៅមិនទាន់ បានជួបពិភាក្សាជាមួយសមភាគីកម្ពុជា គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឡើយទេ ចាប់តាំងពីតុលាការយុត្តិធម៌អន្តរជាតិ បកស្រាយសាលដីកា រឿងក្ដីប្រាសាទព្រះវិហារ កាលពីថ្ងៃទី១១ ខែវិច្ឆិកា កន្លងមកថ្មីៗនេះ។ មានការកត់សម្គាល់ថា អ្នកនយោបាយថៃ និងប្រជាពលរដ្ឋថៃ មួយចំនួនមិនពេញចិត្ត ចំពោះការបកស្រាយសាលដីកា របស់តុលាការ យុត្តិធម៌អន្តរជាតិទេ ចាប់តាំងពីតុលាការនេះ បានបកស្រាយរឿងក្ដី ផ្ទៃដីបរិវេណក្បែរ ប្រាសាទព្រះវិហារ ឲ្យខ្មែរឈ្នះមក។
បញ្ហានេះបានធ្វើឲ្យប្រជាពលរដ្ឋ នៅតាមព្រំដែនមានការ ព្រួយបារម្ភខ្លាចមានសង្គ្រាម ផ្ទុះឡើងដូចលើកមុនទៀត។ ក៏ប៉ុន្តែ លោក ផៃ ស៊ីផាន បានអះអាងថា នឹងមិនអាចមានសង្គ្រាម ផ្ទុះឡើងដូចមុនទៀតទេ ព្រោះថា នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ គឺកម្ពុជា ថៃ បានប្ដេជ្ញាសហការគ្នាល្អ ដោះស្រាយបញ្ហាដោយសន្តិវិធី មិនប្រើអាវុធ៕
Source from: watphnom-news.com























Loading...




Post a Comment