ខេត្តកណ្ដាល ៖ ក្រុមកម្មករធ្វើស្ពានព្រែកសំរោង បានប្រទះឃើញសពបុរសម្នាក់ ជាប់នឹងបង្គោលកណ្តាល នៃស្ពានឆ្លងកាត់ទន្លេបាសាក់ ក្នុងសភាពហើមរលួយ កាលពីវេលាម៉ោង ១៤និង៣០ នាទីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ហើយសមត្ថកិច្ចក៏បានធ្វើការ អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបាត់សាច់ញាតិ ឬសមាជិកគ្រួសារណាមួយ សូមទំនាក់ទំនងជាមួយ អាជ្ញាធរមូលដ្ឋាន ក្រុងតាខ្មៅ។
សពបុរសរងគ្រោះមានអាយុប្រហែល ២៨ ឆ្នាំ ស្លៀកខោស្លីបពណ៌ខ្មៅ ពាក់អាវយឺតដៃខ្លីពណ៌ស មានពាក់ក្រវិលសងខាងត្រចៀក មានកម្ពស់ ១,៧៣ ម៉ែត្រ សម្បុរខ្មៅស្រអែម នៅកដៃមានចងអំបោះ ពណ៌ក្រហម មានពាក់ខ្សែចង្កេះ។ ជនរងគ្រោះដែលស្លាប់ អណ្តែតទឹកមកទើរ ជាប់ដែកសសរស្ពានព្រែកសំរោង ត្រង់កណ្តាលទន្លេ មិនមានអត្តសញ្ញាណ សម្គាល់ខ្លួនឡើយ ហើយក៏មិនមែនជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ក្រុងតាខ្មៅនេះដែរ។
សមត្ថកិច្ចនគរបាល បានចុះទៅស្រង់យកសាកសព បុរសរងគ្រោះឡើងលើគោក ដើម្បីធ្វើកោសល្យវិច័យ រកមូលហេតុនៃការស្លាប់។ ក្រោយពីពិនិត្យទៅលើសព របស់ជនរងគ្រោះរួចមក សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះបានបាត់បង់ជីវិត ក្នុងរយៈពេល ៣ទៅ៤ ថ្ងៃមកហើយ និងមិនមានស្លាកស្នាមអ្វី គួរឲ្យមានការសង្ស័យឡើយ ហើយជនរងគ្រោះទំនងជា ត្រូវលង់ទឹកស្លាប់ អណ្តែតតាមទឹកហូរ មកទើរនៅចំណុចកើតហេតុ៕
Source from: watphnom-news.com























Loading...




Post a Comment