ខេត្តកណ្តាល ៖ នៅទូទាំងខេត្តកណ្តាល នរណាក៏ស្គាល់មេឈ្មួញ ផាំង គីម ដែលជាមន្ត្រីយោធា ផ្នែកអង្គរក្សពាក់ស័ក្តិ ៥ ជាមនុស្សក្រអឺតក្រទម រកស៊ីដឹកជញ្ជូនត្រី មកពីស្រុកយួន និងប្រមូលទិញត្រីឆ្តោ ដោយខុសច្បាប់ យកមកលក់នៅយឿច្បារអំពៅ គេមិនដែលឃើញ មន្ត្រីជំនាញជលផល ឬសមត្ថកិច្ចពាក់ព័ន្ធហ៊ានក្អកនោះទេ ទុកឲ្យលោក ផាំង គីម ធ្វើអ្វីៗតាមតែទំនើងចិត្ត ហើយគេមិនដឹងថា ក្នុងមួយខែៗ ឬការដឹកជញ្ជូនត្រីមួយជើងៗ លោក ផាំង គីម បានបង់លុយឲ្យជំ នាញជលផលរបស់លោក ឃ្លាំង វណ្ណធុល និងលោក សេង ធីម ចំនួនប៉ុន្មាននោះទេ ទើបអ្វីៗចេះតែដំណើរការ ដោយរលូនល្អ ។
ភាពអនាធិបតេយ្យ នៃការចិញ្ចឹមត្រីឆ្តោ របស់ឈ្មួញធំៗ ដូចជាឈ្មោះ ហុង នៅវាលទួលក្រសាំងជាង ២០ ម៉ឺនក្បាល និងការចិញ្ចឹមត្រីឆ្តោ របស់មេឈ្មួញ ផាំង គីម នៅឃុំសិត្បូ ចំនួន ១០ ម៉ឺនក្បាល ដែលជាប្រភពនៃការបង្កើត ឲ្យមានបទល្មើសនេសាទ ដូចជាការដាក់ស្បៃមុង សៃយ៉ឺន ចាប់យកត្រីតូចៗយកទៅធ្វើជានុយ សម្រាប់ការចិញ្ចឹមត្រីឆ្តោខុសច្បាប់ ក្នុងមួយថ្ងៃៗរាប់សិបតោន មិនដែលមានការបង្ក្រាបទេ ព្រោះជំនាញជលផលបានអះអាងថា ត្រូវរង់ចាំគោលការណ៍ របស់សាលាខេត្ត។ មកដល់ម៉ោងនេះ លោក ផាំង គីម ជាដើមនៅតែមាន សិទ្ធិអំណាចក្នុងការ ចិញ្ចឹមត្រីឆ្តោខុសច្បាប់ជាង ១០ ម៉ឺនក្បាល នៅក្នុងភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ស្ថិតនៅក្បែរវត្តកំពូលព្រឹក្ស ឆៀងខាងលិចចម្ងាយប្រមាណ ៥០០ ម៉ែត្រ ហើយបើរំពឹងលើគោលការណ៍ របស់សាលាខេត្ត សម្រាប់ការបង្ក្រាប ស្រះចិញ្ចឹមត្រីឆ្តោនោះ មិនដឹងជាថ្ងៃណាទេ។
ប្រជាពលរដ្ឋមួយចំនួន បានលើកឡើងថា ការបង្ក្រាបបទល្មើស ចិញ្ចឹមត្រីឆ្តោ របស់លោក ផាំង គីម ទំនងជាមិនចាំបាច់ រងចាំគោលការណ៍ ឬបទបញ្ជាមកពីណានោះទេ ព្រោះជំនាញជលផល មានសិទ្ធិពេញលេញ ក្នុងការបង្ក្រាប ការចិញ្ចឹមត្រីឆ្តោខុសច្បាប់ ឬការដឹកជញ្ជូន របស់មេឈ្មួញ ផាំង គីម ព្រោះជាបទល្មើសជាក់ស្តែង ហើយបើរង់ចាំគោលការណ៍ ឬបទបញ្ជាពីថ្នាក់ខេត្ត គេអាចវាយតម្លៃបានថា លោក ផាំង គីម អាចបន្តចិញ្ចឹមត្រីឆ្តោខុសច្បាប់ ហើយចាប់ត្រីយកទៅលក់ តាមទីផ្សារក៏គ្មាននរណា ចេញមុខបង្ក្រាបដែរ ព្រោះគេដឹងថា នៅពេលចាប់ផ្តើម ដាក់កូនត្រីឆ្តោចិញ្ចឹម លោក ផាំង គីម បានរត់ការបង់លុយ ឲ្យមន្ត្រីជំនាញជលផល និងមន្ត្រីពាក់ព័ន្ធ សព្វគ្រប់អស់ហើយ ទើបអ្វីៗអាចដំណើរការ ដោយរលូនល្អបែបនេះ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ស្រះចិញ្ចឹមត្រីឆ្តោធំៗចំនួន ២ កន្លែងរបស់ ផាំង គីម ដែលមានតួនាទីជាអង្គរក្ស នៅក្នុងភូមិកំពង់ព្រីងនោះ មានប្រមាណ ១០ ម៉ឺនក្បាល គ្រាន់តែស៊ីកូនត្រីតូចៗជានុយ ក្នុងមួយថ្ងៃជាង ១តោនកន្លះ ឯណោះ ហើយច្បាស់ណាស់ដែលថា ជំនាញជលផលរបស់លោក ឃ្លាំង វណ្ណធុល ក្តោបក្តាប់ សកម្មភាពល្មើសច្បាប់នេះ បានច្បាស់ដូចថ្ងៃរះ ប៉ុន្តែពួកគេមិនដែល ហ៊ានប៉ះពាល់ទេ ដោយសារតែមានទំនាក់ទំនង ផ្នែកផលប្រយោជន៍នោះឯង។ តាមពិតទៅ លោក ផាំង គីម បានប្រើស្បែកជាអង្គរក្ស ដើម្បីពង្រឹងពង្រីក ឥទ្ធិពលអំណាច ក្នុងការរកស៊ីចិញ្ចឹមត្រីឆ្តោខុសច្បាប់ផង និងការប្រមូលទិញត្រីឆ្តោ នៅទូទាំងខេត្តកណ្តាល យកទៅចែកចាយនៅ យឿច្បារអំពៅផងដែរ។
ពេលខ្លះទៀតលោក ផាំង គីម បាននាំចូលត្រីឆ្តោ និងត្រីរ៉ស់មកពីស្រុកយួន ដែលមានប្រើប្រាស់សារធាតុគីមី ផងដែរ ហើយរាល់ការដឹកជញ្ជូនត្រីខុសច្បាប់ទាំងនោះសុទ្ធតែមានការសែនព្រេនជំនាញជលផល ទើបអ្វីៗអាចមានដំណើរការដោយរលូនល្អ។ លោក ផាំង គីម មិនដែលសូវឃើញ បង្ហាញវត្តមានក្នុងបន្ទាយទេ គឺសកម្មបំផុតក្នុងការ រកស៊ីចិញ្ចឹមត្រីឆ្តោ និងដឹកជញ្ជូនត្រីខុសច្បាប់ ស្ទើរខូងផ្លូវជាតិលេខ២១ ទៅហើយ បើទោះបីជានៅតាមដងផ្លូវនេះ មានប៉ុស្តិ៍ជជុះរបស់សមត្ថកិច្ច និងមន្ត្រីជំនាញច្រើនស្អេកស្កះ ដូចម្រាមដៃក៏ដោយ ក៏គ្មាននរណាហ៊ានប៉ះពាល់ដែរ ចាំតែលាតបាតដៃសុំប្រាក់ ពីលោក ផាំង គីម តែប៉ុណ្ណោះ។
គេចង់ឃើញលោក ផៃ ប៊ុនឈឿន អភិបាលខេត្តកណ្តាល និងលោក អ៊ុក រ៉ាប៊ុន ដែលជារដ្ឋមន្ត្រីក្រសួងកសិកម្ម មេត្តាពិនិត្យមើលភាពអសកម្ម នៃការចិញ្ចឹមត្រីឆ្តោខុសច្បាប់ របស់មេឈ្មួញ ផាំង គីម ឡើងវិញផង ព្រោះប្រជាពលរដ្ឋមួយចំនួន បានបញ្ជាក់ថា ប្រសិនបើមេឈ្មួញធំៗ ដែលរកស៊ីចិញ្ចឹមត្រីឆ្តោខុសច្បាប់ រាប់សែនក្បាលក្នុងមួយរដូវៗ ត្រូវជំនាញជលផលចុះបង្ក្រាបនោះ ពួកគាត់ក៏ឈប់ចិញ្ចឹមត្រីឆ្តោទៀតដែរ ប៉ុន្តែប្រសិនបើឈ្មួញធំៗ អាចចិញ្ចឹមត្រីឆ្តោខុសច្បាប់បាន រឿងអ្វីដែលពួកគាត់ មិនអាចធ្វើបាន ព្រោះមានលុយសូកប៉ាន់ មន្ត្រីជលផលពុករលួយដូចតែគ្នាទេ។ យ៉ាងណាក៏ដោយសកម្មភាព ដែលលោក ផាំង គីម ប្រើស្បែកជាយោធា ទៅរកស៊ីពង្រឹងពង្រីក មុខជំនួញចិញ្ចឹមត្រីឆ្តោខុសច្បាប់ ឬការលួចនាំចូលត្រីឆ្តោពីស្រុកយួន គឺជាភាពគឃ្លើនបំផុត ទៅនឹងសេចក្តីណែនាំរបស់ថ្នាក់លើ៕
Source from: watphnom-news.com























Loading...




Post a Comment