ខេត្ដកំពង់ឆ្នាំង ៖ ក្រុមមន្ដ្រីថ្នាក់អនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យជំនាញ ការិយាល័យកសិកម្មស្រុក មន្ដ្រីរាជការនៅក្នុងមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានធ្វើរបាយការណ៍ ជូនលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រាល់ភាពមិនប្រក្រតី របស់លោក ង៉ាន ណានី ដែលជាប្រធានមន្ទីរ ប្រព្រឹត្ដអំពើពុករលួយ ដែលមានឯកសារច្បាស់លាស់ អាចជាដើមហេតុនាំឱ្យលោក ង៉ាន ណានី ប្រឈម នឹងការដកមុខតំណែង ប្រសិនបើថ្នាក់លើស៊ើបអង្កេតដឹងថា លោក ង៉ាន ណានី បានប្រព្រឹត្ដដូចការចោទប្រកាន់ របស់មន្ដ្រីថ្នាក់ក្រោមមែន ។
នៅក្នុងលិខិតមួយដោយឡែក ក្រុមមន្ដ្រីក៏បានលើកយ៉ាងលម្អិត ដាក់ជូនលោក រដ្ឋមន្ដ្រី អ៊ុក រ៉ាប៊ុន ករណីការលក់ចេញ ស្រូវពូជអន់គុណភាព ក៏ដូចជាការទិញពូជស្រូវថ្មី បញ្ចូលឃ្លាំងវិញ ដើម្បីត្រៀម បម្រុងជួយដល់ប្រជាកសិករ ពេលជួបគ្រោះធម្មជាតិ គឺគ្មានតម្លាភាពទេអ្វីៗ សុទ្ធសឹងជាការរៀបចំសេណារីយ៉ូរបស់លោក ង៉ាន ណានី ឃុបឃិតជាមួយ លោក សំ សុផល ប្រធានការិយាល័យ កសិ-ឧស្សាហកម្ម ក្នុងការចាត់ចែងដោយកំបាំងមុខ និងការត្រូវរ៉ូវគ្នាជាមួយឈ្មួញ ដើម្បីឱ្យសមស្របតាម នីតិវិធីហិរញ្ញវត្ថុតែប៉ុណ្ណោះ ។ ទង្វើរបស់លោក ង៉ាន ណានី បែបនេះបង្ហាញយ៉ាងច្បាស់ថា គាត់មិនបានព្រឺរោមជើង ចំពោះអង្គភាពប្រឆាំងអំពើពុករលួយសូម្បីតែបន្តិច ក៏ព្រោះតែគាត់មានអំនួតថា គ្មាននរណាហ៊ានធ្វើអ្វីគាត់នោះទេ។
លោក ង៉ាន ណានី មានរឿងអាស្រូវពុករលួយយូរមកហើយ ដោយមន្ត្រីរាជការក្រោមឱវាទ ក៏ធ្លាប់បានដាក់ពាក្យបណ្តឹង ចូលមកកាន់អង្គភាពប្រឆាំងអំពើពុករលួយ ទាក់ទិនករណីជាច្រើន ដូចជាការកេងប្រវ័ញ្ចថវិកាអង្គភាព ទៅធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួន ក៏ដូចជាការជិះជាន់ សង្កត់សង្កិនមន្ត្រីក្រោមឱវាទ។ ប៉ុន្តែមកដល់ម៉ោងនេះ អ្វីៗស្ងាត់ឈឹងដូចចោរលួចសេះ បើទោះបីជាគេធ្លាប់ឃើញអង្គភាពប្រឆាំងអំពើពុករលួយ ចុះទៅស្រាវជ្រាវស៊ើបអង្កេត ហើយក្រុមអធិការកិច្ច របស់ក្រសួងកសិកម្ម ក៏ធ្លាប់ចុះទៅប្រមូលព័ត៌មានពីបញ្ហានេះ នៅតែគ្មានចំណាត់ការអ្វីសោះឡើយ មិនដឹងជាថ្នាក់លើគិតយ៉ាងម៉េចទេ ទើបលោក ង៉ាន ណានី មានឱកាសក្រអឺតក្រទមធ្វើអ្វីៗ ផ្គើនទៅនឹងការរិះគន់ របស់មន្ត្រីក្រោមឱវាទ។
ដោយសារមិនអាចទ្រាំទ្របាន នូវអំពើពុករលួយនិងការជិះជាន់ របស់លោក ង៉ាន ណានី គេសង្កេតឃើញមន្ត្រីក្រោមឱវាទ ក្នុងមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ចំនួន ៤៧នាក់ បានធ្វើរបាយការណ៍កម្រាស់ ៨ទំព័រ ដាក់ជូនលោក អ៊ុក រ៉ាប៊ុន ដើម្បីរៀបរាប់ភាពមិនប្រក្រតី អំពើពុករលួយនិងភាពអសកម្ម របស់លោក ង៉ាន ណានី ហើយសុំឲ្យថ្នាក់លើមានដំណោះស្រាយ។ នៅក្នុងរបាយការណ៍ កម្រាស់៨ទំព័រនោះមានរៀបរាប់អំពីចំណុចសំខាន់ៗចំនួន ៧ចំណុច គឺទី១-ពាក់ព័ន្ធនឹងការរំលោភបំពាន លើច្បាប់សហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល ទី២-ការកិបកេងប្រេងឥន្ធនៈ ទី៣-ការកិបកេងថវិកាជាតិ តាមរយៈការលក់ចេញ ពូជស្រូវគ្មានគុណភាព និងទិញពូជស្រូវ បញ្ចូលឃ្លាំងវិញ ទី៤-ការកោសរូសទារប្រាក់ ពីមន្ត្រីតាមរយៈការតែងតាំង មុខតំណែងការដំឡើងឋានៈ ទី៥-ការប្រមូលថវិកាពីមន្ត្រី ដែលកាន់គម្រោងផ្តាសាយបក្សី ទី៦-ការដកថវិកាពីបេឡាករមន្ទីរ ដើម្បីជាផលប្រយោជន៍ផ្ទាល់ខ្លួន និងទី៧-ការប្រមាថមាក់ងាយលើស្ត្រីភេទ ជាមន្ត្រីក្រោមឱវាទ។
របាយការណ៍បានបញ្ជាក់ទៀតថា អំពើពុករលួយរបស់លោក ង៉ាន ណានី កន្លងទៅក្រុមការងារពិសេស របស់ក្រសួងកសិកម្មកាលពីជំនាន់លោក ច័ន្ទ សារុន ធ្វើជារដ្ឋមន្ត្រី បានចុះទៅសាកសួរស្រាវជ្រាវ និងប្រមូលឯកសារពាក់ព័ន្ធមួយចំនួនធំ ប៉ុន្តែមកដល់ពេលនេះ ស្ងាត់សូន្យឈឹងមិនទាន់មានដំណោះស្រាយណាមួយទេ ទើបបានជាលោក ង៉ាន ណានី ចេះតែមានឱកាសប្រព្រឹត្ត អំពើពុករលួយមិនខ្វល់ពី ការកែទម្រង់របស់រដ្ឋាភិបាល។ បញ្ហាពូជស្រូវក៏ជារឿងរសើបបំផុត និងជាបញ្ហាប្រឈមរបស់លោក ង៉ាន ណានី ព្រោះថាបច្ចុប្បន្ននេះ មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ពុំមានសន្និធិពូជស្រូវ ត្រៀមបំរុងក្នុងឃ្លាំងទេ ។
មន្ត្រីបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំក្រសួងកសិកម្ម តែងតែបានទម្លាក់ថវិកាឲ្យមកមន្ទីរ ទិញពូជស្រូវសម្រាប់ត្រៀមបំរុង ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះមហន្តរាយផ្សេងៗ ចំនួន ១០០តោន ប៉ុន្តែដោយសារតែការឃុបឃិត ជាមួយឈ្មួញ លោក ង៉ាន ណានី បានលក់ចេញនូវពូជស្រូវ ដែលអន់គុណភាព ហើយការប្តូរទិញពូជស្រូវថ្មី បញ្ចូលឃ្លាំង ក៏ជួបនូវបញ្ហារាំងស្ទះ ព្រោះអ្នកម៉ៅការផលិតពូជស្រូវ មិនបានអនុវត្តន៍តាមបច្ចេកទេស និងគ្មានគណៈកម្មការ ចុះទៅត្រួតពិនិត្យ នាំឲ្យពូជស្រូវដែលត្រូវទិញបញ្ចូលឃ្លាំង មានភាពចម្រូងចម្រាស គណៈកម្មការ និងអ្នកបច្ចេកទេស មិនទទួលស្គាល់ព្រោះស្រូវ ដែលអ្នកម៉ៅការប្រមូលទិញ មកធ្វើជាស្រូវពូជនោះ គេដឹងថាជាស្រូវចំណីចម្រុះប៉ុណ្ណោះ។
លើសនេះទៅទៀត លោក ង៉ាន ណានី បានបើកថវិកាឲ្យទៅអ្នកម៉ៅការ ផលិតពូជស្រូវដោយពុំមានការឯកភាព ពីគណៈកម្មការ ឬធ្វើតាមកិច្ចសន្យានោះទេ ដោយដើរតួជាប្រធានមន្ទីរផង ជាប្រធានគណៈកម្មការផង ជាគណនេយ្យផង និងជាបេឡាផង ហើយការទិញពូជស្រូវនេះ លោក ង៉ាន ណានី កាន់លុយដោយខ្លួនឯង គ្មានតម្លាភាព។ ក្រុមការងាររបស់ក្រសួង ក៏បានចុះមកពិនិត្យ និងសម្របសម្រួលករណីទិញពូជស្រូវ គ្មានគុណភាពបញ្ចូលឃ្លាំង ហើយបានបញ្ជាឲ្យអ្នកម៉ៅការ ផលិតស្រូវគោរពតាមកិច្ចសន្យា ដោយត្រូវបង្វិលថវិកា ៧០ភាគរយមកមន្ទីរវិញ ប៉ុន្តែលោក ង៉ាន ណានី បែរជាមើលស្រាលចំពោះការណែនាំរបស់ក្រសួង តាមរយៈការបន្តឃុបឃិតរកលេស ដើម្បីការពារអ្នកម៉ៅការ ទិញពូជស្រូវ។
ក្រៅពីបញ្ហាពូជស្រូវដែលជារឿងរសើបនោះ លោក ង៉ាន ណានី ក៏បានប្រព្រឹត្តអំពើខុសឆ្គងជាច្រើនទៀត ដូចជាការរំលោភបំពាន លើច្បាប់សហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល តាមរូបភាពដែលលោក ង៉ាន ណានី បានយកសិទ្ធិអំណាចរបស់ខ្លួន គាបសង្កត់លើមន្ត្រីរាជការក្រោមឱវាទ ក្នុងការបង្កកការដំឡើងកាំប្រាក់បៀវត្សរ៍ មន្ត្រីរាជការ នៅក្នុងអង្គភាពមួយចំនួនរយៈពេល ៤ទៅ៥ ឆ្នាំ ដោយគិតថា មន្ត្រីទាំងនោះប្រឆាំងការដឹកនាំរបស់គាត់ ប៉ុន្តែសម្រាប់មន្ត្រីដទៃទៀត ដែលធ្វើការងារនៅក្រៅអង្គភាពជាច្រើនឆ្នាំ នៅតែមានមុខមកបើកប្រាក់ខែ យកទៅចែកជូនលោក ង៉ាន ណានី យ៉ាងអយុត្តិធម៌បំផុត។
មិនថាក្នុងអង្គភាព ឬ ក្រៅអង្គភាពទេ លោក ង៉ាន ណានី តែងតែឆ្លៀតឱកាសប្រព្រឹត្តអំពើពុករលួយ ដូចជាករណីបញ្ចេញប្រេង ទៅអន្តរាគមន៍បូមទឹកសង្គ្រោះ ប្រជាកសិករដែលជួបគ្រោះរាំងស្ងួត ប៉ុន្តែប្រេងទាំងនោះ ការពិតមិនបានធ្លាក់ដល់ដៃកសិករទេ គឺធ្លាក់នៅក្នុងដៃលោក ង៉ាន ណានី គ្រប់គ្រងដោយខ្លួនឯង ហើយមួយចំនួនតូចបានទម្លាក់ ទៅការិយាល័យកសិកម្មតាមស្រុក ជាមធ្យោបាយធ្វើឯកសារក្លែងក្លាយ ទូទាត់មកមន្ទីរវិញ ឲ្យត្រូវនឹងនីតិវិធី។ នៅក្នុងរបាយការណ៍ របស់មន្ត្រីតូចតាចទាំង ៤៧នាក់ បានទទូចសុំឲ្យលោក អ៊ុក រ៉ាប៊ុន ចាត់វិធានការស៊ើបអង្កេត អំពើពុករលួយរបស់លោក ង៉ាន ណានី ឡើងវិញផង៕
Source from: watphnom-news.com























Loading...




Post a Comment